កីឡាអន្តរជាតិ
អន្តរជាតិ
ការសិក្សា៖ ព័រទុយហ្កាល់មាន៩៦ភាគរយបានកៅអី Euro 2024 ខណៈអង់គ្លេសនិងអ៊ីតាលីមានភាគរយប្រហែលគ្នា
23, Mar 2023 , 10:29 pm        
រូបភាព
យ៉ាងហោចណាស់ ៤ក្រុមនៅតំបន់អឺរ៉ុបមានភាគរយទៅកាន់ព្រឹត្តិការណ៍ Euro 2024 ជាមួយភាគរយខ្ពស់បំផុតជាង ៩០ភាគរយ ខណៈដែលព័រទុយហ្កាល់ជាក្រុមនាំមុខគេបង្អស់។ នេះបើតាមការវិភាគរបស់ក្រុមហ៊ុនទិន្នន័យ និងបច្ចេកវិទ្យាដ៏ធំប្រចាំអាម៉េរិក Gracenote នៅថ្ងៃទី២២ ខែមីនា ដែលធ្វើឡើង មុនការប្រកួតជម្រុះពានរង្វាន់អឺរ៉ុបមកដល់។



ការសិក្សានោះនិយាយថាព័រទុយហ្កាល់ដែលជាក្រុមម្ចាស់ជើងឯក Euro 2016 មានភាគរយខ្ពស់ជាងគេបង្អស់ដល់ទៅ ៩៦ភាគរយ ក្នុងការត្រួសត្រាយផ្លូវទៅកាន់ការប្រកួតព្រឹត្តិការណ៍ Euro 2024 តាមពីក្រោយដោយស្វ៊ីស, ក្រូអាស៊ី និងអេស្ប៉ាញ ដែលមានឱ្យកាសចំនួន ៩០ភាគរយដូចគ្នា។
  


ការប្រកួតវគ្គជម្រុះជុំដំបូងនៃដំណើរឆ្ពោះទៅកាន់ Euro 2024 នៅប្រទេសអាល្លឺម៉ង់ បានបែងចែកការប្រកួតក្រុមទាំងអស់ក្នុងតំបន់អឺរ៉ុបទៅជា ១០ពូល ដោយក្រុមឈ្នះតំណែងកំពូលតារាងលេខ ១ និងលេខ២ ឈ្នះកៅអីស្វ័យប្រវត្តិទៅជុំចុងក្រោយ Euro 2024។ អាល្លឺម៉ង់ដែលជាម្ចាស់ផ្ទះរៀបចំការប្រកួតជាក្រុមដំបូងគេដែលទទួលបានកៅអីស្វ័យប្រវត្តិ។
 
បច្ចុប្បន្នព័រទុយហ្កាល់បានផ្លាស់មកស្ថិតក្រោមការដឹកនាំរបស់លោក Roberto Martinez ដែលជាអតីតគ្រូបង្វឹកបែលហ្ស៊ិក ក៏ស្ថិតក្នុងចំណោមក្រុមដែលត្រូវប្រកួតជម្រុះជុំដំបូងនេះដែរ។ ព័រទុយហ្កាល់ស្ថិតក្នុងពូល J ដែលរួមមានក្រុមបូស្ន៊ី, អ៊ីស្លង់, លុចសំបួ, ស្លូវ៉ាគី និងលិចតិនស្តាញ។
 
តាមការសិក្សាយរបស់ Gracenote ក្រុមបែលហ្ស៊ិក, ដាណឺម៉ាក, ហូឡង់, ប៉ូឡូញ, ស៊ែប៊ី, បារាំង, សាធារណៈរដ្ឋឆែក, អ៊ីតាលី, អង់គ្លេស, ហុងគ្រី, ស៊ុយអែត, វែលស៍, ស្លូវេនី, ន័រវែស, រូម៉ានី និងបូស្ន៊ី សុទ្ធសឹងតែជាក្រុមដែលត្រូវបានគេរំពឹងថាជាប់ក្នុងចំណាត់ថ្នាក់ក្រុមកំពូលទាំងពីរ នៃពូលនីមួយៗ។
 
