សត្វអណ្ដើកហ្លួងចំនួន២០ក្បាលត្រូវបានអង្គការWCS សហការជាមួយ MandaiNature និងរដ្ឋបាលជលផល លែងចូលធម្មជាតិវិញ បន្ទាប់ពីបានថែបំប៉នរហូតគ្រប់អាយុនិងអាចមានលទ្ធភាពរកចំណីខ្លួនឯងបាន។ ការដោះលែងអណ្ដើកជាបន្តបន្ទាប់នេះអាចជាសញ្ញានៃការប្រឹងប្រែងថែរក្សា និងអភិរក្សដើម្បីឱ្យចំនួនពួកវាកើនឡើងនៅក្នុងធម្មជាតិ។
អណ្ដើកទាំង២០ក្បាលនោះត្រូវបានដោះលែងចូលជម្រកធម្មជាតិតាមប្រព័ន្ធព្រែកស្រែអំបិលស្ថិតក្នុងស្រុកស្រែអំបិល ខេត្តកោះកុង នៅថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២៣ ។ លោក សោម ស៊ីថា
ប្រធានគម្រោងអភិរក្សអណ្ដើកហ្លួងនៃអង្គការ WCS បានលើកឡើងថាអណ្តើកទាំងនោះត្រូវបានក្រុមការងារការពារចន្លោះឆ្នាំ២០០៦ ដល់ ២០១៦បន្ទាប់មកទើបបញ្ជូនទៅកាន់មជ្ឈមណ្ឌលអភិរក្សសត្វល្មូនកោះកុងដើម្បីចិញ្ចឹមថែទាំមុននឹងលែងចូលទៅក្នុងទីជម្រកធម្មជាតិវិញ។

អណ្តើកហ្លួង។ រូបភាព៖ អង្គការ WCS
ប្រធានគម្រោងរូបនេះបញ្ជាក់ថា៖ «អណ្ដើកហ្លួងទាំង ២០ក្បាល ដែលលែងថ្ងៃនេះ ត្រូវបានក្រុមអភិរក្សប្រមូលយកក្រោយពីញាស់ពីសម្បុក ត្រូវបានការពារតាមដងព្រែកស្រែអំបិល ក្នុងព្រែកកំពង់សីលា នៅខេត្តកោះកុង និងព្រះសីហនុ»។
លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផលរំលឹកថា ក្នុងឆ្នាំ២០១៩ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានសម្រេចដាក់បញ្ចូលប្រព័ន្ធព្រែកស្រែអំបិលនិងព្រៃលិចទឹកតាមដងព្រែក ក្នុងប្រកាសលេខ១៣៣ ស្ដីពីការបង្កើតតំបន់គ្រប់គ្រងអណ្ដើកហ្លួង ឬអណ្ដើកសរសៃ និងក្រពើត្រី។
ជាមួយគ្នានេះលោកបានសង្កត់ធ្ងន់ថា ៖ « រាល់ការកាប់ទន្ទ្រានព្រៃលិចទឹកតាមដងព្រែកដើម្បីយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនគឺជាទង្វើល្មើសច្បាប់ជលផល។ ជាមួយគ្នានេះ សហគមន៍មូលដ្ឋានគួរជៀសវាងការជួញដូរប្រភេទសត្វដ៏កម្រ»។
លោក SonjaLuz នាយក Mandai Natureយល់ថា ការលែងអណ្ដើកសរសៃបន្ថែមចូលទៅក្នុងទីជម្រកធម្មជាតិជាការបង្ហាញពីជោគជ័យនៃកិច្ចប្រឹងប្រែងអភិរក្សដោយមានការចូលរួមបានយ៉ាងល្អពីគ្រប់ភាគីពាក់ព័ន្ធ។

អណ្តើកហ្លួង។ រូបភាព៖ អង្គការ WCS
ការចូលរួមយ៉ាងសកម្មរបស់អាជ្ញាធរមូលដ្ឋាននិងសហគមន៍ ពិតជាមានសារៈសខាន់ក្នុងការធានាដល់កំណើនប្រភេទនេះនៅក្នុងទីជម្រកធម្មជាតិ។
កន្លងមកអង្គការ WCS និងរដ្ឋបាលជលផលបានសហការគ្នាការពារប្រភេទសត្វអណ្ដើកនេះកុំឲ្យផុតពូជដោយរួមមានកម្មវិធីការពារសម្បុកអណ្ដើកហ្លួងការចិញ្ចឹមថែទាំក្រោយពេលញាស់ ការពង្រឹងការអនុវត្តច្បាប់ ការពិនិត្យតាមដានការទប់ស្កាត់ការជួញដូរខុសច្បាប់ ការអប់រំផ្សព្វផ្សាយនិងការគាំទ្រលើជីវភាពរស់នៅរបស់សហគមន៍។
ទោះបីមានការចូលរួមក្នុងកិច្ចការពារធនធានធម្មជាតិប្រភេទនេះច្រើនឆ្នាំហើយក្តីក៏បញ្ហានៃការនេសាទខុសច្បាប់ ការបាត់បង់ទីជម្រក ការធ្វើអាជីវកម្មខ្សាច់និងការកាប់បំផ្លាញព្រៃលិចទឹកនៅតាមប្រព័ន្ធព្រែកស្រែអំបិល នៅតែមាននៅឡើយ។បញ្ហាទាំងនេះ កំពុងគម្រាមកំហែងដល់ការរស់រាននិងបង្កកំណើតរបស់សត្វប្រភេទកម្រទាំងនេះផងដែរ។
សូមបញ្ជាក់ថា អណ្ដើកសរសៃ ឬ អណ្ដើកហ្លួង បានកត់ត្រាក្នុងបញ្ជីក្រហមរបស់អង្គការIUCN ជាប្រភេទអណ្ដើកជិតផុតពូជបំផុតនិងត្រូវបានចាត់ទុកជាប្រភេទល្មូនតំណាងឲ្យប្រទេសកម្ពុជាដែលកំណត់ក្នុងព្រះរាជក្រិត្យឆ្នាំ២០០៥៕