កីឡាអន្តរជាតិ
អន្តរជាតិ
Messi សម្លឹងរកកំណត់ត្រាគ្រាប់ទី៨០០ នៅប្រកួតដំបូងជាមួយអាហ្សង់ទីនបន្ទាប់ពី World Cup 
×![]()
Lionel Messi នឹងអបអរជ័យជម្នះជាមួយអ្នកគាំទ្រអាហ្សង់ទីនរាប់ម៉ឺននាក់នៅថ្ងៃទី២៣ ខែមីនា នាជំនួបអាហ្សង់ទីន-ប៉ាណាម៉ា ដែលជាការប្រកួតដំបូងរបស់ខ្លួនចាប់តាំងពីការប្រកួត World Cup 2022 រួចមក។ ការស៊ុតបាល់បញ្ចូលទីគ្រាប់ទី៨០០ ជាគោលដៅដំបូងដែលខ្សែប្រយុទ្ធវ័យ ៣៦ឆ្នាំ នឹងធ្វើឱ្យបាន ដើម្បីបំពេញក្តីស្រមៃដ៏ធំក្នុងជីវិតជាមួយអ្នកគាំទ្រខ្លួន។
ការប្រកួតរវាងអាហ្សង់ទីនទល់ក្រុមប៉ាណាម៉ាដែលនឹងធ្វើឡើងក្នុងកីឡដ្ឋាន Monumental ក្នុងទីក្រុង Bueno Aires នឹងមានមនុស្សចូលទស្សនាប្រមាណជាង ៨ម៉ឺននាក់។ ការប្រកួតរបស់អាហ្សង់ទីនលើកដំបូងមានអ្នកគាំទ្រប្រមាណជាង ១,៥លាននាក់ព្យាយាមទិញសំបុត្រសម្រាប់ទស្សនាការប្រកួត ដើម្បីបានឃើញម្ចាស់ជើងឯកប្រកួតលើកដំបូង។
ខណៈដែលមានមនុស្សជាច្រើនទន្ទឹងរង់ចាំមើលការមកដល់របស់ក្រុមម្ចាស់ជើងឯក World Cup 2022 និងកីឡាករដែលមានកំណត់ត្រាជាច្រើនក្នុងក្រុមនោះគឹប្រធានក្រុម Lionel Messi។ កីឡាករវ័យ ៣៦ឆ្នាំ បានបង្ហើបតាមរយៈគ្រូបង្វឹកអាហ្សង់ទីនលោក Lionel Scaloni ថារូបគេនឹងផ្តល់អ្វីគ្រប់យ៉ាងឱ្យទៅប្រទេសរបស់គេ។
លោក Lionel Scaloni បាននិយាយដូច្នេះថា៖«Messi នឹងបន្តផ្តល់អ្វីជាច្រើនបន្ថែមទៀតសម្រាប់អាហ្សង់ទីន។ គេរីករាយសម្រាប់ការបង្ហាញនៅលើទីលានប្រកួត និងជាមួយក្រុមជម្រើសជាតិ។»។
ក្នុងការប្រកួតទល់ប៉ាណាម៉ា ខ្សែប្រយុទ្ធក្រុម Paris Saint Germain នឹងអាចបង្កើតភាពអស្ចារ្យជាមួយកំណត់ត្រាថ្មីបន្ថែមទៀត ដោយការរកបានគ្រាប់បាល់ទី ៨០០ក្នុងអាជីពរបស់គេ។ Cristiano Ronaldo គូប្រជែងរបស់ Messi នៅតែជាកីឡាករនាំមុខគេបង្អស់ដែលរកបានគ្រាប់បាល់ដល់ទៅ ៨២៨គ្រាប់ច្រើនជាងគេក្នុងពិភពលោក។
ប្រសិនបើការប្រកួតនោះ Messi រកបានគ្រាប់បាល់បញ្ចូលទី ២គ្រាប់ ខ្សែប្រយុទ្ធប្រធានក្រុមអាហ្សង់ទីននឹងធ្វើបានកំណត់ត្រា ៨០០គ្រាប់ក្នុងអាជីព និងជាការធ្វើបានកំណត់ត្រាថ្មីមួយក្នុងសតវត្សរ៍នេះសម្រាប់ប្រទេសរបស់គេ។
គ្រាប់បាល់ចុងក្រោយបង្អស់របស់ Messi ជាមួយអាហ្សង់ទីនគឺនៅក្នុងព្រឹត្តិការណ៍ World Cup 2022 វគ្គផ្តាច់ព្រ័ត្រ ទល់បារាំង។ អាហ្សង់ទីនបានយកឈ្នះបារាំងដោយការស៊ុតបាល់កាត់សេចក្តី ១១ម៉ែត្រ និងលើកពានរង្វាន់បាល់ទាត់ពិភពលោកលើកដំបូងក្នុងអាជីព ខណៈអ្នកគាំទ្រស្ទើរទូទាំងប្រទេសអាហ្សង់ទីនអបអរជ័យជម្នះដ៏អស្ចារ្យ។
ក្រៅពីពានរង្វាន់ World Cup តារាបាល់ទាត់លំដាប់កំពូលពិភពលោក ក៏បានជួយក្រុមអាហ្សង់ទីនឈ្នះពាន Copa America 2021 និងពានរង្វាន់ Finalissma ក្នុងឆ្នាំ ២០២១ និងដើមឆ្នាំ ២០២២៕
Tag:
Lionel Messi
Argentina
© រក្សាសិទ្ធិដោយ thmeythmey.com