ក្រុមការពារតំណែងជើងឯកឆ្នាំ ២០២០ អ៊ីតាលី និងក្រុមជើងឯករងឆ្នាំ ២០២០ អង់គ្លេសស្ថិតក្នុងពូលជាមួយគ្នា នឹងក្លាយជាជំនួបដ៏ធំរវាងក្រុមទាំងពីរ ខណៈមានការចូលរួមពីក្រុមអ៊ុយក្រែន, ម៉ាល់ត៍, ម៉ាសេដ្វានខាងជើង។ អ៊ីតាលីនឹងត្រូវស្វាគមន៍ក្រុមអង់គ្លេសនាការប្រកួតដំបូងនេះនៅថ្ងៃទី២៣ មីនា ក្នុងទីក្រុង Naples។
 
ស្ថិតក្នុងពូលជាមួយគ្នា ម៉ាសេដ្វានខាងជើង ក៏ជាក្រុមដែលអ៊ីតាលីរំពឹងចង់ជួប ព្រោះតែការខកចិត្តមិនបានឈានជើងលេង World Cup 2022 នៅកាតា កើតឡើងដោយសារតែអ៊ីតាលីប្រកួតចាញ់ក្រុមម៉ាសេដ្វានខាងជើងក្នុងវគ្គជម្រុះ Play-Off ដណ្តើមកៅអី World Cup។ កាលនោះក្រោយឈ្នះអ៊ីតាលី ក្រុមម៉ាសេដ្វានខាងជើងឡើងទៅប៉ះព័រទុយហ្កាល់ ហើយត្រូវព័រទុយហ្កាល់ដណ្តើមយកកៅអីវគ្គផ្តាច់ព្រ័ត្រ World Cup នៅកាតាបាន។
 
ក្រុមហូឡង់, ក្រូអាស៊ី, អេស្ប៉ាញ, អ៊ីតាលី, អ៊ីស្រាអែល, បូស្ន៊ី, ស៊ែប៊ី, ស្កុតឡែន, ហ្សកហ្ស៊ី, ក្រិក, តួកគី និងកាហ្សាក់ស្ថាន ​ជាក្រុមដែលអាចនឹងត្រូវបន្តលេងនៅវគ្គ Play-Off សម្រាប់ដណ្តើមកៅអី ៣ចុងក្រោយទៅកាន់ Euro 2024 ប្រសិនបើពួកគេមិនអាចឆ្លងផុតវគ្គជម្រុះជុំដំបូងនេះ។ នេះបើតាមការសិក្សារបស់ Gracenote។
ខាងក្រោមនេះជាក្រុមដែលមានភាគរយខ្ពស់បំផុតដែលនឹងអាចឆ្លងទៅកាន់ជុំចុងក្រោយ ​Euro 2024៖
 
១. ព័រទុយហ្កាល់ ៩៦ភាគរយ
២.ស្វ៊ីស ៩០ភាគរយ
៣.ក្រូអាស៊ី ៩០ភាគរយ
៤.អេស្ប៉ាញ ៩០ភាគរយ
៥.បែលហ្ស៊ិក ៨៨ភាគរយ
៦.ដាណឺម៉ាក ៨៨ភាគរយ
៧.ហូឡង់ ៨៧ភាគរយ
៨.ប៉ូឡូញ ៨៦ភាគរយ
៩.ស៊ែប៊ី ៨៦ភាគរយ
១០.បារាំង ៨៦ភាគរយ
១១.សាធារណរដ្ឋឆែក ៨២ភាគរយ
១២.អ៊ីតាលី ៧៨ភាគរយ
១៣.អង់គ្លេស ៧៧ភាគរយ
១៤.ហុងគ្រី ៧៤ភាគរយ
១៥.ស៊ុយអែត ៥៨ភាគរយ
១៦. វែលស៍ ៥៣ភាគរយ
១៧.ស្លូវេនី ៤៦ភាគរយ
១៨.ន័រវែស ៤៤ភាគរយ
១៩.រូម៉ានី ៤២ភាគរយ
២០.បូស្ន៊ី ៤០ភាគរយ៕
 
 

Tag:
 Euro 2024
  Portugal
© រក្សាសិទ្ធិដោយ thmeythmey.com