កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
លោក ហែម គីរី៖ កីឡាការិនី កាំង ម៊ុយនីន ធ្វើបានល្អនៅវៀតណាម ជាសញ្ញាល្អឆ្ពោះទៅស៊ីហ្គេម
25, Mar 2023 , 10:59 am        
រូបភាព
កីឡាការិនីហែលទឹកកម្ពុជា កាំង ម៊ុយនីន ពេលប្រកួតពានរង្វាន់ FIN Swimming នៅប្រទេសវៀតណាម។ រូបពីសហព័ន្ធខ្មែរកីឡាហែលទឹក
កីឡាការិនីហែលទឹកកម្ពុជា កាំង ម៊ុយនីន ពេលប្រកួតពានរង្វាន់ FIN Swimming នៅប្រទេសវៀតណាម។ រូបពីសហព័ន្ធខ្មែរកីឡាហែលទឹក
ដោយ:
លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក ចាត់ទុកការទទួលបានលទ្ធផលល្អរបស់អត្តពលិកកម្ពុជា នៅប្រទេសវៀតណាម ជាសញ្ញាវិជ្ជមានដ៏ល្អ ឆ្ពោះទៅព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ព្រោះលោកអគ្គលេខាមើលឃើញថា កីឡាហែលទឹកវិញ្ញាសា FIN Swimming នេះជាកីឡាដ៏មានសក្តានុពលសម្រាប់ប្រទេសវៀតណាម ដែលឈ្នះមេដាយច្រើនជាង នាស៊ីហ្គេមលើកទី៣១ ឆ្នាំ២០២១។

 
«កាំង ម៊ុយនីន ដែលបានឈ្នះមេដាយមាសលើវិញ្ញាសា FIN Swimming នៅប្រទេសវៀតណាមនេះជាសញ្ញាមួយដ៏ល្អក្នុងការដណ្តើមមេដាយ»។ លោក ហែម គីរី ប្រាប់សារព័ត៌មានថ្មីៗ តាមសារអេឡិចត្រូនិកដូច្នេះនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ហើយលោកបានបញ្ជាក់ផងដែរថា ការធ្វើបានល្អក្នុងកម្រិតនេះជាក្តីរំពឹងសម្រាប់ប្រជែងយកមេដាយមាសនាស៊ីហ្គេម២០២៣ ខាងមុខផងដែរ។
 

កីឡាការិនី កាំង ម៊ុយនីន ពេលប្រកួតកីឡាហែលទឹកលើវិញ្ញាសា FIN Swimming នៅប្រទេសវៀតណាម។ រូបពី សហព័ន្ធខ្មែរកីឡាហែលទឹក
 
បន្ថែមពីលើទៀតនោះលោក ហែម គីរី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអត្តពលិក គ្រូបង្វឹកកីឡាហែលទឹកដែលខិតខំប្រឹងប្រែង និងធ្វើបានល្អទោះការហ្វឹកហាត់នៅប្រទេសវៀតណាម មានរយៈពេលខ្លីក៏ពិតមែនក្នុងនាមមន្រ្តីបច្ចេកទេសលោក គិរី លើកទឹកចិត្តចំពោះកីឡាករ-កីឡាការិនីដទៃទៀតបន្តប្រឹងប្រែងបន្ថែមទៀតសម្រាប់ស៊ីហ្គេមនាពេល ខែឧសភា ខាងមុខនេះ។
 
លោក ហែម គីរី និយាយថា ៖«យើងក៏ដាក់ក្តីសង្ឃឹមលើពួកគាត់អាចនឹងធ្វើបានល្អនៅពេលប្រកួតស៊ីហ្គេមនៅកម្ពុជា។ ព្រោះការប្រកួតនៅក្នុងទឹកដីខ្លួនឯងមានការគាំទ្រពីមហាជន និងអាចជាកម្លាំងចិត្តសម្រាប់គាត់ដែលអាចមានក្តីសង្ឃឹមបានច្រើន»។
 
គួបញ្ជាក់ថា កីឡាការិនីហែលទឹកជម្រើសជាតិកម្ពុជា កាំង ម៊ុយនីន ទទួលបានមេដាយប្រាក់១ និងសំរឹទ្ធ១ ពីការប្រកួតកីឡាហែលទឹក Vietnam FIN Swimming Championships 2023 នៅប្រទេសវៀតណាម ដែលប្រព្រឹត្តទៅពីថ្ងៃទី២១-២៤ ខែមីនា ឆ្នាំ២០២៣។ កម្ពុជា បានបញ្ជូនគ្រូបង្វឹក១រូប កីឡាករ៤រូប និងកីឡាការិនី២រូប ចូលរួមការប្រកួតនោះផងដែរ៕
 

Tag:
 កីឡាហែលទឹក
 ហែម គីរី
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com