អន្តរជាតិ
អាម៉េរិក ព្រមានពីការសន្យាខ្យល់របស់ចិន ខណៈហុងឌូរ៉ាសប្រុងដោះដៃពីតៃវ៉ាន់ទៅរកប៉េកាំងវិញ
25, Mar 2023 , 8:29 pm        
រូបភាព
ស្ថានបេសកកម្មអាម៉េរិក ប្រចាំទីក្រុងតៃប៉ិបានលើកឡើងនៅថ្ងៃទី២៤ ខែមីនាថា ការសម្រេចចិត្តរបស់ហុងឌូរ៉ាសចំពោះការខិតជិតទៅទំនាក់ទំនងជិតស្និទ្ធជាមួយចិនវិញជារឿងមិនល្អនោះឡើយ។ អាម៉េរិកលើកឡើងពីការសន្យាខ្យល់របស់ប៉េកាំងចំពោះការទទួលស្គាល់គោលការណ៍របស់ចិន។

 
ជុំវិញការប្រែប្រួលចុងក្រោយរវាងតៃវ៉ាន់ និងហុងឌូរ៉ាស អាម៉េរិកក៏ចេញមុខព្រមានប្រទេសទ្វីបអាម៉េរិកមួយនេះដែរ។
 
«ដោយមិនគិតពីការសម្រេចចិត្តរបស់ហុងឌូរ៉ាស អាម៉េរិក នឹងបន្តធ្វើឱ្យស៊ីជម្រៅ និងពង្រីកទំនាក់ទំនងរបស់យើងជាមួយតៃវ៉ាន់ស្របតាមគោលនយោបាយចិនតែមួយរបស់យើងដែលមានរយៈពេលយូរ»។ នេះបើតាមអ្នកនាំពាក្យវិទ្យាស្ថានអាម៉េរិក នៅតៃវ៉ាន់ ដែលជាស្ថានទូតអាម៉េរិកនៅទីក្រុងតៃប៉ិ។
 
បើតាមអ្នកនាំពាក្យដដែល អាម៉េរិកលើកទឹកចិត្តយ៉ាងមុតមាំឱ្យប្រទេសទាំងអស់ពង្រីកការចូលរួមជាមួយតៃវ៉ាន់ និងបន្តឈរលើជំហរផ្នែកប្រជាធិបតេយ្យ អភិបាលកិច្ចល្អ តម្លាភាព និងការប្រកាន់ខ្ជាប់នីតិរដ្ឋ។
 
ក្នុងករណីហុងឌូរ៉ាសភ្ជាប់ទំនាក់ទំនងជាមួយចិន តៃវ៉ាន់នឹងនៅសល់ទំនាក់ទំនងផ្លូវការជាមួយប្រទេស១៣ទៀតប៉ុណ្ណោះ ដែលសុទ្ធសឹងជាប្រទេសក្រីក្រ និងប្រទេសកោះ៕

Tag:
 អាម៉េរិក
  ចិន
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com