កីឡាអន្តរជាតិ
អន្តរជាតិ
វ័យ១១ឆ្នាំ អត្តពលិកហែលទឹក​ម៉ាឡេស៊ី Aleesya មានឈ្មោះប្រកួតស៊ីហ្គេមនៅកម្ពុជា
24, Mar 2023 , 8:59 pm        
រូបភាព
រូបភាពពី ZonaSuri
រូបភាពពី ZonaSuri
Zara Aleesya Mohamad Suadi វ័យត្រឹម១១ឆ្នាំ នឹងចូលរួមប្រកួតដណ្តើមមេដាយលើប្រភេទវិញ្ញាកីឡាហែលទឹកជើងទានៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។ Zara នឹងក្លាយជាកីឡាការិនីវ័យក្មេងបំផុត ក្នុងព្រឹត្តិការណ៍អាស៊ីអាគ្នេយ៍លើកទី៣២ លើប្រភេទកីឡាហែលទឹក។



Zara ដែលចាប់ផ្តើមរៀនហែលទឹកតាំងពីអាយុ៦ឆ្នាំដោយប្រើឧបករណ៍ជំនួយកន្ទុយទា (Fins) ត្រូវបានគេដាក់រហ័សនាមឱ្យថា នាងមច្ឆាតូច។ 
 
មូលហេតុចម្បងនៃការរៀនហែលទឹករបស់នាង គឺដោយសារតែឪពុកម្តាយដែលមានលោក Mohamad Suadi Samsuddin និងអ្នកស្រី Haslinda Haron ចង់ឱ្យកូនធ្វើរឿងរ៉ាវដែលមានន័យក្នុងជីវិតជាជាងជាប់គាំងនិងការលេងឧបករណ៍អេឡិចត្រូនិច។
  

រូបភាពពីទីភ្នាក់ងារសារព័ត៌មានម៉ាឡេស៊ី Bernama.com
 
ជាមួយជំនាញលើការហែលទឹកឈានដល់កម្រិតនៃការប្រកួតប្រជែងជាមួយនឹងមនុស្សវ័យជំទង់បែបនេះ​ Zara ត្រូវបានជ្រើសរើសក្នុងការតំណាងឱ្យប្រទេសម៉ាឡេស៊ីក្នុងប្រភេទវិញ្ញសារហែលទឹកបណ្តាក់ជើងទាចម្ងាយ ១០០ម៉ែត្រ (4x100m Surface Relay) និងហែលទឹកបណ្តាក់ជើងទាចម្ងាយ ៥០ម៉ែត្រ (4x50m Surface Relay)។ 
 
Zara ត្រូវបានម៉ាឡេស៊ីជ្រើសរើសដើម្បីតំណាងប្រទេស បន្ទាប់ពីនាងបានឈ្នះមេដាយមាសចំនួន ៥ និងប្រាក់មួយក្នុងការប្រកួតពានរង្វាន់ហែលទឹកថ្នាក់ជាតិម៉ាឡេស៊ីឆ្នាំ ២០២៣ (Malaysian Finswimming Championships) ។
 
បន្ទាប់ពីបានជ្រើសរើសសម្រាប់ចូលរួមប្រកួតស៊ីហ្គេមត្រឹមវ័យ ១១ឆ្នាំ Zara Aleesya បានបង្ហាញអារម្មណ៍រីករាយ និងប្តេជ្ញាប្រកួតប្រជែងជាមួយអត្តពលិកវ័យជំទង់ដទៃផ្សេងទៀត។
 
«វានឹងក្លាយការប្រកួតប្រជែងដ៏អស្ចារ្យ នៅពេលដែលយើងដឹងថាយើងនឹងត្រូវតទល់ជាមួយមនុស្សធំ ហើយខ្ញុំសង្ឃឹមថានឹងអាចឈានដល់គោលដៅ។ តាំងតែដំបូង កាលវិភាគ ការបង្រៀន និងការហ្វឹកហាត់ហែលទឹកគឺតឹងរឹង ប៉ុន្តែនៅពេលនេះជារឿងធម្មតា ហើយមិនពិបាកក្នុងការគ្រប់គ្រងពេលវេលានោះទេ ហើយខ្ញុំសប្បាយចិត្តដែលបានទៅកាន់ស៊ីហ្គេម។»។ Zara បាននិយាយប្រាប់ទៅកាន់ទីភ្នាក់ងារសារព័ត៌មានម៉ាឡេស៊ី Bernama បែបនេះ។
 
លោកស្រី Haslinda ម្តាយ Zara បាននិយាយថាអ្នកស្រីនឹងស្វាមីមានភាពភ្ញាក់ផ្អើល ដែលឃើញកូនស្រីត្រូវបានជ្រើសរើសឱ្យទៅប្រកួតប្រជែងជាមួយអ្នកហែលទឹកវ័យជំទង់ផ្សេងទៀត។
គិតមកដល់ពេលនេះ ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ កម្ពុជា នៅសល់ត្រឹមតែរយៈពេល ៤២ថ្ងៃទៀតតែប៉ុណ្ណោះ នឹងឈានទៅដល់កម្មវិធីបើកព្រឹត្តិការណ៍ដ៏ធំលើកដំបូងនៅថ្ងៃទី៥ ខែឧសភា៕
 
 
 

Tag:
 ស៊ីហ្គេម២០២៣
  Zara Aleesya
© រក្សាសិទ្ធិដោយ thmeythmey.com