កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
សាលាត្រូវសម្រាក២៩ថ្ងៃអំឡុងស៊ីហ្គេម តែអាចរៀបចំអនឡាញ និងផ្ទាល់តាមតម្រូវការជាក់ស្តែង 
×![]()
ក្រសួងអប់រំ យុវជន និងកីឡានៅថ្ងៃទី២៣ ខែមីនា ចេញសេចក្តីជូនដំណឹងដល់ស្ថាប័នអប់រំទាំងរដ្ឋ និងឯកជនគ្រប់កម្រិតឲ្យឈប់សម្រាក អំឡុងពេលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២។ វិស្សមកាលធំនេះចាប់ផ្តើមពីថ្ងៃទី២០ ខែមេសា ដល់ថ្ងៃទី១៨ ខែឧសភា។ នៅថ្ងៃដដែល លោករដ្ឋមន្ត្រីហង់ជួន ណារ៉ុន បានចេញលិខិតមួយទៀត ដោយបញ្ជាក់ថា ការបង្រៀន ការរៀន ឬការប្រឡងនានា នៅតែអាចរៀបចំតាមអនឡាញឬក្នុងថ្នាក់ផ្ទាល់ ទៅតាមតម្រូវការជាក់ស្តែង ឬកម្មវិធីចាំបាច់ណាមួយ។
យោងទៅលើសេចក្ដីប្រកាសរបស់ក្រសួងអប់រំយុវជន និងកីឡា ចុះថ្ងៃពុធ ទី២២ ខែមីនា បញ្ជាក់ថា គ្រឹស្ថានអប់រំនិងសេវាអប់រំកុមារតូចៗ, គ្រឹះស្ថានបឋមសិក្សា, គ្រឹះស្ថានមធ្យមសិក្សាចំណេះដឹងទូទៅ,អប់រំបច្ចេកទេសផ្នែកសាធារណៈ និងគ្រឹះស្ថានឧត្តមសិក្សាទាំងរដ្ឋនិងឯកជន ត្រូវអនុវត្តវិស្សមកាលធំ ចាប់ពីថ្ងៃទី២០ ខែមេសា ដល់ថ្ងៃទី១៨ ខែឧសភា។
បន្ទាប់មក លោករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ក៏បានសរសេរលិខិតមួយទៀតជម្រាបទៅសាកលវិទ្យាធិការ នាយកនៃគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជន រួមទាំងប្រធានមន្ទីររាជធានី-ខេត្ត ដោយបញ្ជាក់ថា ក្រសួងអនុញ្ញាតឲ្យបុគ្គលិកអប់រំ បុគ្គលិកស្ថាប័ននានា សិស្សានុសិស្ស និស្សិត ឈប់សម្រាក់ ដើម្បីអាចចូលរួមចំណែកស្ម័គ្រចិត្ត តាមការចាត់តាំងណាមួយ ដែលគាំទ្រដល់ព្រឹត្ដិការណ៍អន្ដរជាតិនេះ ក្នុងនាមជាម្ចាស់ផ្ទះ។
ក្រសួងអប់រំ យុវជន និងកីឡា ក៏អនុញ្ញាតឲ្យបង្រៀន តាមប្រព័ន្ធអនឡាញ, ការប្រឡង ឬការបង្រៀនក្នុងថា្នក់ចំពោះវិស្សមកាលធំនេះ ក្នុងករណីណាមួយ ដែលចំបាច់។ បន្ថែមលើសពីនេះ ក្រសួង ក៏លើកទឹកចិត្តឲ្យប្រជាជនទាំងអស់ ទាំងបុគ្គលិកផ្នែកអប់រំ សិស្សានុសិស្ស និងនិស្សិត ចូលរួមទស្សនាដោយផ្ទាល់ ចំពោះការប្រកួតនានារបស់អត្ដពលិកកម្ពុជា នាអំឡុងការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម។
ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នឹងចាប់ផ្ដើមពីថ្ងៃទី៥ ខែឧសភា ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។ ចំណែកព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ នឹងចាប់ផ្ដើមពីថ្ងៃទី៣-៩ ខែមិថុនា ឆ្នាំ២០២៣៕
© រក្សាសិទ្ធិដោយ thmeythmey.com