អន្តរជាតិ
ធនាគារពិភពលោក៖ ការស្ដារអ៊ុយក្រែនឡើងវិញ ត្រូវការលុយ៤១១ពាន់លានដុល្លារ
26, Mar 2023 , 5:29 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
អ៊ុយក្រែន នឹងត្រូវការថវិកាប្រមាណ៤១១ពាន់លានដុល្លារក្នុងរយៈពេល១០ឆ្នាំខាងមុខ ដើម្បីកសាងប្រទេស និងស្តារសេដ្ឋកិច្ចឡើងវិញ។ របាយការណ៍របស់ធនាគារពិភពលោក (WB) ចេញនៅថ្ងៃទី២២ ខែមីនា បានបញ្ជាក់បែបនេះ។ បើតាមធនាគារពិភពលោក គ្រាន់តែការចំណាយលើការសម្អាតកម្ទេចអគារនៅក្នុងក្រុង ដែលត្រូវបានបំផ្លាញត្រូវការប្រមាណ៥ពាន់លានដុល្លារឯណោះ។

 
ជាងរយៈពេល១ឆ្នាំហើយ សង្រ្គាមអ៊ុយក្រែន នៅតែបន្តអូសបន្លាយ និងមិនទាន់មានច្រកចេញ។ បើទោះមានការដាក់សម្ពាធ និងជំរុញឱ្យបញ្ចប់សង្រ្គាម តាមរយៈចរចាក្តី​ កងទ័ពរុស្ស៊ី នៅតែបន្តវាយប្រហារលើអ៊ុយក្រែន។ ដោយសារតែសង្រ្គាមនេះ ហេដ្ឋារចនាសម្ព័ន្ធ មន្ទីរពេទ្យ ផ្ទះប្រជាជនជាច្រើនកន្លែង បានរងការខូចខាត  ស្របពេលប្រជាជនស៊ីវិលជាច្រើនពាន់នាក់ បានបាត់បង់ជីវិត និងជាច្រើនលាននាក់ ត្រូវភៀសខ្លួនរកកន្លែងមានសុវត្ថិភាព។ 
 
តាមរយៈរបាយការណ៍រួមគ្នារវាងរដ្ឋាភិបាលអ៊ុយក្រែន ធនាគារពិភពលោក គណៈកម្មការអឺរ៉ុប និងអង្គការសហប្រជាជាតិ អ៊ុយក្រែន ត្រូវការប្រមាណ ៤១១ពាន់លានដុល្លារ ដើម្បីកសាងប្រទេសឡើងវិញ ដោយចំនួននេះ កើនពី៣៤៩ពាន់លានដុល្លារ ដែលត្រូវបានធនាគារពិភពលោកប៉ាន់ប្រមាណកាលពីខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Al Jazeera។ 
 
«ការកសាងអ៊ុយក្រែនឡើងវិញ ត្រូវការពេល៤ ៥ឆ្នាំ»។ អនុប្រធានធនាគារពិភពលោកទទួលបន្ទុកកិច្ចការនៅអាស៊ីកណ្តាល និងអឺរ៉ុប លោកស្រី Anna Bjerde បានបញ្ជាក់បែបនេះ នៅថ្ងៃទី២២ ខែមីនា។ 
 
របាយការណ៍ដដែលនោះ បានបង្ហាញថា ផ្ទះសម្បែងចំនួន ២លានខ្នង, វិទ្យាស្ថានសុខភាពសាធារណៈចំនួន ៥កន្លែង, និងរថយន្តសង្រ្គោះបន្ទាន់ចំនួន ៦៥០គ្រឿង ត្រូវបានបំផ្លាញ ខណៈប្រជាជនស៊ីវិលប្រមាណ ៩៦៥៥នាក់ បានបាត់បង់ជីវិត ដោយក្នុងនោះមានកុមារចំនួន ៤៦១នាក់។ 
 
គិតមកទល់ពេលនេះ ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន បានធ្វើឱ្យសេដ្ឋកិច្ចអ៊ុយក្រែនមានដំណើរការយឺតយ៉ាវ ក្នុងរយៈពេល ១៥ឆ្នាំ, កាត់បន្ថយផលិតផលក្នុងស្រុកសរុបរបស់អ៊ុយក្រែន ២៩ភាគរយ និងរុញឱ្យប្រជាជនចំនួន ១,៧លាននាក់ ធ្លាក់ទៅក្នុងភាពក្រីក្រ។ 
 
បន្ថែមពីការភៀសខ្លួនរបស់ប្រជាជន សង្រ្គាមនៅអ៊ុយក្រែន បានធ្វើឱ្យតម្លៃស្បៀងអាហារ និងប្រេងហក់ឡើងផងដែរ៕ 
 

Tag:
 អ៊ុយក្រែន
  ធនាគារពិភពលោក
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com