ជាតិ
សេដ្ឋកិច្ច
ព្រៃវែង ផលិតស្រូវបានច្រើន តែខ្វះលទ្ធភាពកែច្នៃអង្ករនាំចេញក្រៅប្រទេស
23, Mar 2023 , 9:59 pm        
រូបភាព
រូបតំណាង ស្រូវរបស់កម្ពុជា  ដែលត្រូវបានដឹកទៅប្រទេសវៀតណាម នាពេលកន្លង។ រូបភាពពីមន្ទីរកសិកម្មខេត្តព្រៃវែង។
រូបតំណាង ស្រូវរបស់កម្ពុជា ដែលត្រូវបានដឹកទៅប្រទេសវៀតណាម នាពេលកន្លង។ រូបភាពពីមន្ទីរកសិកម្មខេត្តព្រៃវែង។
ព្រៃវែង បានជាប់ចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេស ក្នុងការផលិតស្រូវបានច្រើនជាងគេ។ ថ្វីបើការផលិតស្រូវក្នុងខេត្តមួយនេះ មានបរិមាណច្រើន តែក៏ជួបបញ្ហាទីផ្សារ និងខ្វះលទ្ធភាពកែច្នៃអង្ករទៅក្រៅប្រទេស។



ខេត្តព្រៃវែង មានផ្ទៃដីកសិកម្ម ប្រមាណ ៣៣៧ ពាន់ហិកតា និងមានពលរដ្ឋធ្វើកសិកម្ម ប្រមាណ៧៨ភាគរយ។ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្មខេត្តព្រៃវែង បានលើកឡើងថា ក្នុងមួយឆ្នាំខេត្តព្រៃវែង អាចផលិតស្រូវបានពី ១,៥ ទៅ ១,៦លានតោន ដែលមានប្រភេទស្រូវ ដូចជា ផ្ការំដួល ម្លិះក្រអូប ជាដើម។ 
  

លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្មខេត្តព្រៃវែង នាសន្និសីទសារព័ត៌មានស្ដីពី «ភាពជោគជ័យក្នុងរយៈពេល៥ឆ្នាំ របស់ខេត្តព្រៃវែង» នៅថ្ងៃទី២២ ខែមីនា ។ 
 
នាសន្និសីទសារព័ត៌មានស្ដីពី «ភាពជោគជ័យក្នុងរយៈពេល៥ឆ្នាំ របស់ខេត្តព្រៃវែង» លោក អ៊ុក សំណាង បានឱ្យដឹងថា ទន្ទឹមនឹងការផលិតបរិមាណស្រូវដ៏ច្រើននេះ ខេត្តព្រៃវែងក៏ជួបបញ្ហាទីផ្សារ និងខ្វះលទ្ធភាពកែច្នៃអង្ករ ព្រោះបច្ចុប្បន្ន មានតែរោងម៉ាស៊ីនកិនស្រូវ ចំនួន ៦ ប៉ុណ្ណោះដែលមានលទ្ធភាពអាចកែច្នៃអង្ករទៅកាន់ទីផ្សារអន្តរជាតិបាន។
 
ប្រធានមន្ទីរកសិកម្មរូបនេះ អះអាងដូច្នេះ៖«ថ្វីដ្បិត តែយើងមានបរិមាណផលច្រើនក៏ពិតមែន តែហេដ្ឋារចនាសម្ព័ន្ធមួយចំនួនត្រូវកសាងក៏ពិតមែន ប៉ុន្តែយើងនៅតែជួបប្រទះ លើបញ្ហាទីផ្សារ និងកែច្នៃ។ ចំពោះមុខនេះ មានតែរោងម៉ាស៊ីនធំៗ ៦រោងម៉ាស៊ីនប៉ុណ្ណោះ មានសក្កានុពល អាចប្រមូលកែច្នៃ អង្ករនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ។ អ៊ីចឹង មិនអាចមានលទ្ធភាពក្នុងការប្រមូលទិញស្រូវអស់ទេ ។ ជាហេតុធ្វើឱ្យស្រូវរបស់យើង បានហូរចេញទៅតាមបណ្ដាប្រទេសជិតខាងជាច្រើនក្នុងមួយឆ្នាំៗ»។
 
គួរជម្រាបថា ក្នុងរយៈពេល៥ឆ្នាំ ២០១៨-២០២២ ខេត្តព្រៃវែង ប្រមូលស្រូវបានចំនួនជាង ៧, ៤៦៥ ១៩៤លានតោន និងទទួលបានចំណូល ១ ២៥០លានដុល្លារ ៕
 

Tag:
 ស្រូវ
© រក្សាសិទ្ធិដោយ thmeythmey.com