កីឡាអន្តរជាតិ
អន្តរជាតិ
Messi រកបានគ្រាប់ទី៨០០ រីឯ Ronaldo បំបែកកំណត់ត្រាបង្ហាញខ្លួនច្រើនបំផុតឱ្យជម្រើសជាតិ
24, Mar 2023 , 9:29 pm        
រូបភាព
Lionel Messi ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន រកបានគ្រាប់បាល់​ទី៨០០ ក្នុងអាជីពជាកីឡាករបាល់ទាត់ បន្ទាប់ពីស៊ុតបាល់បញ្ចូលទី ១គ្រាប់ក្នុងការប្រកួតជ័យជម្នះលើប៉ាណាម៉ាលទ្ធផល ២-០ ក្នុងទីក្រុង Bueno Aires ថ្ងៃទី២៤ ខែមីនា។ ចំណែក Ronaldo ដែលរកបាន២គ្រាប់ដើម្បីជួយព័រទុយហ្កាល់ឈ្នះលិចតិនស្តាញ ៤-០ ក្នុងការប្រកួតជម្រុះ Euro 2024 ក៏បំបែកកំណត់ត្រាថ្មីជាកីឡាករបង្ហាញខ្លួនច្រើនបំផុតជាមួយជម្រើសជាតិ។

 
អាហ្សង់ទីនបានយកឈ្នះលើប៉ាណាម៉ាក្នុងលទ្ធផល ២-០ ក្នុងការប្រកួតមិត្តភាពលើកដំបូងបន្ទាប់ពីព្រឹត្តិការណ៍ World Cup 2022 មក។ កីឡាករ Thiago Almada ជាអ្នករកបានគ្រាប់បាល់ទី១ នៅនាទី ៧៩ ចំណែកគ្រាប់ទីពីរសម្រេចបានដោយ Messi នៅនាទី៨៩ ចុងម៉ោងទៅហើយ។
  


ទីបំផុតប្រធានក្រុម Messi រកបានគ្រាប់បាល់ទី ៨០០ប្រចាំអាជីព បន្ទាប់ពីការស៊ុតបាល់ពិន័យ Free Kick យ៉ាងល្អបំប៉ោងសំណាញ់ទីក្រុមប៉ាណាម៉ា ដើម្បីអបអរជ័យជម្នះជាមួយអ្នកគាំទ្រជាង ៨ម៉ឺននាក់ក្នុងកីឡាដ្ឋាន Monumental។ Messi ក្លាយជាកីឡាករទី៣ ប្រចាំប្រវត្តិសាស្ត្រដែលរកបានគ្រាប់បាល់បាន ៨០០គ្រាប់ក្នុងអាជីព បន្ទាប់ពីលោក Josef Bican រកបានគ្រាប់បាល់ចំនួន ៨០៥ គ្រាប់លំដាប់ថ្នាក់លេខ ២ និង Cristiano Ronaldo ស្ថិតនៅទីមួយរកបាន ៨៣០គ្រាប់គិតមកត្រឹមពេលនេះ។
 
នេះគឺជាដំណើរផ្សងព្រេងដ៏អស្ចារ្យបំផុតសម្រាប់ Messi ក្នុងនាមជាកីឡាករបាល់ទាត់ល្អបំផុតលើពិភពលោក ដែលជាកីឡាករឈ្នះពានរង្វាន់កំពូលលើពិភពលោកទាំងអស់។ Messi ជាកីឡាករម្នាក់ដែលមានកំណត់ត្រាឈ្នះ Ballon d’Or ចំនួន៧ ច្រើនជាងកីឡាករណាទាំងអស់។ ​
  


«ខ្ញុំតែងតែស្រមៃអំពីរឿងនេះកាលពីមុនមក គឺការអបអរជាមួយប្រទេសរបស់ខ្ញុំអាហ្សង់ទីន ជាមួយការលើកពានរង្វាន់ World Cup ដ៏អស្ចារ្យ។ យើងគួរតែបន្តធ្វើអ្វីដែលយើងកំពុងធ្វើនេះដោយរីករាយ ព្រោះយើងបានរង់ចាំអស់រយៈពេលយូរណាស់ដើម្បីឈ្នះម្តងទៀត។»។ Messi និយាយបែបនេះក្នុងកិច្ចសម្ភាសលើទីលានអំឡុងប្រារព្ធពីធីអបអរពីសំណាក់សហព័ន្ធអាហ្សង់ទីនចំពោះពានរង្វាន់ World Cup ទី៣។
 
គ្រាប់បាល់ដែលស៊ុតបញ្ចូលទីលើប៉ាណាម៉ាក៏ជាគ្រាប់បាល់ទី ៩៩ របស់ Messi នៅក្រុមជម្រើសជាតិអាហ្សង់ទីន ហើយគេក៏ជាកីឡាករលំដាប់ថ្នាក់ទី៣ លើពិភពលោក បន្ទាប់ពីគូប្រជែង Cristiano Ronaldo មាន ១២០គ្រាប់ និងលេខ២ អតីតកីឡាអ៊ីរ៉ង់ Ali Daei មាន ១០៨គ្រាប់។ Messi មានវ័យ ៣៥ឆ្នាំ ក្រោយឈ្នះ World Cup រូបគេសម្រេចបន្តលេងឱ្យក្រុមជម្រើសជាតិរហូតដល់ World Cup 2026 ដែលជាក្តីស្រមៃថ្មីមួយបន្ថែមទៀត។



ដោយឡែក Cristiano Ronaldo ដែលជាគូប្រជែងកាលពីមុនមកនោះ ក៏បង្កើតបានកំណត់ត្រាថ្មីមួយបន្ថែមទៀតប្រចាំអាជីព ដោយបានបំបែកកំណត់ត្រាក្នុងនាមជាកីឡាករបង្ហាញខ្លួនលេងឱ្យក្រុមជម្រើសជាតិច្រើនជាងគេបង្អស់ ខណៈព័រទុយហ្កាល់បានយកឈ្នះការប្រកួតលើលិចតិនស្តាញលទ្ធផល ៤-០។ Ronaldo ស៊ុតចូលពីរគ្រាប់អបអរការប្រកួតជាមួយការបង្កើនកំណត់ត្រាគ្រាប់បាល់ច្រើនជាងគេសម្រាប់ជម្រើសជាតិ។
 
Ronaldo ដែលចូលវ័យ ៣៨ឆ្នាំ កាលពីខែមុន បានបំបែកកំណត់ត្រាបង្ហាញខ្លួនលេងឱ្យជម្រើសជាតិចំនួន ១៩៧លើក នាំមុខកីឡាករសញ្ជាតិកូវ៉ែត Bader Al-Mutawa ដែលបង្ហាញខ្លួនលេងឱ្យជម្រើសជាតិបានចំនួន ១៩៦លើក។ ចំណែក Messi វិញ រូបគេស្ថិតនៅលំដាប់ថ្នាក់លេខ ១២ ដោយបានបង្ហាញខ្លួនជាមួយជម្រើសជាតិចំនួន ១៧២ប្រកួតតែប៉ុណ្ណោះ។
Ronaldo បានវិលត្រលប់មកកាន់ក្រុមព័រទុយហ្កាល់វិញក្នុងនាមជាប្រធានក្រុមសម្រាប់ដំណើរការប្រជែងកៅអី ​Euro 2024 ដែលជាក្រុមស្ថិតក្នុងពូល J៕
 
 

Tag:
 Lionel Messi
© រក្សាសិទ្ធិដោយ thmeythmey.com