ជាតិ
ខ្វះទឹក! ពលរដ្ឋខ្លះក្រោកចាំទឹកពីយប់ ខ្លះបង្ខំចិត្តទៅនៅផ្ទះបងប្អូន…
25, Mar 2023 , 11:29 am        
រូបភាព
ដោយ:
ថ្មីៗនេះ មានពលរដ្ឋជាច្រើននៅតាមសង្កាត់មួយចំនួន ក្នុងរាជធានីភ្នំពេញ បានត្អូញត្អែរដោយសារ ខ្វះទឹកប្រើប្រាស់ រហូតដល់អ្នកខ្លះបង្ខំចិត្តទៅស្នាក់នៅផ្ទះបងប្អូន។ ទន្ទឹមនឹងនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក៏បានសុំការអធ្យាស្រ័យពីប្រជាពលរដ្ឋ ហើយសន្យាដោះស្រាយក្នុងលក្ខណៈប្រព័ន្ធ និងជាជំហានៗ។



អ្នកស្រី គង់ ច័ន្ទសុក្នី ជាពលរដ្ឋរស់នៅសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានលើកឡើងថា ផ្ទះរបស់អ្នកស្រីដាច់ទឹកប្រើប្រាស់ ១សប្ដាហ៍មកហើយ ខណៈកន្លងមកមិនដែលជួបបញ្ហាដាច់ទឹកបែបនេះឡើយ។ អ្នកស្រី គង់ ច័ន្ទសុក្នី បានរៀបរាប់ថា ចាប់ពីម៉ោង ៦ព្រឹក ផ្ទះអ្នកស្រី អត់មានទឹកប្រើប្រាស់នោះទេ រហូតដល់ម៉ោង ១០ ទៅ១១យប់ ទើបមានទឹកប្រើប្រាស់វិញ តែត្រូវរង់ចាំយូរព្រោះទឹកចេញតិចតួចបំផុត។

«ខ្ញុំត្រូវប្រើប្រាស់ដាំស្ល អ៊ឹចឹងពេលយប់ខ្ញុំត្រូវបូមទឹកទុកក្នុងធុងធំ។ ខ្ញុំពិបាកព្រោះត្រូវចំណាយពេលដើរទៅដង ពីជាន់ក្រោមទៅជាន់លើ ហើយនៅចាំយូរទៀត ព្រោះអត់សូវមានទឹក អ៊ឹចឹងទម្រាំបានទឹកប្រើពិបាកមែនទែន។ កាលមុនទឹក ១ធុង ងូតម្នាក់ឯង តែឥឡូវអត់ទឹកសន្សំសំចៃ ខ្ញុំងូតតែកន្លះធុងអីទេ»។ នេះបើតាមអ្នកស្រី គង់ ច័ន្ទសុក្នី បានប្រាប់សារព័ត៌មានឌីជីថលថ្មីៗ នៅថ្ងៃទី ២៤ខែមីនា។



ពលរដ្ឋម្នាក់ រស់នៅភូមិពៃ្រពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលសុំមិនបញ្ចេញឈ្មោះ ក៏ជួបបញ្ហាខ្វះទឹកប្រើប្រាស់ដូចគ្នា។ នៅតំបន់ដែលលោករស់នៅដាច់ទឹកពេលថ្ងៃ ហើយនៅពេលយប់មានទឹកប្រើប្រាស់តិចតួច។ ប៉ុន្តែប្រមាណ ២០ថ្ងៃមកនេះ ផ្ទះរបស់លោក គ្មានទឹកប្រើប្រាស់នោះទេ រហូតដល់សម្រេចចិត្តនាំគ្រួសារទៅរស់នៅផ្ទះបងប្អូន។ បុរសអាយុ ៣០ឆ្នាំរូបនេះ បានរៀបរាប់ពីផលលំបាកថា គ្រួសាររបស់លោកត្រូវចំណាយថវិកាដើម្បីទិញទឹកប្រើបា្រស់ច្រើន ដែលនៅទីនោះទឹកមួយធុង តម្លៃ៤ម៉ឺនរៀល ដែលក្នុងមួយខែលោកត្រូវ ចំណាយថវិកាទិញទឹកអស់ប្រមាណ ៣២ម៉ឺនរៀល ។

