ក្រសួងអប់រំ យុវជន និងកីឡា អង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (ខេប ឬ KAPE) និងក្រុមហ៊ុន Meta បានប្រកាសដាក់ដំណើរការកម្មវិធីសិក្សាអក្ខរកម្មឌីជីថលថ្មី ដើម្បីលើកកម្ពស់ជំនាញឌីជីថលនៅក្នុងវិស័យអប់រំ និងក្នុងចំណោមសិស្សានុសិស្សកម្ពុជា។ កម្មវិធីអក្ខរកម្មឌីជីថលថ្មីនេះ បានសម្ពោធដាក់ឱ្យប្រើប្រាស់ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ នៅសណ្ឋាគារ ហៃយ៉ាត។
ក្រសួងអប់រំ អង្គការ KAPE និងក្រុមហ៊ុន Meta កំពុងធ្វើការរួមគ្នា ដើម្បីដាក់ដំណើរការកម្មវិធីអក្ខរកម្មឌីជីថលថ្មីមួយ ដែលមានឈ្មោះថា កម្មវិធីអក្ខរកម្មឌីជីថលខ្មែរ (Khmer Digital Literacy Programme) ។ កម្មវិធីនេះ ត្រូវបានដាក់ឱ្យបង្រៀននៅសាលាជំនាន់ថ្មីចំនួន ៦ ដែលបានជ្រើសរើសគ្រូបង្គោលចំនួន ១២នាក់ មកពីសាលាជំនាន់ថ្មី ដើម្បីទទួលការបណ្តុះបណ្តាលនៅក្នុងកម្មវិធីអក្ខរកម្មឌីជីថលខ្មែរ។
លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា សិក្ខាសាលាបណ្តុះបណ្តាលគ្រូបង្គោល រួមបញ្ចូលគ្នានូវកម្មវិធីសិក្សា ព័ត៌មានវិទ្យា ដែលមានស្រាប់នៅក្នុងសាលាជំនាន់ថ្មី និងកម្មវិធី We Think Digital នឹងផ្តល់ជូនគ្រូបង្គោល នូវចំណេះដឹង ដើម្បីបង្រៀនក្នុងកម្មវិធីបណ្តុះបណ្តាលអក្ខរកម្មនេះ ដល់សិស្សនៅតាមសាលាគោលដៅ។
លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។ រូបភាព៖ ញឹក សំអូន
រដ្ឋលេខាធិការក្រសួងអប់រំ បានបន្តថា កម្មវិធីបណ្តុះបណ្តាលនេះ មានគោលបំណងផ្តោតលើអ្នកដែលទើបនឹងប្រើប្រាស់អ៊ីនធឺណិត ក៏ដូចជាអ្នកដែលចង់លើកកម្ពស់ជំនាញឌីជីថលដែលមានស្រាប់។ សាលាជំនាន់ថ្មីចំនួន៦ (NGS) ត្រូវបានជ្រើសរើសសម្រាប់ដាក់ដំណើរបង្រៀនកម្មវិធីនេះ។
លោកស្រី គឹម សេដ្ឋានី បានបញ្ជាក់ថា ៖«ខ្ញុំរង់ចាំមើល លទ្ធផលរបស់កម្មវិធីអក្ខរកម្មឌីជីថលខ្មែរ ថាតើកម្មវិធីនេះនឹងផ្តល់លទ្ធផលជាវិជ្ជមានដល់សិស្ស និងគ្រូរបស់យើងកម្រិតណា? វគ្គបណ្តុះបណ្តាលនេះ នឹងផ្តល់ជូនសាលារៀននូវជំនាញចាំបាច់ ដើម្បីភាពរីកចម្រើនក្នុងយុគសម័យឌីជីថល ហើយយើងរង់ចាំមើលការលូតលាស់ និងភាពជោគជ័យរបស់ពួកគេ»។
បើតាមលោកស្រី គឹម សេដ្ឋានី កម្មវិធីអក្ខរកម្មឌីជីថលខ្មែរ មានរយៈពេល៦ខែ ដោយគ្រោងចាប់ផ្តើមនៅខែមេសា ដល់ខែកញ្ញា ឆ្នាំ២០២៣នេះ។ អំឡុងពេលសិក្សា ៦ខែនេះ ក្រសួងអប់រំ អង្គការ KAPE និងក្រុមហ៊ុន Meta សង្ឃឹមថា គ្រូបង្គោលទាំង១២នាក់ នឹងចែកចាយបន្ត និងបង្រៀនចំណេះដឹង ដែលទទួលបានដល់សិស្សចំនួន ៣ ០០០ ទៅ ៥ ០០០នាក់ ជាមួយនឹងជំនាញ និងចំណេះដឹងឌីជីថល ដែលពួកគេអាចប្រើប្រាស់ជាក់ស្តែង។
