ជាតិ
លោកស្រី ឱ វណ្ណឌីន ឱ្យគ្រូពេទ្យពង្រឹងសមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈ
25, Mar 2023 , 8:59 pm        
រូបភាព
លោកស្រី ឱ វណ្ណឌីន ក្នុងសន្និបាតរបស់មន្ទីរសុខាភិបាលខេត្តសៀមរាប នាថ្ងៃទី២៣ មីនា។
លោកស្រី ឱ វណ្ណឌីន ក្នុងសន្និបាតរបស់មន្ទីរសុខាភិបាលខេត្តសៀមរាប នាថ្ងៃទី២៣ មីនា។
សៀមរាប៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន ចង់ឱ្យគ្រូពេទ្យទាំងអស់ ពង្រឹងសមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួនឱ្យបានល្អ សមនឹងអ្វីដែលប្រជាពលរដ្ឋជឿទុកចិត្ត។

 
ដើម្បីឆ្លើយតបតាមសម័យបច្ចេកវិទ្យា លោកស្រី ឱ វណ្ណឌីន យល់ថា គ្រូពេទ្យទាំងអស់ គួរចេះប្រើកុំព្យូទ័រ និងទូរសព្ទឆ្លាតវៃ ឬស្មាតហ្វូន។ សម្រាប់លោកស្រីអ្នកនាំពាក្យ ការចេះប្រើប្រាស់ឧបករណ៍ទាំងនេះ នឹងជួយកិច្ចការងារជាច្រើនដល់គ្រូពេទ្យមួយកម្រិតទៀត។
 
ក្រៅពីនេះ លោកស្រីរដ្ឋលេខាធិការក្រសួងសុខាភិបាល ក៏បានក្រើនរំឭកដល់គ្រូពេទ្យពីរឿងក្រមសីលធម៌ វិជ្ជាជីវៈផងដែរ។ ថ្លែងក្នុងសន្និបាតបូកសរុបការងារមន្ទីរសុខាភិបាលខេត្តសៀមរាប ឆ្នាំ២០២២ និងទិសដៅ២០២៣ លោកស្រី ឱ វណ្ណឌីន លើកឡើងដូច្នេះថា៖«ត្រូវបន្តអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាលរបស់យើង ដើម្បីបន្តរក្សានូវកិត្តិនាម កងទ័ពអាវស ដែលសាធារណជន ប្រជាពលរដ្ឋ លោកបានប្រសិទ្ធនាមជូន នៅក្នុងដំណាក់កាលប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩»។


 
ទាក់ទងនឹងការអភិវឌ្ឍធនធានមនុស្សនេះដែរ បើតាម លោក ក្រុស សារ៉ាត់ ក្នុងឆ្នាំ២០២២ មន្ទីរមានមន្រ្តីសុខាភិបាល សរុបជិត១២០០នាក់ ក្នុងនោះវេជ្ជបណ្ឌិត៩៨នាក់ និងវេជ្ជបណ្ឌិតឯកទេស ២២នាក់ ឆ្មប៣៧៧នាក់។
 
មន្ទីរសុខាភិបាលខេត្តសៀមរាប ក៏បានបញ្ជូនមន្រ្តីរាជការ ជាង៦០០នាក់ ឱ្យចូលរួមវគ្គបណ្ដុះបណ្ដាលជាបន្តបន្ទាប់ ដើម្បីបង្កើនចំណេះដឹង បទពិសោធន៍ថ្មីៗ ស្របតាមការរីកចម្រើនផ្នែកវិទ្យាសាស្រ្ដនាពេលបច្ចុប្បន្ន សរុប១៩វគ្គ និងក្រៅផែនការ៧២វគ្គ។
 
លោក ក្រុស សារ៉ាត់ ក៏បានសរុបទិន្នន័យអ្នកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទូទាំងខេត្តផងដែរ។ សម្រាប់អ្នកចាក់ដូសទី១ មានជាង ៩៩ម៉ឺននាក់ ដូសទី២ជាង៩៥ម៉ឺននាក់ ដូសទី៣ ជាង៦៧ម៉ឺននាក់ ដូសទី៤ ជាង២៧ម៉ឺននាក់ ដូសទី៥ ជិត៣៨ពាន់នាក់ និងដូសទី៦ ជាង១ពាន់នាក់៕



Tag:
 សុខាភិបាល
  ឱ វណ្ណឌីន
© រក្សាសិទ្ធិដោយ thmeythmey.com