ជាតិ
នាវាល្បាតបារាំង Prairail ចូលសំចតនៅកំពង់ផែព្រះសីហនុ ពីថ្ងៃទី២៤ ដល់ទី២៨ ខែមីនា
23, Mar 2023 , 7:59 am        
រូបភាព
ដោយ: រួបរួម
នាវាល្បាតបារាំងមួយគ្រឿងឈ្មោះ Prairial នឹងចូលសំចតនៅកំពង់ផែក្រុងព្រះសីហនុពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣។ នេះបើសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំងប្រចាំប្រទេសកម្ពុជា ជាមួយនឹងការរំពឹងថា ការចូលសំចតនេះ នឹងជាឱកាសមួយក្នុងការរិតចំណងមិត្តភាពរវាងកងទ័ពបារាំង និងកងទ័ពកម្ពុជា។

 
នាវា Prairial មានមូលដ្ឋាននៅ Papeete  គឺជានាវារបស់កងទ័ពបារាំងនៅប៉ូលីនេស៊ី  ដែលស្ថិតក្រោមការបញ្ជារបស់ឧត្តមនាវីត្រី Geoffroy d’Andigné ។ នាវានេះត្រូវបានប្រើប្រាស់សម្រាប់បំពេញបេសកកម្មផ្សេងៗដូចជាការការពារអធិបតេយ្យនៅតាមតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់បារាំង ឬការផ្តល់ជំនួយដល់ប្រជាជន ឬចូលរួមក្នុងកិច្ចសហប្រតិបត្តិការនានា។ 
 


Prairial មានបណ្តោយប្រវែង៩៤ម៉ែត្រ ហើយមានសមាជិកនាវិកប្រមាណ១០០នាក់ ដោយមានផ្ទុកឧទ្ធម្ភាគចក្រ មួយគ្រឿងប្រភេទ Dauphin។ ជាទូទៅ នាវា Prairial ចូលរួមនៅក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ នៅក្នុងដែនទឹកអន្តរជាតិ និងក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់បណ្តាប្រទេសដែនកោះនៃមហាសមុទ្រប៉ាស៊ីហ្វិក។ 
 
តាមសេចក្តីប្រកាសព័ត៌មានដដែល នាវានេះតែងតែបំពេញបេសកកម្មជាប្រចាំនៅតំបន់អាស៊ី ដើម្បីគូសបញ្ជាក់ អំពីការប្រកាន់ខ្ជាប់របស់បារាំងចំពោះការគោរពច្បាប់អន្តរជាតិ និងសេរីភាពនៃការធ្វើនាវាចរណ៍នៅក្នុងតំបន់រួម។ នៅកម្ពុជា ការចូលសំចតនេះនឹងជាឱកាសផ្លាស់ប្តូរបទពិសោធន៍ ជាពិសេសរវាងទាហានជើងទឹកបារាំង និងកម្ពុជា តាមរយៈការបង្ហាញយុទ្ធសាស្រ្ត និងជំនួបស្និទ្ធស្នាលផ្សេងៗទៀតដូចជាការប្រកួតបាល់ទាត់ជាដើម។ 
 


ការចូលសំចតចុងក្រោយរបស់នាវាបារាំងនៅកម្ពុជាធ្វើឡើងកាលពីឆ្នាំ២០១៦ ហើយការចូលសំចតដែលគ្រោង ធ្វើឡើងកាលពីឆ្នាំ២០២០-២០២១ មិនអាចប្រព្រឹត្តទៅបានដោយសារស្ថានភាពសុខាភិបាល។ ដូច្នេះ ទស្សនកិច្ចរបស់នាវា Prairial គឺជាសញ្ញាថ្មីមួយទៀតនៃភាពរស់រវើកនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ 
 
ស្ថានទូត​បារាំងបាន​បញ្ជាក់ថា ការចូលសំចតរបស់នាវា Prairial ធ្វើឡើងក្នុងក្របខ័ណ្ឌនៃយុទ្ធសាស្រ្តរបស់បារាំងក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ បារាំងក៏ជាប្រទេសអធិបតេយ្យមួយនៅឥណ្ឌូប៉ាស៊ីហ្វិកផងដែរ ព្រោះនៅក្នុងតំបន់នេះ បារាំងមានទឹកដីឯនាយសមុទ្រចំនួន៧ ដោយមានពលរដ្ឋបារាំងរស់នៅចំនួន១,៦លាននាក់ និងយោធាបារាំងចំនួន៧ ០០០នាក់។ ៩៣%នៃតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់បារាំងស្ថិតនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ 
 
ក្រៅពី​ការ​ឆ្លុះ​បញ្ចាំងពីការលើកកម្ពស់​ទំនាក់ទំនង​កម្ពុជា​បារាំង វាក៏ជា​លទ្ធផល​នៃ​ការពង្រឹងទំនាក់ទំនង​រវាង​បារាំងជាមួយ​អាស៊ាន​ផងដែរ ហើយ​បច្ចុប្បន្ន បារាំង ក្លាយទៅជាសមាជិកសង្កេតការណ៍នៅក្នុងក្រុមការងារចំនួនពីរនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM+) ក្នុងនោះមានក្រុមការងារទទួលបន្ទុកសន្តិសុខលំហសមុទ្រ៕
 



រូបទាំងអស់​ផ្តល់​ដោយ​ស្ថានទូតបារាំង​ប្រចាំកម្ពុជា
 

Tag:
 នាវា Prairail
© រក្សាសិទ្ធិដោយ thmeythmey.com