ជាតិ
​​​ន​យោ​បាយ​ជាតិ​
ក្រុមមេធាវី អាចចូលជួបលោក កឹម សុខា ហើយ
23, Mar 2023 , 12:59 pm        
រូបភាព
លោក កឹម សុខា ជួបអ្នកគាំទ្រ កាលពីលោក មិនទាន់ត្រូវបានកាត់ទោស។ រូបពីហ្វេសប៊ុក៖ Chan Chen
លោក កឹម សុខា ជួបអ្នកគាំទ្រ កាលពីលោក មិនទាន់ត្រូវបានកាត់ទោស។ រូបពីហ្វេសប៊ុក៖ Chan Chen
ដោយ៖ ទេពញាណ

សហមេធាវី នឹងចូលជួបលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ នៅផ្ទះរបស់លោក នៅព្រឹកថ្ងៃទី២៨ មីនា ឆ្នាំ២០២៣។ នេះបើតាមលោក អាង ឧត្តម មេធាវីម្នាក់របស់លោក កឹម សុខា។



ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ នៅព្រឹកថ្ងៃទី២៣ ខែមីនានេះ លោក អាង ឧត្តម លើកឡើងថា សហមេធាវី នឹងជជែកជាមួយលោក កឹម សុខា ពីការប្តឹងតវ៉ាទៅកាន់សាលាឧទ្ធរណ៍។ លោកមេធាវី បញ្ជាក់ដូច្នេះថា៖«យើង នឹងផ្តល់យោបល់ជូនគាត់ ថាប្តឹងទៅសាលាឧទ្ធរណ៍ ឬមិនប្តឹង បើប្តឹង មានផលអ្វី ហើយបើមិនប្តឹង មានផលអ្វី»។ 
 
សហមេធាវី ទទួលបានការអនុញ្ញាតក្នុងការចូលជួបលោក កឹម សុខា បន្ទាប់ពីលោក កឹម សុខា សរសេរលិខិតដោយខ្លួនឯងទៅកាន់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យការអមតុលាការភ្នំពេញ។ លោកព្រះរាជអាជ្ញា ច្រឹង ខ្មៅ បានចេញលិខិតអនុញ្ញាតតាមការស្នើសុំរបស់លោក កឹម សុខា ហើយក្នុងលិខិតនោះ លោកព្រះរាជអាជ្ញា បានបង្គាប់ឲ្យមន្រ្តីនគរបាល ផ្តល់កិច្ចសហការ និងសម្របសម្រួលឲ្យសហមេធាវី បានចូលជួបលោក កឹម សុខា។ 
 
សូមរម្លឹកថា សហមេធាវី ធ្លាប់ទៅផ្ទះរបស់លោក កឹម សុខា ម្តងរួចមកហើយ ដើម្បីចូលជួបលោក តែត្រូវកម្លាំងសមត្ថកិច្ច ដែលនៅយាមទីនោះ មិនអនុញ្ញាត ក្រោមហេតុផលថា មិនទាន់មានការអនុញ្ញាតពីព្រះរាជអាជ្ញា។ 
 
លោក កឹម សុខា ត្រូវតុលាការភ្នំពេញ ដាក់ទោសឲ្យជាប់ឃុំក្នុងផ្ទះរយៈពេល២៧ឆ្នាំ ពីបទត្រូវរ៉ូវជាមួយបរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ យោងតាមសាលក្រម លោក មិនអាចជួបអ្នកណាទាំងអស់ ក្រៅពីសមាជិកគ្រួសារ។ សាលក្រម កំណត់ថា បើលោក ចង់ជួបអ្នកណាផ្សេងក្រៅពីសមាជិកគ្រួសារ គឺត្រូវសុំការអនុញ្ញាតពីព្រះរាជអាជ្ញាជាមុនសិន៕ 
 

Tag:
 កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com