ជាតិ
សង្គមជាតិ
សម្ដេច ស ខេង ព្រមាន​ការ​បើកអាជីវកម្ម​ជាខែលបិទបាំងសកម្មភាព​ខុស​ច្បាប់ និង​រំលោភសិទ្ធិមនុស្ស​
23, Mar 2023 , 8:59 pm        
រូបភាព
សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ រូបពីក្រសួងមហាផ្ទៃ
សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ រូបពីក្រសួងមហាផ្ទៃ
ភ្នំពេញ៖ សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ)លើកទឹកចិត្តដល់ក្រុមអ្នកវិនិយោគបើកអាជីវកម្ម
ប៉ុន្តែហាមដាច់ខាតធ្វើរឿងខុសច្បាប់នៅពីក្រោយនោះ។

 
ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ ស្ដីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ គ.ជ.ប.ជ ថ្ងៃទី២៣មីនា សម្ដេច ស ខេង បានអំពាវនាដល់ក្រុមហ៊ុនឯកជនទាំងអស់ អនុវត្តតាមច្បាប់ ពិសេសការគោរពសិទ្ធិមនុស្ស។ការទប់ស្កាត់ និងបង្ក្រាបការជួញដូរមនុស្សគឺត្រូវការភាគីក្រុមហ៊ុនឯកជនចូលរួមសហការគ្នា ទើបទទួលបានការលទ្ធផលល្អប្រសើរ។ 
 
សម្ដេច ស ខេង ក៏បានជំរុញឱ្យមានការវិនិយោគនៅកម្ពុជាបន្ថែមផងដែរប៉ុន្តែត្រូវជៀសវាងការធ្វើអាជីវកម្មខុសច្បាប់។ «យើងលើកទឹកចិត្តឱ្យមានការវិនិយោគនិងធ្វើអាជីវកម្ម ប៉ុន្ដែមិនមែនបើកអាជីវកម្ម ដើម្បីខែល និងបិទបាំងដើម្បីឱ្យសកម្មភាព ខុសច្បាប់ ការជួញដូរមនុស្ស ការរំលោភសិទ្ធិមនុស្សដោយជ្រកក្រោមស្លាកអាជីវកម្មស្របច្បាប់នោះទេ»។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃសង្កត់ធ្ងន់បែបនេះ។ ជាមួយគ្នាដែរសម្ដេចបន្ថែម ត្រូវរួមគ្នាធ្វើយ៉ាងណាកុំឱ្យកម្ពុជាមានឈ្មោះជាប្រទេសដែលត្រូវបានគេយកធ្វើជាជម្រក នៃការជួញដូរមនុស្ស។
 
ទន្ទឹមនឹងនេះ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ. បានបង្ហាញបាយការណ៍លទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្នុងឆ្នាំ២០២២។ នៅឆ្នាំ២០២២សមត្ថកិច្ចបង្ក្រាបបាន១៦៦ករណី ធៀបនឹងឆ្នាំ២០២១ មាន៣៥៩ករណី។
 
ចំពោះ ការឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅសាលាដំបូង ពីករណីជួញដូរមនុស្សនេះ គឺមាន២០២នាក់ ក្នុងនោះជនសង្ស័យជាជនបរទេសចំនួន៣៣នាក់។ ចំណែក ការជួយសង្គ្រោះជនរងគ្រោះគឺមាន៣៥៨នាក់ ក្នុងនោះស្រីរហូតដល់២៦៥នាក់៕ 
 
 
 

Tag:
 ជួញដូរមនុស្ស
© រក្សាសិទ្ធិដោយ thmeythmey.com