កីឡាអន្តរជាតិ
ស៊ីហ្គេម២០២៣
អន្តរជាតិ
ទីក្រុង Tagaytay នឹងបើកទ្វាទទួលក្បួនដង្ហែភ្លើងគប់ ស៊ីហ្គេម លើកទី៣២ ជំនួសក្រុងម៉ានីល
24, Mar 2023 , 10:29 pm        
រូបភាព
ក្បួនរត់ភ្លើងគប់ នៅប្រទេសវៀតណាម រូបពី Camsoc
ក្បួនរត់ភ្លើងគប់ នៅប្រទេសវៀតណាម រូបពី Camsoc
លោក Abraham Tolentino ប្រធានគណៈកម្មាធិការអូឡាំពិកហ្វីលីពីន (POC) បាននិយាយថា ទីក្រុង Tagaytay គឺជាទីតាំងសម្រាប់ទទួលក្បួនដង្ហែភ្លើងគប់ស៊ីហ្គេម ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ បន្ទាប់ពី បញ្ចប់នៅប្រទេសវៀតណាម។ លោក ញ៉ាន សុខវិសាល ប្រធាននាយកដ្ឋានទំនាក់ទំនង អន្តរជាតិ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឲ្យដឹងថា ការផ្លាស់ប្ដូទីតាំងនៅ ដែលខុសពីកម្មវិធី បានត្រៀមដង្ហែនៅតាមប្រទេសក្នុងតំបន់អាស៊ាន គឺជាការសម្រួលកម្មវិធីឲ្យប្រព្រឹត្តិទៅបានរលូន ព្រោះទីតាំង ដែលបានកំណត់អាចមមាញឹក ដោយកត្តាបុណ្យប្រពៃណីជាតិ និងអាកាសធាតុ របស់ប្រទេសម្ចាស់ផ្ទះ មិនអំណោយផល។



គណៈកម្មការជាតិរៀបចំកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ (CAMSOC) បានកំណត់យកទីក្រុងម៉ានីលនៃប្រទេសហ្វីលីពីន ជាទីតាំងដង្ហែក្បួនភ្លើងគប់បន្ទាប់ពីវៀតណាម។ ប៉ុន្ដែ ទីតាំងសម្រាប់ដង្ហែនេះ ត្រូវបានប្ដូទៅទីក្រុង Taygaytay វិញ។ បើយោងទៅលើការផ្សាយរបស់វេបសាយ Philstar Globe នារសៀលថ្ងៃទី២៤ ខែមីនា លោក Abraham Tolentino និយាយថា៖«ហ្វីលីពីន គឺស្វាគមន៍នៅក្បួនដង្ហែភ្លើងគប់នេះ ដែលជាពិធីដ៏ឱឡារឹក ជាសញ្ញាបញ្ជាក់ពីការធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម ជាលើកដំបូងរបស់ប្រទេសកម្ពុជា។»។
 
ការផ្លាស់ប្ដូទីក្រុងនេះ មិនមានន័យថាអវិជ្ជាមានអ្វីទេ ប៉ុន្ដែគឺជាការសម្រួលទៅដល់ក្បួនដង្ហែនេះ ឲ្យប្រព្រឹត្តិទៅយ៉ាងរលូន។ ម្យ៉ាងវិញទៀត ប្រទេសហ្វីលីពីន កំពុងប្រារព្ធធ្វើរ៉ាម៉ាឌន (Ramadan) ផងដែរ។ 
 
លោក ញ៉ាន សុខវិសាល បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា ប្រទេសជាម្ចាស់ផ្ទះ ដែលទទួលស្វាគមន៍ ក្បួនដង្ហែភ្លើងគប់ស៊ីហ្គេម លើកទី៣២នេះ អាចផ្លាស់ប្ដូទីតាំង ដោយមានការពិភាក្សាគ្នា ជាមួយគណៈកម្មការអូឡាំពិករបស់ប្រទេសក្នុងតំបន់អាស៊ាន។ ប្រធាននាយកដ្ឋានទំនាក់ទំនងអន្ដរជាតិ NOCC រូបនេះ បានប្រាប់ដូច្នេះថា៖«ជួនកាលប្រទេស ដែលចាំទទួលនោះ មានពិធីបុណ្យប្រពៃណី ឬកត្តាអាកាសធាតុ មិនអំណោយផល ដូច្នេះ គេនឹងរកវិធីធ្វើឲ្យក្បួនដង្ហែ និងរត់ភ្លើងគប់នៅទីនោះ ឲ្យបានរលូន។»។
 
គួរបញ្ជាក់ថា ក្បួនដង្ហែភ្លើងគប់ នៅទីក្រុង Tagaytay នៅប្រទេសហ្វីលីពីន នឹងចាប់ផ្ដើមវេលាម៉ោង ៧:០០ព្រឹក នាថ្ងៃច័ន្ទ ទី២៧ ខែមីនា ឆ្នាំ២០២៣៕
 

Tag:
 ភ្លើងគប់
  Torch Relay
  POC
© រក្សាសិទ្ធិដោយ thmeythmey.com