កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
Merlion Cup៖ U-22 កម្ពុជា ត្រូវប្រកួតដណ្តើមលេខ៣ ក្រោយចាញ់ម៉ាឡេស៊ី ៤-២
24, Mar 2023 , 5:53 pm        
រូបភាព
លឹម ពិសុទ្ធ ស៊ុតបញ្ចូលទីក្រុមម៉ាឡេស៊ី។ រូបភាព FFC
លឹម ពិសុទ្ធ ស៊ុតបញ្ចូលទីក្រុមម៉ាឡេស៊ី។ រូបភាព FFC
ក្រុមកីឡាបាល់ទាត់ឈុតស៊ីហ្គេម អាយុក្រោម ២២ឆ្នាំកម្ពុជា ចាញ់ម៉ាឡេស៊ី ៤-២ ក្នុងការប្រកួតពានរង្វាន់ Merlion Cup 2023 នាថ្ងៃទី២៤ ខែមីនា នៅកីឡដ្ឋាន Jalan Besar ប្រទេសសិង្ហបុរី។ នេះជាបរាជ័យលើកដំបូងរបស់ U-22 កម្ពុជា ក្នុងការជួបគ្នាជាមួយម៉ាឡេស៊ី៣លើកចុងក្រោយ។


ត្រឹម៣០នាទីដំបូង ម៉ាឡេស៊ីរកបានគ្រាប់បាល់នាំមុខមុនដល់ទៅ២គ្រាប់ ដោយគ្រាប់ទី១រកបាននៅនាទី១៣។ ៦នាទីបន្ទាប់ពីការនាំមុខ លឹម ពិសុទ្ធ តាមបាន១គ្រាប់វិញពោលនៅនាទី៣៦ តាមរយៈការដណ្តើមបាល់ពីអ្នកចាំទីម៉ាឡេស៊ីនៅតំបន់គ្រោះថ្នាក់។ ចប់វគ្គទី១ ម៉ាឡេនាំមុខកម្ពុជា ២-១។

ចូលដល់វគ្គទី១ ស្របពេលការប្រកួតដំណើរការបាន៥នាទី សៀង ចន្ធា តាមស្មើឱ្យគោព្រៃចំទង់ ២-២ វិញ មុនពេលម៉ាឡេស៊ីរកបាន២គ្រាប់ជាបន្តបន្ទាប់ ដើម្បីយកឈ្នះកម្ពុជាក្នុងលទ្ធផល ៤-២។

តាមរយៈជ័យជម្នះនេះ ម៉ាឡេស៊ីត្រូវឡើងទៅវគ្គផ្តាច់ព្រ័ត្រ ដោយត្រូវរង់ចាំជំនួបរវាងម្ចាស់ផ្ទះសិង្ហបុរីជាមួយហុងកុងនៅម៉ោង ៧:៣០នាទី ថ្ងៃដដែលនេះ។ កម្ពុជា នៅសល់ប្រកួតដណ្តើមយកចំណាត់ថ្នាក់លេខ៣ នៃពានរង្វាន់ Merlion Cup ឆ្នាំ២០២៣ នេះដែរ។

ការប្រកួត Merlion Cup ឆ្នាំ២០២៣ មានតែ៤ក្រុមចូលរួមប្រកួតតែប៉ុណ្ណោះ។ នេះ ជារដូវកាលទី៩ហើយ ដែលពានរង្វាន់ Merlion បានប្រព្រឹត្តទៅ បន្ទាប់ពីការប្រកួតដំបូងនាឆ្នាំ១៩៨២។

ចាប់តាំងពីបង្កើតនាឆ្នាំ១៩៨២ ពានរង្វាន់ Merlion បានធ្វើជារៀងរាល់ឆ្នាំ រហូតដល់ឆ្នាំ១៩៨៦ ហើយក៏បានខកខាន។ លុះមកដល់ឆ្នាំ១៩៩២ ព្រឹត្តិការណ៍នេះ ក៏ត្រូវបានចាប់ធ្វើម្ដងទៀត ហើយក៏ខកខានម្ដងទៀត រហូតដល់ឆ្នាំ២០០៩។ បន្ទាប់ពីឆ្នាំនោះមក ពានរង្វាន់ Merlion ត្រូវបានផ្អាក់ការប្រកួតអស់រយៈពេល ១ទសវត្យ ហើយក៏ចាប់បន្ដប្រកួតវិញ នៅឆ្នាំ២០១៩។

នាចុងឆ្នាំ២០១៩ ដោយសារតែបញ្ហាកូវីដ-១៩ ពានរង្វាន់មួយនេះ ត្រូវបានលើកពេល រហូតមកដល់ឆ្នាំ២០២៣ ដែលមានវត្តមានជម្រើសជាតិអាយុក្រោម២២ឆ្នាំកម្ពុជា ចូលរួមប្រកួត៕


© រក្សាសិទ្ធិដោយ thmeythmey.com