ជាតិ
ខេត្តព្រៃវែង មានទា ជាង១,៥លានក្បាល ដែលផលិតស៊ុត បានជិត១លានគ្រាប់ ក្នុងមួយថ្ងៃ
× ខេត្តព្រៃវែង មានសត្វទា ចំនួន ១,៥ លានក្បាល ដែលអាចផលិតពងទា បានជិត១លានគ្រាប់ក្នុងមូយថ្ងៃ សម្រាប់ផ្គត់ផ្គង់ទីផ្សារនៅភ្នំពេញ និងតាមបណ្ដាខេត្តនានា។ នេះបើតាមការឱ្យដឹងពីលោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្មខេត្តព្រៃវែង។
នាសន្និសីទសារព័ត៌មានស្ដីពី «ភាពជោគជ័យក្នុងរយៈពេល៥ឆ្នាំ របស់ខេត្តព្រៃវែង» លោក អ៊ុក សំណាង បានឱ្យដឹងថា ក្រៅពីការធ្វើស្រែ ការចិញ្ចឹមសត្វក៏ជាសក្តានុពលដ៏សំខាន់មួយសម្រាប់ខេត្តព្រៃវែង។ ក្នុងនោះការចិញ្ចឹមទាយកស៊ុត កំពុងទទួលបានផលល្អ មានតម្រូវការទីផ្សារ និងបានជួយជីវភាពដល់ពលរដ្ឋក្នុងខេត្ត។
បើតាមប្រធានមន្ទីរខេត្តព្រៃវែងរូបនេះ សត្វទាចំនួន ១,៥ លានក្បាល ដែលត្រូវបានចិញ្ចឹមនៅខេត្តព្រៃវែង អាចផលិតស៊ុត បានចំនួន ៩៥ម៉ឺនគ្រាប់ក្នុងមួយថ្ងៃ ដោយក្នុងមួយគ្រាប់ អាចលលក់បានតម្លៃ ៤០០រៀល។
លោក អ៊ុក សំណាង បានបន្ថែមថា រដ្ឋបាលខេត្ត និងមន្ទីរកសិកម្ម បានយកចិត្ត និងបណ្ដុះបណ្ដាលដល់កសិករ លើបច្ចេកទេសកសិកម្ម ដើម្បីបង្កើនផលិតភាពកសិកម្មក្នុងខេត្តឱ្យកាន់តែប្រសើរ។ ប្រធានមន្ទីរកសិកម្មខេត្តព្រៃវែង អះអាងដូច្នេះ៖ «ក្នុងរយៈពេលមានបញ្ហាកូវីដ-១៩ និងក្រោយកូវីដ-១៩ នេះ ខេត្តបានយកចិត្តទុកដាក់លើការជួយគាំពារ ដល់ប្រជាពលរដ្ឋក្នុងការចិញ្ចឹម សត្វ ជាពិសេសសត្វដែលមានរយៈពេលខ្លី ដូចជាប្រភេទបក្សី។ អ៊ីចឹងយើងបានយកចិត្តទុកលើការលើកកម្ពស់ និងការជួយគាំពារលើការធ្វើសុជីវសុវត្ថិភាពនានា ដើម្បីបង្កលក្ខណៈឱ្យពលរដ្ឋចិញ្ចឹមបានល្អ»៕
Tag:
កសិកម្ម
ពងទា
ខេត្តព្រៃវែង
© រក្សាសិទ្ធិដោយ thmeythmey.com