អន្តរជាតិ
សភាកូរ៉េខាងត្បូង អនុម័តច្បាប់តម្រូវឱ្យរដ្ឋាភិបាលទិញអង្ករពីកសិករពេលផលិតលើសឬធ្លាក់ថ្លៃ
23, Mar 2023 , 6:14 pm        
រូបភាព
សភាកូរ៉េខាងត្បូង នៅថ្ងៃទី២៣ ខែមីនា បានអនុម័តសេចក្ដីស្នើច្បាប់មួយដែលតម្រូវឱ្យរដ្ឋាភិបាលទិញអង្ករក្នុងករណីដែលផលិតលើស ឬធ្លាក់ថ្លៃ។ រដ្ឋាភិបាលរបស់ប្រធានាធិបតី យូន សុកយ៉ល មិនពេញចិត្តនឹងផែនការនេះឡើយ។

 
ដោយសំឡេង១៦៩ទល់នឹង៩០ សភាកូរ៉េខាងត្បូងដែលគ្រប់គ្រងដោយបក្សប្រជាធិបតេយ្យជាបក្សប្រឆាំង បានអនុម័តសេចក្ដីច្បាប់លើការធ្វើវិសោធនកម្មច្បាប់គ្រប់គ្រងធញ្ញជាតិ។ បក្សអំណាចប្រជាជនដែលជាបក្សកាន់អំណាច បានបោះឆ្នោតប្រឆាំង ហើយប្រកាសស្នើឱ្យប្រធានាធិបតី យូន សុកយ៉ល ប្រើអំណាចវ៉េតូលើសេចក្ដីស្នើច្បាប់នេះ។
 
ក្រោមសេចក្ដីស្នើច្បាប់នេះ​ រដ្ឋាភិបាលកូរ៉េខាងត្បូង ត្រូវទិញអង្ករដែលលើស ប្រសិនការផលិតមានលើសពីតម្រូវដែលប៉ាន់ស្មានចន្លោះ៣-៥ភាគរយ ឬនៅពេលតម្លៃធ្លាក់ចុះ៥-៨ភាគរយធៀបឆ្នាំមុន។
 
បក្សប្រជាធិបតេយ្យដែលក្ដាប់សំឡេងភាគច្រើនអះអាងថា ផែនការនេះនឹងជួយកសិករ ហើយធ្វើឱ្យតម្លៃអង្ករមានស្ថិរភាព ស្របពេលដែលតម្រូវការអង្ករធ្លាក់ចុះដោយសារការផ្លាស់ប្ដូររបបអាហារ និងទម្លាប់បរិភោគរបស់ប្រជាជន។ កាលពីឆ្នាំមុន ប្រជាជនកូរ៉េខាងត្បូងប្រើអង្ករប្រមាណ៥៦,៧គីឡូក្រាមជាមធ្យម ដែលជាតួលេខទាបបំផុតចាប់ពីរដ្ឋាភិបាលអនុវត្តការប្រមូលទិន្នន័យនេះនៅឆ្នាំ១៩៦២ ហើយរដ្ឋាភិបាលក៏ចាយលុយជាង៧៨០លានដុល្លារដើម្បីទប់ស្កាត់ការធ្លាក់ថៃអង្ករដែលផលិតលើស។
 
យ៉ាងណាមិញ បក្សកាន់អំណាចអះអាងថា វានឹងបំផ្លាញឧស្សាហកម្មអង្ករក្នុងស្រុក ហើយបង្កបញ្ហាដល់រដ្ឋាភិបាលព្រោះត្រូវចាយលុយច្រើន។
 
ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង ក៏ប្រាប់អ្នកសារព័ត៌មានថា នឹងស្ដាប់រាល់ក្ដីបារម្ភទាំងអស់ពេលទទួលបានសេចក្ដីស្នើច្បាប់នេះ​៕
 

Tag:
 កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com