ជាតិ
សេដ្ឋកិច្ច
លោក ស៊ុន ចាន់ថុល ព្រមានពិន័យក្រុមហ៊ុនសង់ច្រកទ្វារព្រំដែនអន្តរជាតិ ស្ទឹងបត់-បានណងអៀន
23, Mar 2023 , 7:59 pm        
រូបភាព
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីសាធារណការ កំពុងថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងដំណើរចុះពិនិត្យវឌ្ឍនភាពការងារសាងសង់អគាររដ្ឋបាលច្រកទ្វារអន្តរជាតិ ស្ទឹងបត់-បានណងអៀន ស្ថិតនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២០ ខែមីនា។ រូបថត៖ MPWT
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីសាធារណការ កំពុងថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងដំណើរចុះពិនិត្យវឌ្ឍនភាពការងារសាងសង់អគាររដ្ឋបាលច្រកទ្វារអន្តរជាតិ ស្ទឹងបត់-បានណងអៀន ស្ថិតនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២០ ខែមីនា។ រូបថត៖ MPWT
ក្រុមហ៊ុនដែលទទួលបន្ទុកសាងសង់ច្រកព្រំដែនអន្តរជាតិ ស្ទឹងបត់-បានណងអៀន នឹងរងការពិន័យពីក្រសួងសាធារណការ និងដឹកជញ្ជូន បើសិនការធ្វើច្រកទ្វារព្រំដែននេះមិនរួចរាល់តាមកាលកំណត់នាអំឡុងខែឧសភា ។ នេះជាការព្រមានរបស់លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីសាធារណការ  ខណៈក្រុមហ៊ុនបានពន្យារពេលនូវការបញ្ចប់ការសាងសង់ម្តងហើយម្តងទៀត។​

 
គម្រោងរៀបចំច្រកទ្វារអន្តរជាតិស្ទឹងបត់ក្រោមកម្ចីពីប្រទេសថៃជាង២៦លានដុល្លារ ត្រូវបានក្រុមហ៊ុនពន្យារពេលសាងសង់ចំនួនពីរលើកមកហើយ ព្រោះតែបញ្ហាជំងឹកូវីដ-១៩ គ្រោះទឹកជំនន់ និងការប្រែប្រួលនៃកិច្ចសន្យា។  បើតាមលោកស៊ុន ចាន់ថុល​ ការពន្យាពេលលើកទីពីរនឹងត្រូវបញ្ចប់នៅដំណាច់ខែឧសភា ឆ្នាំ២០២៣ ប៉ុន្តែសព្វថ្ងៃក្រុមហ៊ុនទើបសម្រេចការសាងសង់បាន៨២ភាគរយប៉ុណ្ណោះ។​
 
ក្រុមហ៊ុន CM Grand Development Co.,Ltd & Tan Kim Eng Co.,Ltd ជាអ្នកទទួលបន្ទុកការសាងសង់ច្រកទ្វារព្រំដែនអន្តរជាតិ ស្ទឹងបត់-បានណងអៀន និងត្រួតពិនិត្យ លក្ខណៈបច្ចេកទេសដោយក្រុមហ៊ុន Team Consulting Engineering and Management PLC។
 
បន្ទាប់ពីបានចុះពិនិត្យវឌ្ឍនភាពការងារសាងសង់អគាររដ្ឋបាលច្រកទ្វារអន្តរជាតិ ស្ទឹងបត់-បានណងអៀន ស្ថិតនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២០ ខែមីនា លោករដ្ឋមន្ត្រីសាធារណការ មិនសង្ឃឹមថាក្រុមហ៊ុនអាចបញ្ចប់គម្រោង​តាមកិច្ចសន្យាឡើយ​ បើទោះបីក្រុមហ៊ុនមានថវិកាគ្រប់គ្រានក្នុងសាងសង់ក៏ដោយ។ លោក ស៊ុន ចាន់ថុល ថ្លែង​ប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះ៖«យើងបានមកមើលឃើញផ្ទាល់ភ្នែក​ហើយ យល់ឃើញថាខែឧសភា ក៏ក្រុមហ៊ុនធ្វើមិនចប់ដែរ ទោះបីមានថវិកាគ្រប់គ្រងសម្រាប់ការសាងសង់ក៏យើងខ្ញុំមិនជឿថា​ធ្វើហើយដែរ»។​
 
ជាមួយគ្នានេះ លោកបានព្រមានផាកពិន័យចំពោះក្រុមហ៊ុនក្រោយទទួលបានដំណឹងថាក្រុមហ៊ុននឹងពន្យារលើការបញ្ចប់គម្រោងសាងសង់ច្រកទ្វារអន្តរជាតិ ស្ទឹងបត់-បានណងអៀននេះជាលើកទីបីក្នុងរយៈពេលជាង៣ខែទៀត។ «កិច្ចសន្យាអនុញ្ញាតឱ្យក្រុមហ៊ុនពន្យារពេលសាងសង់បាន ប៉ុន្តែបើពន្យារពេលច្រើនដងគឺអត់បានទេ ព្រោះតែពន្យារពេលហួសដល់រយៈពេលណាមួយ គឺចូលដល់ការផាកពិន័យហើយ»។​ នេះជាការលើកឡើងរបស់លោក ស៊ុន​ ចាន់ថុល ដោយបានរំឭកថា​ ក្រុមហ៊ុនបានពន្យារពេលសាងសង់លើគម្រោងនេះលើកទីមួយក្នុងរយៈ​១៦៤ថ្ងៃ ក្រោយមកសុំពន្យារពេល២០០ថ្ងៃថែមទៀតដែលនឹងបញ្ចប់នៅថ្ងៃទី៣១ឧសភា ឆ្នាំ២០២៣។​
 
គួរជម្រាបថា គម្រោងរៀបចំច្រកទ្វារអន្តរជាតិស្ទឹងបត់ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ដែល​ភ្ជាប់នឹងការសាងសង់ផ្លូវជាតិលេខ៥ ក្នុងគោលដៅបញ្ចៀសភាពកកស្ទះការចរាចរទំនិញពីច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត។​ លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា ការចរាចរទំនិញរវាងកម្ពុជា-ថៃ នឹងត្រូវធ្វើឡើងតាមច្រកព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀនបន្ទាប់សាងសង់រួច។​ សម្រាប់ការធ្វើដំណើររបស់អ្នកទេសចរ គឺធ្វើឡើងនៅតាមច្រកប៉ោយប៉ែត​ដដែល៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com