អន្តរជាតិ
ប្រមុខការទូតនូវែលសេឡង់ បង្ហាញកង្វល់ជាមួយចិនលើបញ្ហាសមុទ្រចិនខាងត្បូងនិងកោះតៃវ៉ាន់ រដ្ឋមន្រ្តីការបរទេសនូវែលសេឡង់ Nanaia Mahuta ។ រូបថត AFP
× រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ Nanaia Mahuta សម្តែងការព្រួយបារម្ភអំពីបញ្ហានៅសមុទ្រចិនខាងត្បូង និងភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់ក្នុងអំឡុងពេលពិភាក្សាជាមួយសមភាគីចិនក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង។ នេះបើតាមការប្រកាសរបស់ក្រសួងការបរទេសនូវែលសេឡង់។
«លោកស្រី Nanaia Mahuta បានសម្តែងការព្រួយបារម្ភអំពីការវិវត្តនៅសមុទ្រចិនខាងត្បូង និងភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់»។ សេចក្ដីថ្លែងការណ៍ក្រសួង ការបរទេសនូវែលសេឡង់បានបញ្ជាក់បែបនេះ។
លោកស្រី Mahuta បានទៅដល់ចិនកាលពីថ្ងៃទី២២ ខែមីនាសម្រាប់ដំណើរទស្សនកិច្ចរយៈ ពេល៤ថ្ងៃ។ នេះគឺជាដំណើរទស្សនកិច្ចដំបូងដោយរដ្ឋមន្ត្រីនូវែលសេឡង់ចាប់តាំងពីឆ្នាំ២០១៩ ហើយរដ្ឋមន្ត្រីរូបនេះលើកឡើងថា បណ្តាទាំងពីរទន្ទឹងរង់ចាំបន្តការសន្ទនាដោយផ្ទាល់លើបញ្ហាជាច្រើនបន្ទាប់ពីការខកខានជាច្រើនឆ្នាំក្នុងទំនាក់ទំនងទល់មុខគ្នាផ្ទាល់។
លោកស្រី ក៏បានជួបជាមួយអ្នកការទូតជាន់ខ្ពស់ វ៉ាង យី ក៏ដូចជាមេដឹកនាំក្រុមហ៊ុនាននា។
បើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន លោក វ៉ាង បានប្រាប់លោកស្រី Mahuta ថា ចិន និងនូវែលសេឡង់តែងតែគោរព និងជឿទុកចិត្តគ្នាទៅវិញទៅមក។ ក្នុងជំនួបជាមួយរដ្ឋមន្ត្រី ការបរទេសចិន ឈីន កាង វិញ ក្នុងសេចក្តីថ្លែងការណ៍ដដែលរបស់នូវែលសេឡង់ លោកស្រី Mahuta បានកត់សម្គាល់ពីការព្រួយបារម្ភយ៉ាងខ្លាំងរបស់នូវែលសេឡង់ទាក់ទងនឹងស្ថានភាពសិទ្ធិមនុស្សនៅស៊ីនជាំង និងការលុបបំបាត់សិទ្ធិ និងសេរីភាពនៅហុងកុង។
ជាមួយគ្នានោះ រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់បានអញ្ជើញសមភាគីចិនឱ្យទៅទស្សនកិច្ចនៅនូវែលសេឡង់ ហើយថែមទាំងបានកំណត់ពីដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីនូវែលសេឡង់ Chris Hipkins ទៅកាន់ចិនដែលប្រហែលជាកើតមានក្នុងឆ្នាំនេះផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com