អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មេបក្សប្រឆាំងម្នាក់នៅឥណ្ឌាត្រូវជាប់គុកពីរឆ្នាំដោយសារភ្ជាប់ត្រកូល «Modi» ថា ជាចោរ
24, Mar 2023 , 11:57 am        
រូបភាព
លោក Gandhi ត្រូវបានកាត់ទោសដោយតុលាការក្រុង Surat រដ្ឋ Gujarat ដែលជាទីកន្លែងកំណើតរបស់លោកនាយករដ្ឋមន្ត្រី Narendra Modi
លោក Gandhi ត្រូវបានកាត់ទោសដោយតុលាការក្រុង Surat រដ្ឋ Gujarat ដែលជាទីកន្លែងកំណើតរបស់លោកនាយករដ្ឋមន្ត្រី Narendra Modi
ដោយ: រួបរួម
តុលាការមួយនៅភាគខាងលិចប្រទេសឥណ្ឌា កាលពីថ្ងៃព្រហស្បតិ៍ បានកាត់ទោសលោក Rahul Gandhi ឱ្យជាប់ពន្ធនាគារ២ឆ្នាំពីបទបរិហារកេរ្តិ៍។ យោងតាម CNN មេដឹកនាំបក្សប្រឆាំងរូបនេះ បានធ្វើអត្ថាធិប្បាយមួយនៅឆ្នាំ២០១៩ ដោយទាញភ្ជាប់ថា ក្រុមចោរមាននាមត្រកូល «Modi»។


 
លោក Gandhi ត្រូវបានកាត់ទោសដោយតុលាការក្រុង Surat រដ្ឋ Gujarat ដែលជាទីកន្លែងកំណើតរបស់លោកនាយករដ្ឋមន្ត្រី Narendra Modi។ នាអំឡុងការឃោសនាបោះឆ្នោតកាលពីឆ្នាំ២០១៩ លោក Gandhi បានទាញភ្ជាប់នាមត្រកូលលោក Modi ទៅនឹងក្រុមចោរ ហើយក្រោយមកមេដឹកនាំម្នាក់នៃគណបក្សកាន់អំណាច Bharatiya Janata (BJP) បានដាក់បណ្តឹងប្រឆាំងនឹងរូបលោក។
 
ក្នុងសវនាការ លោក Gandhi ដែលជាមេដឹកនាំបក្សប្រឆាំងម្នាក់ ត្រៀមប្រជែងជាមួយលោក Modi នាការបោះឆ្នោតឆ្នាំ២០២៤ ខាងមុខ បានអះអាងថា លោកបានធ្វើការអត្ថាធិប្បាយដើម្បីបង្ហាញអំពីអំពើពុករលួយ ដោយគ្មានបំណងប្រឆាំងនឹងសហគមន៍ណាមួយទេ។
 
ទោសជាប់ពន្ធនាគារ២ឆ្នាំនេះ មានន័យថា លោក Gandhi វ័យ៥២ឆ្នាំ ពីគណបក្ស Indian National Congress ទំនងជាមិនមានឱកាសប្រកួតប្រជែងកៅអីនាយករដ្ឋមន្ត្រីឥណ្ឌានាពេលខាងមុខនោះឡើយ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com