លោក ហ៊ិន ស៊ីមហួន នាយករងប្រតិបត្តិអង្គការ KAPE មានប្រសាសន៍ថា គោលដៅរបស់កម្មវិធីអក្ខរកម្មឌីជីថល គឺដើម្បីផ្តល់ជូនចំណេះដឹង និងសមត្ថភាពដែលប្រជាពលរដ្ឋ ត្រូវការសម្រាប់ភាពរីកចម្រើនក្នុងយុគសម័យឌីជីថល នាពេលបច្ចុប្បន្ន តាមរយៈការផ្តល់ជូនមនុស្សគ្រប់គ្នា នូវលទ្ធភាពទទួលបានចំណេះដឹងឌីជីថល តាមរយៈកម្មវិធីនេះ។
លោក ហ៊ិន ស៊ីមហួន នាយករងប្រតិបត្តិអង្គការ KAPE។ រូបភាព៖ ញឹក សំអូន
លោក ហ៊ិន ស៊ីមហួន បានបន្តថា អក្ខរាកម្មឌីជីថលខ្មែរ គឺជាកម្មវិធីថ្មីមួយ ដែលជួយដល់សិស្ស ក្នុងការរៀនបែបបច្ចេកវិទ្យា។ លោកថា ការប្រើប្រាស់បច្ចេលវិទ្យានេះ មានទាំងគុណវិបត្តិ និងគុណសម្បត្តិ តែស្ថិតនៅលើការគ្រប់គ្រងពេលវេលា នៃការប្រើប្រាស់របស់បុគ្គលម្នាក់ៗ។ សម្រាប់ក្មេងដែលនៅតូច អាចនឹងប្រើប្រាស់ខុសគោលដៅ តែបើពួកគេប្រើប្រាស់ក្នុងន័យត្រឹមត្រូវ មិនមានផលប៉ះពាល់អ្វីនោះទេ។ សម្រាប់ក្មេងពេញវ័យ ប្រើប្រាស់ក្នុងការសិក្សាស្រាវជ្រាវ ដើម្បីជាជំនួយស្មារតី។
លោក ហ៊ិន ស៊ីមហួន បានបញ្ជាក់ថា៖«ក្រៅពីសាលាជំនាន់ថ្មី នៅពេលរៀនមិនឱ្យប្រើប្រាស់ទូរស័ព្ទទេ ព្រោះធ្វើឱ្យប៉ះពាល់ដល់ការសិក្សា។ តែមតិនោះផ្ទុយ ពីសាលារៀនជំនាន់ថ្មី ព្រោះសាលារៀនជំនាន់ថ្មី មានវិន័យឱ្យសិស្សប្រើ ដើម្បីស្រាវជ្រាវរកមេរៀន។ ប៉ុន្តែពេលធ្វើកិច្ចការគ្រូដាក់ឱ្យចប់ មិនអាចលេងដោយសេរីទេ»។
បើតាមនាយករងប្រតិបត្តិអង្គការKAPE បានមើលឃើញថា បើការបង្រៀនរបស់គ្រូដោយប្រើប្រាស់តែសៀវភៅគោលមួយ គឺមិនទាន់គ្រប់គ្រាន់នោះទេ។ សម្រាប់ លោក ហ៊ិន ស៊ីមហួន គឺគ្រូវត្រូវស្រាវជ្រាវរកឯកសារផ្សេងមកបង្រៀន ដើម្បីទទួលបាននូវគំនិតថ្មី និងធ្វើឱ្យសិស្សទទួលបានចំណេះកាន់តែទូលំទូលាយ។
លោក ហេង ភក្តី ប្រធានគោលនយោបាយសាធារណៈ នៃក្រុមហ៊ុន Meta ប្រចាំប្រទេសកម្ពុជា បានលើកឡើងថា ក្រុមហ៊ុនMeta ជឿថាអក្ខរកម្មឌីជីថលមានសារៈសំខាន់ សម្រាប់មនុស្សគ្រប់គ្នាក្នុងការចូលរួមយ៉ាងពេញលេញនៅក្នុងពិភពឌីជីថល។ ក្រុមហ៊ុននេះ នឹងបន្តភាពជាដៃគូរបស់យើងជាមួយកម្មវិធីនេះ ដើម្បីផ្តល់ជូនពលរដ្ឋកម្ពុជានូវជំនាញដែលត្រូវការ ដើម្បីប្រើប្រាស់អ៊ីនធឺណិតប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។ លោក ហេង ភក្ដី បានបញ្ជាក់ដូច្នេះ៕
លោក ហេង ភក្តី ប្រធានគោលនយោបាយសាធារណៈនៃក្រុមហ៊ុន Meta ប្រចាំប្រទេសកម្ពុជា។