អន្តរជាតិ
ហ្វីលីពីន អនុញ្ញាតឱ្យអាម៉េរិកប្រើមូលដ្ឋានយោធាដែលនៅជាប់សមុទ្រចិនខាងត្បូង 
×![]()
ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr. នៅថ្ងៃទី២២ ខែមីនា បានលើកឡើងថា មូលដ្ឋានទ័ពចំនួន៤ថ្មីដែលអាមេរិកអាចប្រើប្រាស់បាន មានទីតាំងនៅផ្នែកផ្សេងៗគ្នានៅហ្វីលីពីនដែលរួមទាំងមូលដ្ឋានក្នុងខេត្តដែលទល់មុខសមុទ្រចិនខាងត្បូងផងដែរ។
ស្របគ្នានឹងក្ដីបារម្ភចំពោះបញ្ហាសមុទ្រចិនខាងត្បូង ហ្វីលីពីនក៏អនុញ្ញាតឱ្យអាម៉េរិកប្រើប្រាស់មូលដ្ឋានយោធ៤ទៀតបន្ថែមពីលើការចូលប្រើមូលដ្ឋាន៥រួចហើយនោះ។
«មូលដ្ឋានបន្ថែមចំនួន៤ រាយប៉ាយនៅជុំវិញហ្វីលីពីន ហើយខ្លះមាននៅភាគខាងជើង ខ្លះនៅជុំវិញខេត្ត Palawan ខ្លះទៀតមាននៅភាគខាងត្បូង»។ លោក Marcos ប្រាប់អ្នកសារព័ត៌មានបែបនេះអំឡុងការរំលឹកខួបការបង្កើតកងទ័ពហ្វីលីពីន។
ក្រោមកិច្ចព្រមព្រៀង EDCA ហ្វីលីពីនអនុញ្ញាតឱ្យអាមេរិកចូលទៅកាន់មូលដ្ឋានរបស់ខ្លួនសម្រាប់ការ ហ្វឹកហ្វឺនរួមគ្នា ការកសាងគ្រឿងបរិក្ខារដូចជាផ្លូវហោះហើរ កន្លែងផ្ទុកប្រេងឥន្ធនៈ និងលំនៅដ្ឋានយោធា ប៉ុន្តែមិនមែនជាវត្តមានអចិន្ត្រៃយ៍នោះទេ។
លោក Marcos Jr. និយាយទៀតថា ហ្វីលីពីននិងអាមេរិកនឹងប្រកាសអំពីទីតាំងមូលដ្ឋានទ័ពនាពេលឆាប់ៗនេះ ដែលវាជំរុញសមត្ថភាពរបស់ហ្វីលីពីនក្នុងការការពារផ្នែកខាងកើតនៃកោះ Luzon ដ៏ធំបំផុតរបស់ខ្លួន។ កោះ Luzon មានទីតាំងនៅជិតកោះតៃវ៉ាន់បំផុត។
ទាក់ទងរឿងនេះ ក្រសួងការបរទេសចិនបានរំលឹកឡើងវិញពីជំហររបស់ខ្លួនថា ភាគីអាមេរិកកំពុងបង្កើនភាពតានតឹងដោយការពង្រឹងការដាក់ពង្រាយយោធានៅក្នុងតំបន់ ហើយប្រាប់ប្រទេសនានាគួរតែប្រុងប្រយ័ត្ន និងជៀសវាងការត្រូវបានប្រើប្រាស់ដោយអាមេរិក។
«ជាទូទៅយើងជឿថាកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសនានាគួរតែអំណោយផលដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ ហើយមិនគួរមានគោលបំណងទៅលើភាគីទីបី ឬប៉ះពាល់ផលប្រយោជន៍របស់ភាគីទីបីឡើយ»។ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin សង្កត់ធ្ងន់បែបនេះក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃទី២២ ខែមីនា។
ថ្លែងនៅចំពោះមុខកងទ័ពហ្វីលីពីន លោក Marcos Jr. ក៏បញ្ជាក់ពីភាពចាំបាច់ឱ្យមានការប្រុងប្រយ័ត្ន ខណៈដែលការគំរាមកំហែងពីខាងក្រៅចំពោះសន្តិសុខជាតិកាន់តែស្មុគស្មាញ និងមិនអាចទាយទុកមុនបាន៕
© រក្សាសិទ្ធិដោយ thmeythmey.com