អន្តរជាតិ
មេដឹកនាំអ៊ុយក្រែន ជំរុញឱ្យសម្ព័ន្ធមិត្តពន្លឿនការផ្តល់អាវុធ បើមិនចង់ឱ្យសង្រ្គាមអូសបន្លាយយូរ
24, Mar 2023 , 1:59 pm        
រូបភាព
លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន។ រូបភាពយកពីការិយាល័យប្រធានាធិបតីអ៊ុយក្រែន
លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន។ រូបភាពយកពីការិយាល័យប្រធានាធិបតីអ៊ុយក្រែន
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី​ នៅថ្ងៃទី២៣ ខែមីនា បានអំពាវនាវឱ្យអឺរ៉ុបពន្លឿនការផ្តល់អាវុធទំនើបៗ និងបន្ថែមទណ្ឌកម្មលើរុស្ស៊ី បើមិនចង់ឱ្យសង្រ្គាមបន្តអូសបន្លាយរយៈពេលវែង។

 
ជាង ១ឆ្នាំហើយ សង្រ្គាមអ៊ុយក្រែន នៅតែបន្ត ខណៈរុស្ស៊ី កំពុងតែវាយប្រហារនៅតំបន់ភាគខាងកើតអ៊ុយក្រែន។ ដោយសារតែបញ្ហាបែបនេះ អ៊ុយក្រែន បានទទូចជាដដែលៗឱ្យសម្ព័ន្ធមិត្តលោកខាងលិចផ្តល់អាវុធទំនើបៗ ដើម្បីទប់នឹងរុស្ស៊ី ក៏ដូចជាបញ្ចប់សង្រ្គាមឱ្យបានឆាប់រហ័ស។ 
 
«ប្រសិនបើអឺរ៉ុបបន្តរង់ចាំ ក្រុមពួកអាក្រក់ នឹងត្រៀមខ្លួនឡើងវិញ និងរៀបចំសម្រាប់សង្រ្គាមជាច្រើនឆ្នាំ»។ លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី​ ប្រធានាធិបតីអ៊ុយក្រែន បានសង្កត់ធ្ងន់បែបនេះ ទៅកាន់មេដឹកនាំអឺរ៉ុបនៅក្នុងកិច្ចប្រជុំនាក្រុងព្រុចសែល បែលហ្សិក នៅថ្ងៃទី២៣ ខែមីនា។ កិច្ចប្រជុំនេះ ក៏មានការចូលរួមពីអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េសផង។ 
 
បើតាមមេដឹកនាំអ៊ុយក្រែន វាជាការសម្រេចចិត្តរបស់អឺរ៉ុបលើការផ្តល់អាវុធចម្ងាយឆ្ងាយ និងយន្តហោះចម្បាំងទំនើបៗ រួមទាំងការបន្តកិច្ចចរចាចូលជាសមាជិកសហភាពអឺរ៉ុបពីសំណាក់អ៊ុយក្រែន។ ត្រង់ចំណុចនេះ ប្រធានាធិបតីអ៊ុយក្រែន បានសង្កត់ធ្ងន់ថា​ អឺរ៉ុបមិនអាចបន្តពន្យារពេលបានទេ​ ដោយសារតែកម្លាំងយោធាអ៊ុយក្រែន ត្រូវការយន្តហោះចម្បាំងទំនើបៗ។ 
 
មិនតែប៉ុណ្ណោះ លោក ហ្សេលេនស្គី បានដាក់សំណួរទៅកាន់មេដឹកនាំអឺរ៉ុបទាំងនោះ ពីមូលហេតុនៃការពន្យារពេលផ្តល់យន្តហោះចម្បាំងមកអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។​
 
កន្លងមក ប្រទេសអឺរ៉ុបជាច្រើនស្ទាក់ស្ទើរក្នុងការផ្តល់យន្តហោះចម្បាំងទៅអ៊ុយក្រែន ដោយសារបារម្ភពីការរីកសាយជម្លោះ។ ក្រោយ ប៉ូឡូញ និងស្លូវ៉ាគី ប្រកាសផ្តល់យន្តហោះចម្បាំងទៅអ៊ុយក្រែន រុស្ស៊ី បានព្រមានថា រាល់យន្តហោះចម្បាំងដែលផ្គត់ផ្គង់ទៅឱ្យអ៊ុយក្រែននឹងត្រូវបានបំផ្លាញ។ នេះមិនមែនជាលើកទីមួយឡើយ ដែលរុស្ស៊ីព្រមានបំផ្លាញអាវុធទំនើបដែលលោកខាងលិចផ្តល់ឱ្យអ៊ុយក្រែន។ 
 
នៅក្រៅកិច្ចប្រជុំមេដឹកនាំអឺរ៉ុបនេះ លោក​ Josep Borrell ប្រមុខការទូតអឺរ៉ុប បានប្រាប់អ្នកសារព័ត៌មានថា លោកនឹងធ្វើបទបង្ហាញទៅកាន់មេដឹកនាំអឺរ៉ុប ទាក់ទិននឹងកិច្ចព្រមព្រៀង ដែលបានឯកភាពដោយរដ្ឋមន្រ្តីការបរទេស និងការពារជាតិ ក្នុងការផ្តល់គ្រាប់កាំភ្លើងធំចំនួន ១លានគ្រាប់ ក្នុងរយៈពេល ១២ខែខាងមុខ។ 
 
ស្របគ្នានេះ មេដឹកនាំអ៊ុយក្រែន ក៏បានថ្លែងអរគុណទៅកាន់មេដឹកនាំប៉ូឡូញ និងស្លូវ៉ាគី ដែលបានប្រកាសពីការផ្តល់ជំនួយយន្តហោះចម្បាំងមកឱ្យខ្លួន ដើម្បីទប់នឹងការឈ្លានពានពីសំណាក់រុស្ស៊ី៕
 

Tag:
 អ៊ុយក្រែន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com