អន្តរជាតិ
រដ្ឋអាជ្ញាកូរ៉េខាងត្បូង ចោទមេដឹកនាំបក្សប្រឆាំងពីបទប្រព្រឹត្តអំពើពុករលួយ
22, Mar 2023 , 5:59 pm        
រូបភាព
រដ្ឋអាជ្ញាកូរ៉េខាងត្បូង នៅថ្ងៃទី២២ ខែមីនា បានចោទមេដឹកនាំបក្សប្រឆាំង លោក Lee Jae-myung ពីបទល្មើសប្រព្រឹត្តអំពើពុករលួយលើការអភិវឌ្ឍ និងទទួលសំណូក ក្នុងអំឡុងពេលធ្វើជាអភិបាលក្រុង Seongnam។

 
ទីបំផុតការិយាល័យរដ្ឋអាជ្ញាតំបន់សេអ៊ូលកណ្ដាល បានចោទលោក Lee Jae-myung មេដឹកនាំបក្សប្រជាធិបតេយ្យ (DP) ដែលជាបក្សប្រឆាំងនៅកូរ៉េខាងត្បូង តែមិនអាចចាប់ខ្លួនលោកបានឡើយ។ បទចោទនោះមានដូចជា បំពានកាតព្វកិច្ច, ទំនាស់ផលប្រយោជន៍, ទទួលសំណូក, ការលាក់បាំងលើការទទួលបា្រក់ពីបទល្មើសព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍក្នុងក្រុង Seongnam និងក្លឹបបាល់ទាត់របស់ក្រុង។ 
 
លោក Lee ដែលជាអភិបាលក្រុង Seongnam នៅចន្លោះឆ្នាំ២០១០ ដល់២០១៨ ​ត្រូវបានចោទពីបទបំពានទំនុកចិត្ត ដែលបង្កឱ្យមានការខូតខាតទ្រព្យសម្បត្តិរដ្ឋាភិបាលក្រុងប្រមាណ ៣៧៥លានដុល្លារ តាមរយៈការអនុម័តគម្រោង Daejang-dong ទៅដៃគូឯកជន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap។ 
 
មិនតែប៉ុណ្ណោះ មេដឹកនាំបក្សប្រឆាំងរូបនេះ ក៏សង្ស័យពីការធ្វើឱ្យបែកធ្លាយរឿងសម្ងាត់នៃក្រុមហ៊ុនអភិវឌ្ឍរបស់ទីក្រុង ឬរដ្ឋាភិបាលទៅដៃគូឯកជននៅក្នុងគម្រោង Daejang-dong និងWirye ផង។ ការបែកធ្លាយនោះ បានធ្វើឱ្យដៃគូឯកជនប្រមូលប្រាក់ចំណូលបានប្រមាណ ៦១៨លានដុល្លារ ពីគម្រោងដ៏ធំក្នុងការកសាងអាផាតមិន។ 
 
ពាក់ព៏ន្ធនឹងបទចោទទទួលសំណូកវិញ លោក Lee ដែលជាប្រធានក្លឹបSeongnam FC ក្នុងពេលជាអភិបាលក្រុង បានទាក់ទាញការបរិច្ចាគពីក្រុមហ៊ុនឯកជនចំនួន៤ ប្រមាណ១០លានដុល្លារ ដើម្បីជាថ្នូរនឹងផលប្រយោជន៍ផ្នែករដ្ឋបាល។ 
 
កន្លងមក មេដឹកនាំបក្សប្រជាធិបតេយ្យរូបនេះ ត្រូវបានរដ្ឋអាជ្ញាសួរដេញដោលចំនួន ៣លើក។ យ៉ាងណាមិញ រាល់ការចោទប្រកាន់ទាំងអស់ ត្រូវបានលោក Lee ច្រានចោល និងចាត់ទុកការស៊ើបអង្កេតទាំងនោះពាក់ព័ន្ធនឹងនយោបាយ ដែលបង្កដោយរដ្ឋបាលរបស់លោកយូន សុកយ៉ល ប្រធានាធិបតីកូរ៉េខាងត្បូង ដើម្បីកម្ចាត់សត្រូវចោល។ 
 
ក្រោយពីរដ្ឋអាជ្ញាបានចោទលោកLee បក្សប្រជាធិបតេយ្យ នៅថ្ងៃទី២២ ខែមីនា នឹងបើកកិច្ចប្រជុំគណៈកម្មាធិការបក្ស ដើម្បីសម្រេចថាតើលើកលែងការព្យួរមេដឹកនាំបក្សរបស់ខ្លួនពីសមាជិកភាពរបស់បក្សឬយ៉ាងណា។ ការសម្រេចនេះ​ គឺផ្អែកទៅតាមធម្មនុញ្ញរបស់បក្ស៕ 
 

Tag:
 កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com