ជាតិ
​​​ន​យោ​បាយ​ជាតិ​
អ្នកនាំពាក្យការបរទេសកម្ពុជា តបនឹងអាម៉េរិកថា សិទ្ធិបញ្ចេញមតិនៅកម្ពុជា «នៅតែរស់រវើក»
24, Mar 2023 , 12:44 pm        
រូបភាព
ស្រ្តី​ម្នាក់​ ​ឡើងបញ្ចេញមតិយោបល់ ​ក្នុងពិធី​ប្រារព្ធ​ទិវាសិទិ្ធ​នារី​ ​ដែលត្រូវបានរៀបចំឡើង កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣។ រូបពីអង្គការលីកាដូ
ស្រ្តី​ម្នាក់​ ​ឡើងបញ្ចេញមតិយោបល់ ​ក្នុងពិធី​ប្រារព្ធ​ទិវាសិទិ្ធ​នារី​ ​ដែលត្រូវបានរៀបចំឡើង កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣។ រូបពីអង្គការលីកាដូ
ដោយ៖ ទេពញាណ

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា មិនអាចនៅស្ងៀមឡើយ ក្រោយក្រសួងការបរទេសអាម៉េរិក ចេញរបាយការណ៍ប្រចាំឆ្នាំ២០២២ ស្តីពីការធ្លាក់ចុះនូវសិទ្ធិមនុស្ស និងសិទ្ធិសេរីភាពតាមបណ្តាប្រទេសលើពិភពលោក ដោយបូករួមទាំងកម្ពុជាផង ហើយក្នុងចំណោមសិទ្ធិទាំងអស់នោះ ការកៀបសង្កត់សិទ្ធិបញ្ចេញមតិ ក៏មានក្នុងរបាយការណ៍នេះដែរ។



អ្នកនាំពាក្យការបទេសកម្ពុជា សរសេរសេចក្តីថ្លែងការណ៍ ៣ទំព័រ និងមាន១០ចំណុច ដោយប្រើទាំងភាសាខ្មែរ ទាំងភាសាអង់គ្លេស់ ដើម្បីឆ្លើយតបនឹងក្រសួងការបរទេសអាម៉េរិក។ តាមរយៈសេចក្តីថ្លែងការណ៍ ដែលចេញនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ អ្នកនាំពាក្យ រំលេចឡើងដូច្នេះថា៖«សេរីភាពនៃការបញ្ចេញមតិ [នៅកម្ពុជា] នៅតែរស់រវើក និងប្រកបដោយថាមវន្ត។
 
អ្នកនាំពាក្យការបរទេសកម្ពុជា បរិយាយថា ការហូរចូលនូវប្រព័ន្ធអ៊ីនធឺណិត បានផ្តល់លទ្ធភាពឲ្យប្រជាជនកម្ពុជា អាចទទួលបានព័ត៌មានយ៉ាងទូលំទូលាយ រួមទាំងការដាក់បណ្តឹងតវ៉ាតាមរយៈបណ្តាញសង្គម ទៅកាន់ថ្នាក់ដឹកនាំផ្ទាល់តែម្តង។ អ្នកនាំពាក្យ បន្តថា សំឡេងរបស់ប្រជាជនកម្ពុជា ត្រូវបានបន្លឺបន្ថែមទៀត តាមរយៈវត្តមាននៃសារព័ត៌មានបែបឌីជីថលនិងសារព័ត៌មានបែបប្រពៃណីជិត២ពាន់អង្គភាព។

លើសពីនេះ អ្នកនាំពាក្យការបរទេសកម្ពុជា ថែមទាំងលើកពីចំណុចល្អរបស់រដ្ឋាភិបាលកម្ពុជាថា រដ្ឋាភិបាលកម្ពុជា បន្តស្វាយគមន៍ចំពោះការប្រមូលផ្តុំស្របច្បាប់ និងទទួលយកមតិរិះគន់ដែលប្រកបដោយភាពស្មោះត្រង់ ពីភាគីផ្សេងៗ។ ទន្ទឹមនឹងនេះ អ្នកនាំពាក្យ បំភ្លឺថា រាល់ការចោទប្រកាន់ទាំងអស់ ត្រូវបានធ្វើឡើង ដោយសារមានការបំពានលើរដ្ឋធម្មនុញ្ញ និងច្បាប់ ដោយពុំពាក់ព័ន្ធនឹងនយោបាយនោះទេ។

ក្នុងរបាយការណ៍ ដែលចេញកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ក្រសួងការបរទេសអាម៉េរិក បានសរសេរពីការកៀបសង្កត់លើសិទ្ធិសេរីភាពនានានៅកម្ពុជា កាលឆ្នាំ២០២២ ដូចចជា សេរីភាពនៃការបញ្ចេញមតិ សេរីភាពនៃការប្រើប្រាស់អ៊ីនធឺណិត និង សេរីភាពនៃការជួបជុំ ជាដើម។ ក្រសួងការបរទេសនៃប្រទេសមហាអំណាចមួយនេះ ថែមទាំងសរសេរពីការកៀបសង្កត់លើប្រព័ន្ធផ្សព្វផ្សាយ និងការចាប់អ្នកកាសែតទៀតផង។

យ៉ាងណា អ្នកនាំពាក្យការបរទេសកម្ពុជា ចាត់ទុករបាយការណ៍របស់ក្រសួងការបរទេសអាម៉េរិក ថា មានលក្ខណៈលម្អៀង និងពុំផ្អែកលើការពិតឡើយ៕

Tag:
 កម្ពុជា
  អាម៉េរិក
  សិទ្ធិបញ្ចេញមតិ
© រក្សាសិទ្ធិដោយ thmeythmey.com