កីឡាជាតិ
កីឡាអន្តរជាតិ
អន្តរជាតិ
Kane បំបែកកំណត់ត្រាអ្នកស៊ុតចូលទីច្រើនរបស់ Rooney ខណៈអង់គ្លេសឈ្នះអ៊ីតាលីក្រៅដីលើកដំបូងរយៈពេល ៦២ឆ្នាំ
24, Mar 2023 , 10:50 am        
រូបភាព
​Harry Kane បំបែកកំណត់ត្រា Wayne Rooney ក្លាយជាកីឡាកររកបានគ្រាប់បាល់ច្រើនជាងគេឱ្យក្រុមជម្រើសជាតិអង់គ្លេស បន្ទាប់ពីស៊ុតបញ្ចូលទី១ គ្រាប់ ក្នុងជ័យជម្នះលើក្រុមម្ចាស់ផ្ទះអ៊ីតាលីដោយលទ្ធផល ២-១ ក្នុងការប្រកួតជម្រុះ Euro2024 ដែលធ្វើនៅក្នុងក្រុង Naples ប្រទេសអ៊ីតាលី រាត្រីថ្ងៃទី២៣ ខែមីនា។​ នេះជាលើកដំបូងផងដែរ ដែលអង់គ្លេសឈ្នះអ៊ីតាលីដល់ក្នុងទឹកដីក្នុងរយៈពេល ៦២ឆ្នាំ។



អំឡុងនៅព្រឹត្តិការណ៍ World Cup ក្នុងវគ្គ ៨ក្រុមចុងក្រោយពេលអង់គ្លេសត្រូវបានបារាំងទម្លាក់ចេញពីការប្រកួតនោះ Kane ស៊ុតបាល់បញ្ចូលទីបាន ១គ្រាប់ដោយការស៊ុតបាល់ពិន័យ ១១ម៉ែត្រ។ គ្រាប់ដែលស៊ុតចូលនោះបានជួយរូបគេតាមស្មើកំណត់ត្រារបស់ Wayne Rooney ដែលឈរលេខមួយក្នុងនាមជាកីឡាករមានគ្រាប់បាល់ច្រើនបំផុតប្រចាំជម្រើសជាតិអង់គ្លេស ៥៣គ្រាប់។
 
នារាត្រីថ្ងៃទី២៣ ខែមីនា ក្នុងជំនួបជម្រុះ Euro2024 រវាងអង់គ្លេស ទល់អ៊ីតាលី Kane ខ្សែប្រយុទ្ធក្រុម Tottenham Hotspur រកបានគ្រាប់បាល់ ១គ្រាប់ក្នុងការប្រកួតដោយការស៊ុតបាល់ពិន័យ ១១ម៉ែត្រនៅនាទី៤៤ ដែលធ្វើឱ្យរូបគេបំបែកកំណត់ត្រាក្នុងនាមជាកីឡាកររកបានគ្រាប់បាល់ច្រើនជាងគេប្រចាំក្រុមជម្រើសជាតិអង់គ្លេសចំនួន ៥៤គ្រាប់។ 
កំណត់ត្រាចំនួន ៥៣គ្រាប់របស់ Wayne Rooney ធ្វើបានពីការបង្ហាញខ្លួនលេងឱ្យក្រុមតោកំណាចចំនួន ១២០ប្រកួត ប៉ុន្តែ Kane ដែលបំបែកកំណត់ត្រាមាន ៥៤គ្រាប់ ធ្វើបានត្រឹមតែការបង្ហាញខ្លួនលើកទី ៨១ របស់គេប៉ុណ្ណោះ។ 
 
«ខ្ញុំបានស្ថិតនៅលើទីលានប្រកួត នៅពេលដែល Rooney បំបែកកំណត់ត្រា ហើយខ្ញុំដឹងថាវាមានន័យយ៉ាងណាសម្រាប់គាត់ ខ្ញុំក៏មានមោទកភាពសម្រាប់គាត់។ ខ្ញុំចងចាំនៅពេលដែលខ្ញុំឱ្យស្បែកជើងទៅគាត់សម្រាប់ការបំបែកកំណត់ត្រា ហើយគាត់បាននិយាយមកខ្ញុំវិញថា គាត់នឹងអាចឱ្យវាមកខ្ញុំវិញនៅថ្ងៃណាមួយ។»។ Kane បាននិយាយប្រាប់ទូរទស្សន៍ Channel 4 បែបនេះក្រោយពេលចប់ការប្រកួតជាមួយកំណត់ត្រាដ៏អស្ចារ្យសម្រាប់ខ្លួនឯង នឹងការបំបែកកំណត់ត្រារបស់ក្រុមទាំងមូល។
 
លើសពីនេះម្ចាស់កំណត់ត្រាចាស់ Rooney ក៏បានបង្ហោះសារនៅលើបណ្តាញសង្គម Twitter អបអរទៅកាន់ Kane ដែលធ្វើបានកំណត់ត្រាដ៏ពិសេសបំផុតនៅក្រុមជម្រើសជាតិអង់គ្លេស។ 
ក្រៅពីកំណត់ត្រាថ្មីរបស់ Kane ក្រុមតោកំណាចក៏ទទួលបានកំណត់ត្រាថ្មីរបស់ខ្លួនផងដែរទល់ក្រុមអ៊ីតាលី ។ អង់គ្លេសបានយកឈ្នះលើអ៊ីតាលីដល់ទឹកដីលើកដំបូងក្នុងរយៈពេល ៦២ឆ្នាំ ពោលចាប់តាំងពីឆ្នាំ ១៩៦១ មក។
 
ខាងក្រោមនេះជាលទ្ធផលការប្រកួតក្រុមដទៃផ្សេងទៀតក្នុងជំនួបជម្រុះពាន Euro 2024៖
 
ពូល C 
អ៊ីតាលីចាញ់ ១-២ អង់គ្លេស
ម៉ាសេដ្វានខាងជើងឈ្នះ ២-១ ​ម៉ាលត៍
 
ពូល H
ដាណឺម៉ាកឈ្នះ ៣-១ ហ្វាំងឡង់
សាំងម៉ារាំងចាញ់ ០-២ អៀឡង់ខាងជើង
កាហ្សាក់ស្ថានចាញ់ ១-២ ស្លូវេនី៕
 
 
 

Tag:
 Harry Kane
  Euro 2024
© រក្សាសិទ្ធិដោយ thmeythmey.com