កីឡាជាតិ
ជាតិ
សៀងហៃ កីឡាករ និងគ្រូគុនខ្មែរនៅបារាំង ថាដើម្បីឈ្នះត្រូវមានចិត្តស្ងប់ មិនឆេវឆាវ 
កីឡាករធីម សៀងហៃ (កណ្តាលពាក់ខ្សែក្រាវត់) ក្រោយប្រកួតឈ្នះពិន្ទុកីឡាករបារាំង កាលីត កាស៊ីម៉ិ។ រូបពី សៀងហៃគុនខ្មែរ
×![]()
កីឡាករ និងគ្រូប្រដាល់គុនខ្មែរវ័យក្មេងនៅប្រទេសបារាំង លោក ធីម សៀងហៃ លើកឡើងថាដើម្បីឈ្នះគូប្រកួតនៅលើសង្វៀន កីឡាករត្រូវមានចិត្តស្ងប់ មិនអាចឆេវឆាវបានឡើយ។ សៀងហៃ ប្រាប់សារព័ត៌មានថ្មីៗ តាមសារអេឡិចត្រូនិក នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ដូច្នេះ ក្រោយឈ្នះខ្សែក្រវាត់ AFMT នៃពានរង្វាន់ France Championship នៅប្រទេសបារាំង កាលពីថ្ងៃទី១៨ ខែមីនា កន្លងទៅ។
កីឡាករប្រដាល់គុនខ្មែរ ធីម សៀងហៃ បានយកឈ្នះកីឡាករបារាំង កាលីត កាស៊ីម៉ិ ដោយពិន្ទុលើប្រភេទទម្ងន់ ៥៤គីឡូក្រាម ក្នុងកម្មវិធីប្រកួត King Gloves។ ការទទួលបានជ័យជម្នះនេះដែរគ្រូប្រដាល់វ័យក្មេងចិត្តស៊ូ ធីម សៀងហៃ ប្រាប់ពីមូលដ្ឋានគ្រឹះដែលនាំឱ្យខ្លួនទទួលបានជោគជ័យក្នុងការប្រកួតនោះផងដែរ។
«ការប្រកួតរបស់យើងយូរៗវាយម្តងវាមិនរហ័សរហួនទេ។ ការប្រកួតរបស់យើងត្រូវស្មឹងស្មាធ ពេលវាយកុំមានចិត្តឆេវឆាវ បើយើងឆេវឆាវនោះនឹងឆាប់ខ្សោយកម្លាំង»។ គ្រូប្រដាល់វ័យ២៤ឆ្នាំ ប្រាប់ដូច្នេះ។
សៀងហៃ ដែលមានដើមកំណើតនៅខេត្តកោះកុង មានប្រវត្តិប្រកួតលើសង្វៀនទឹកដីត្រជាក់នាប្រទេសបារាំង ៤លើកមកហើយដោយឈ្នះ៣ និងចាញ់១។ សម្រាប់ទម្ងន់ ៥៤គីឡូក្រាម សៀងហៃ បានជាប់ជាកីឡាករដែលស្ថិតក្នុងរង្វង់ AFMT Ranking Classes A 2022 ផងដែរ។
គួបញ្ជាក់ថា គ្រូប្រដាល់គុនខ្មែរវ័យក្មេង ធីម សៀងហៃ បានទៅរស់នៅ និងបង្វឹកសិស្សគុននៅក្លិបប្រដាល់នៅប្រទេសបារាំង រយៈពេលបួនឆ្នាំហើយ គិតត្រឹមឆ្នាំ២០២៣នេះ៕

កីឡាករ ធីម សៀងហៃ ពេលថ្វាយបង្គុំគ្រូមុនពេលប្រកួត។ រូបពី សៀងហៃគុនខ្មែរ
Tag:
កីឡាប្រដាល់គុនខ្មែរ
ធីម សៀងហៃ
© រក្សាសិទ្ធិដោយ thmeythmey.com