ពលរដ្ឋរស់នៅសង្កាត់សំរោងក្រោមរូបនេះ បានបន្តថា បើមិនទិញទឹក ហើយសម្រេចចិត្តប្រើប្រាស់ទឹកអណ្ដូង គឺប្រឈមហានិភ័យខ្ពស់ ដែលអាចឆ្លងជំងឺជាច្រើន ព្រោះទឹកអណ្ដូងមានច្រេះ និងមេរោគជាច្រើន។ លោកបន្តថា ៖«ទឹកពេលបូមចេញមកថ្លា តែទុកមួយយប់ទឹកឡើងខ្មៅ មានជាតិប្រេង ទើបខ្ញុំគិតថាទឹកអណ្ដូងមានមេរោគច្រើន។ ខ្ញុំព្យាយាមអត់ប្រើវាដាំបាយទេ ប្រើទឹកសុទ្ធ ហើយទៅច្រកទឹកពីផ្ទះបងប្អូនខ្ញុំនៅបែកចាន»។ ចម្ងាយប្រមាណជាង ១០គីឡូម៉ែត្រ ដែលពលរដ្ឋរូបនេះ តែងតែទៅដងទឹកនៅផ្ទះម្ដាយ និងបងប្អូន ដើម្បីយកមកប្រើប្រាស់ប្រចាំថ្ងៃ។ ប៉ុន្តែរយៈពេលដាច់ទឹកខ្លាំងនេះ រូបគេ និងគ្រួសារមិនអាចស្នាក់នៅផ្ទះរបស់ខ្លួនបាននោះទេ ព្រោះតែកត្តាដាច់ទឹកនេះ។



លោកបញ្ជាក់ថា៖«ខ្ញុំលំបាកមែនទែន ព្រោះពេលចូលបន្ទប់ទឹក ងូតទឹក អត់មានទឹកប្រើប្រាស់ពិបាក អ៊ឹចឹងត្រូវបង្ខំចិត្តទៅដេកផ្ទះបង ផ្ទះម៉ាក! យើងមានផ្ទះហើយ អត់អាចនៅផ្ទះខ្លួនឯងបានទៀត វាពិបាកអ៊ឹចឹង»។

ពលរដ្ឋរូបនេះ បានបន្ថែមថា កាលពីដើមឆ្នាំ២០២៣ អាចបូមទឹកបានប្រើប្រាស់នៅពេលយប់ តែពេលឈានចូលខែមីនានេះ គ្មានទឹកប្រើប្រាស់សូម្បីមួយតំណក់។ បុរស អាយុ ៣០ឆ្នាំរូបនេះ ក៏បានស្នើឱ្យអាជ្ញាធរពាក់ព័ន្ធជួយដោះស្រាយ និងពន្លឿនបញ្ហាអត់ទឹកប្រើប្រាស់ជូនពលរដ្ឋផងដែរ។

ជុំវិញបញ្ហានេះ កាលពីថ្ងៃទី២៣ ខែមីនា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) ក៏ជូនដំណឹងទៅពលរដ្ឋ និង សូមការយោគយល់ អធ្យាស្រ័យពីអតិថិជន ដោយសន្យាដោះស្រាយក្នុងលក្ខណៈប្រព័ន្ធ និងជាជំហានៗ ចាប់ពីខែឧសភា តទៅ។

នៅឆ្នាំ២០២៣ រ.ទ.ស.ភ បានបញ្ជាក់ថា តម្រូវការទឹកប្រើប្រាស់បានកើនឡើងជាង ៨៩ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ខណៈសមត្ថភាពផលិតបានត្រឹមតែ ៦៤ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ពោលគឺខ្វះ ២៥ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ៕

Tag:
 ខ្វះទឹកប្រើប្រាស់
© រក្សាសិទ្ធិដោយ thmeythmey.com