អន្តរជាតិ
យោធាចិនថា បានបណ្ដេញនាវាចម្បាំងអាម៉េរិកចេញពីដែនទឹកនៅសមុទ្រចិនខាងត្បូង តែអាម៉េរិកបដិសេធ
23, Mar 2023 , 8:29 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
យោធាចិន នៅថ្ងៃទី២៣ ខែមីនា បានបញ្ជាក់ថា ខ្លួនបានព្រមាននាវាចម្បាំងអាម៉េរិកឱ្យចេញពីដែនទឹកនៅក្នុងសមុទ្រចិនខាងត្បូង ដែលអាម៉េរិកតែងចាត់ទុកជាសមុទ្រអន្តរជាតិ និងបើកនាវាក្រោមសិទ្ធិសេរីភាពនៃនាវាចរណ៍។ យ៉ាងណាមិញ ភាគីអាម៉េរិក បានអះអាងថា ការលើកឡើងរបស់ចិនមិនត្រឹមត្រូវឡើយ ហើយក៏គ្មានការបណ្តេញនាវាខ្លួនចេញពីដែនទឹកក្នុងសមុទ្រចិនខាងត្បូងដែរ។

 
កន្លងមក ចិន បានចាត់ទុកដែនទឹកប្រមាណ ៩០ភាគរយនៃសមុទ្រចិនខាងត្បូង ជាកម្មសិទ្ធិរបស់ខ្លួន ដោយផ្អែកលើច្បាប់អន្តរជាតិ និងប្រវត្តិសាស្រ្ត។ យ៉ាងណាមិញ ការទាមទារដ៏ធំនេះ បានបង្កឱ្យមានជម្លោះជាមួយរដ្ឋជាច្រើននៅក្នុងតំបន់អាស៊ាន។ ចំណែកអាម៉េរិក មិនមានជាភាគីនៃជម្លោះឡើយ ប៉ុន្តែតែងតែប៉ះពាក្យសម្តីជាមួយចិន ក្រោមការធ្វើនាវាចរណ៍នៃនាវាចម្បាំងរបស់ខ្លួន។ 
 
បញ្ជាការដ្ឋានភូមិភាគខាងត្បូងចិន នៅថ្ងៃទី២៣ ខែមីនា បានបញ្ជាក់ថា នាវាពិឃាដបំពាក់មីស៊ីលប្រដេញអាម៉េរិក USS Milius បានចូលមកក្នុងដែនទឹករបស់ខ្លួនក្បែរប្រជុំកោះប៉ារ៉ាសែល។ ប្រជុំកោះមួយនេះ ក៏ត្រូវបានវៀតណាមទាមទារជារបស់ខ្លួនផង។ 
 
«កងទ័ពចិនរៀបចំកម្លាំងអាកាស និងសមុទ្រ ដើម្បីតាមដាន និងត្រួតពិនិត្យនាវា ដោយផ្អែកទៅតាមច្បាប់ និងព្រមានឱ្យចាកចេញ»។​ លោក Tian Junli អ្នកនាំពាក្យបញ្ជាការយោធាភូមិភាគខាងត្បូង បានបញ្ជាក់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញនៅថ្ងៃទី២៣ ខែមីនា ដោយបន្តថា នាវាចម្បាំងអាម៉េរិក បានចូលមកក្នុងដែនទឹកចិនដោយខុសច្បាប់ ហើយដោយគ្មានការអនុញ្ញាតពីរដ្ឋាភិបាលចិន។ 
 
ត្រង់ចំណុចនេះ យោធាចិន បានចាត់ទុកនាវារបស់អាម៉េរិក ធ្វើឱ្យប៉ះពាល់ដល់សន្តិភាព​ និងស្ថិរភាពក្នុងតំបន់។ 
 
យ៉ាងណាមិញ យោធាអាម៉េរិក បានច្រានចោលការចោទប្រកាន់របស់ចិន។ ក្នុងកិច្ចសម្ភាសជាមួយទីភ្នាក់ងារព័ត៌មាន AFP អ្នកនាំពាក្យបញ្ជាការអាស៊ី-ប៉ាស៊ីហ្វិកអាម៉េរិក បានអះអាងថា នាវា USS Milius ត្រូវបានប្រតិបត្តិដោយផ្អែកលើប្រតិបត្តិការជាប្រចាំ នៅក្នុងសមុទ្រចិនខាងត្បូង និងមិនមានការបណ្តេញណាមួយឡើយ។ 
 
បើតាមអ្នកនាំពាក្យរូបនេះ អាម៉េរិក នឹងបន្តហោះហើរ ធ្វើនាវាចរណ៍ និងប្រតិបត្តិនៅកន្លែងណាក៏ដោយ ដែលច្បាប់អន្តរជាតិអនុញ្ញាត។ 
 
ពាក់ព័ន្ធនឹងបញ្ហាសមុទ្រចិនខាងត្បូងនេះ កន្លងមក ភាគីអាម៉េរិក បានប្រកាសឈរនៅខាងរដ្ឋអាស៊ាន ដែលមានជម្លោះជាមួយចិន។ ជម្លោះក្នុងសមុទ្រចិនខាងត្បូងនេះ មានភាពស្មុគស្មាញ ដោយសារកន្លែងខ្លះ មានភាពត្រួតគ្នា ដែលធ្វើឱ្យពិបាកដោះស្រាយ៕ 
 

Tag:
 ចិន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com