កីឡាអន្តរជាតិ
អន្តរជាតិ
Messi សម្លឹងរកកំណត់ត្រាគ្រាប់ទី៨០០ នៅប្រកួតដំបូងជាមួយអាហ្សង់ទីនបន្ទាប់ពី World Cup
23, Mar 2023 , 9:05 pm        
រូបភាព
Lionel Messi នឹងអបអរជ័យជម្នះជាមួយអ្នកគាំទ្រអាហ្សង់ទីនរាប់ម៉ឺននាក់នៅថ្ងៃទី២៣ ខែមីនា នាជំនួបអាហ្សង់ទីន-ប៉ាណាម៉ា ដែលជាការប្រកួតដំបូងរបស់ខ្លួនចាប់តាំងពីការប្រកួត World Cup 2022 រួចមក។ ការស៊ុតបាល់បញ្ចូលទីគ្រាប់ទី៨០០ ជាគោលដៅដំបូងដែលខ្សែប្រយុទ្ធវ័យ ៣៦ឆ្នាំ នឹងធ្វើឱ្យបាន ដើម្បីបំពេញក្តីស្រមៃដ៏ធំក្នុងជីវិតជាមួយអ្នកគាំទ្រខ្លួន។

 
ការប្រកួតរវាងអាហ្សង់ទីនទល់ក្រុមប៉ាណាម៉ាដែលនឹងធ្វើឡើងក្នុងកីឡដ្ឋាន Monumental ក្នុងទីក្រុង Bueno Aires នឹងមានមនុស្សចូលទស្សនាប្រមាណជាង ៨ម៉ឺននាក់។ ការប្រកួតរបស់អាហ្សង់ទីនលើកដំបូងមានអ្នកគាំទ្រប្រមាណជាង ១,៥លាននាក់ព្យាយាមទិញសំបុត្រសម្រាប់ទស្សនាការប្រកួត ដើម្បីបានឃើញម្ចាស់ជើងឯកប្រកួតលើកដំបូង។
 
ខណៈដែលមានមនុស្សជាច្រើនទន្ទឹងរង់ចាំមើលការមកដល់របស់ក្រុមម្ចាស់ជើងឯក World Cup 2022 និងកីឡាករដែលមានកំណត់ត្រាជាច្រើនក្នុងក្រុមនោះគឹប្រធានក្រុម Lionel Messi។ កីឡាករវ័យ ៣៦ឆ្នាំ បានបង្ហើបតាមរយៈគ្រូបង្វឹកអាហ្សង់ទីនលោក Lionel Scaloni ថារូបគេនឹងផ្តល់អ្វីគ្រប់យ៉ាងឱ្យទៅប្រទេសរបស់គេ។
 
លោក Lionel Scaloni បាននិយាយដូច្នេះថា៖«​Messi នឹងបន្តផ្តល់អ្វីជាច្រើនបន្ថែមទៀតសម្រាប់អាហ្សង់ទីន។​ គេរីករាយសម្រាប់ការបង្ហាញនៅលើទីលានប្រកួត និងជាមួយក្រុមជម្រើសជាតិ។»។
 
ក្នុងការប្រកួតទល់ប៉ាណាម៉ា ខ្សែប្រយុទ្ធក្រុម Paris Saint Germain នឹងអាចបង្កើតភាពអស្ចារ្យជាមួយកំណត់ត្រាថ្មីបន្ថែមទៀត ដោយការរកបានគ្រាប់បាល់ទី ៨០០ក្នុងអាជីពរបស់គេ។ ​Cristiano Ronaldo គូប្រជែងរបស់ Messi នៅតែជាកីឡាករនាំមុខគេបង្អស់ដែលរកបានគ្រាប់បាល់ដល់ទៅ ៨២៨គ្រាប់ច្រើនជាងគេក្នុងពិភពលោក។


 
ប្រសិនបើការប្រកួតនោះ Messi រកបានគ្រាប់បាល់បញ្ចូលទី ២គ្រាប់ ខ្សែប្រយុទ្ធប្រធានក្រុមអាហ្សង់ទីននឹងធ្វើបានកំណត់ត្រា ៨០០គ្រាប់ក្នុងអាជីព និងជាការធ្វើបានកំណត់ត្រាថ្មីមួយក្នុងសតវត្សរ៍នេះសម្រាប់ប្រទេសរបស់គេ។
 
គ្រាប់បាល់ចុងក្រោយបង្អស់របស់ Messi ជាមួយអាហ្សង់ទីនគឺនៅក្នុងព្រឹត្តិការណ៍ World Cup 2022 វគ្គផ្តាច់ព្រ័ត្រ ទល់បារាំង។ អាហ្សង់ទីនបានយកឈ្នះបារាំងដោយការស៊ុតបាល់កាត់សេចក្តី ១១ម៉ែត្រ និងលើកពានរង្វាន់បាល់ទាត់ពិភពលោកលើកដំបូងក្នុងអាជីព ខណៈអ្នកគាំទ្រស្ទើរទូទាំងប្រទេសអាហ្សង់ទីនអបអរជ័យជម្នះដ៏អស្ចារ្យ។
 
ក្រៅពីពានរង្វាន់ World Cup តារាបាល់ទាត់លំដាប់កំពូលពិភពលោក ​ក៏បានជួយក្រុមអាហ្សង់ទីនឈ្នះពាន Copa America 2021 និងពានរង្វាន់ ​Finalissma ក្នុងឆ្នាំ ២០២១ និងដើមឆ្នាំ ២០២២៕
 
 
 
 

Tag:
 Lionel Messi
  Argentina
© រក្សាសិទ្ធិដោយ thmeythmey.com