ជាតិ
ប្រាសាទបាភួន ជាប្រាសាទចំណាស់ជាងគេក្នុងក្រុងអង្គរធំ
26, Mar 2023 , 7:59 am        
រូបភាព
សៀមរាប៖ ប្រាសាទបាភួន ត្រូវបានកសាងឡើងដោយព្រះបាទឧទយទិត្យវម៌្មទី២ នៅសតវត្សរ៍ទី១១ ដើម្បីឧទ្ទិសជូនព្រហ្មញសាសនា។ ប្រាសាទបាភួននេះ មានទំហំធំណាស់ ដែលមានទម្រង់ជាប្រាសាទភ្នំ និងត្រូវបានសាងសង់ក្នុងរចនាបថ បាភួន។ រចនាបថបាភួន ស្ថិតនៅក្នុងចំណោមរចនាបថធំៗរបស់ខ្មែរ។ ប្រាសាទ ដែលត្រូវបានសាងសង់ក្នុងរចនាបថបាភួន នេះ ក៏មាននៅប្រទេសថៃផងដែរនាពេលបច្ចុប្បន្ន។


 
 
ប្រាសាទបាភួន មានទម្រង់ជាប្រាសាទភ្នំ ដែលត្រូវបានកសាងឡើងអំពីថ្មភក់ បែរមុខទៅទិសខាងកើត និងមានគ្រឹះធ្វើអំពីថ្មបាយក្រៀម។ ប្រាសាទបាភួននេះ មានស្ពានចូលពីខាងមុខប្រាសាទ ជិតព្រះលានជល់ដំរី។ ស្ពាន ចូលប្រាសាទបាភួននេះ ជាកន្លែងពេញនិយមសម្រាប់ទេសចរថតរូប ជាពិសេសសម្រាប់អ្នកថតរូបអាហ៍ពិពាហ៍។ 
 
ឈ្មោះរបស់ប្រាសាទក្នុងរមណីយដ្ឋានអង្គរភាគច្រើន មិនមែនជាឈ្មោះដើម ដែលមាននៅក្នុងសិលាចារឹកឡើយ។ ឈ្មោះប្រាសាទទាំងនោះ ភាគច្រើន ត្រូវបានអ្នកស្រុក ក្នុងតំបន់អង្គរហៅ ដើម្បីសម្គាល់ប្រាសាទនីមួយៗប៉ុណ្ណោះ។ 
 
បើតាម លោក សួម សុភា បុរាណវិទូ នៃអាជ្ញាធរជាតិអប្សរា «ប្រាសាទបាភួន» មានឈ្មោះដើមថា «ត្រីភូវនតិលក»។ ប៉ុន្តែការហៅថា «ភួន» ក្លាយមកពីពាក្យថា «ភូវន»។ ពាក្យថា «បា» មានន័យថា «ព្រះ»។ ដូច្នេះ អ្នកស្រុកអង្គរ ហៅប្រាសាទនេះថា «បាភួន»។ 
 
ប្រាសាទបាភួន បានខូច និងបែកបាក់ ជាច្រើន។ ប្រាសាទនេះ ត្រូវបានជួសជុលជាច្រើនលើកច្រើនមកហើយ។ នៅសតវត្សរ៍ទី១៦ ព្រះបាទចន្ទរាជា ឬអង្គចន្ទទី១ ដែលជាព្រះមហាក្សត្រសម័យលង្វែក បានយាងត្រឡប់មកកាន់អតីតក្រុងយសោធរបុរៈវិញ។ ព្រះបាទចន្ទរាជា បានចូលរួមជួសជុល និងរៀបចំបុរាណស្ថានមួយចំនួនឡើងវិញ។ 
 
ព្រះបាទចន្ទរាជា បានកសាងរូបចម្លាក់ព្រះពុទ្ធរូបចូលនិព្វានមួយយ៉ាងធំ នៅប្រាសាទបាភួន នាសតវត្សរិ៍ទី១៦។ រូបចម្លាក់ព្រះពុទ្ធនេះ មានប្រវែង៦១ម៉ែត្រ និងកម្ពស់៩ម៉ែត្រ។ បច្ចុប្បន្ន រូបចម្លាក់ព្រះពុទ្ធចូលនិព្វាននេះ ក៏ទាក់ទាញទេសចរយ៉ាងច្រើនផងដែរ។ 
 
 
សិលាចរឹកមួយនៅសម័យលង្វែករបស់ព្រះបាទចន្ទរាជា បានប្រើពាក្យថា «ហេមាទ្រិ » ដែលមានន័យថា «ភ្នំមាស»។ វចនានុក្រមព្រះសង្ឃរាជ ជួន ណាត បានពន្យល់ដូច្នេះ៖ «ឈ្មោះប្រាសាទថ្មបុរាណមួយខ្ពស់ត្រដឹម មានសណ្ឋានស្រដៀងនឹងភ្នំយ៉ាងតូច នៅក្នុងកំពែងមហានគរ( នគរធំ ) ខាងប៉ែកទិសពាយ័ព្យនៃប្រាសាទបាយ័ន( ក្នុងខែត្រសៀមរាប ) ។ ប្រាសាទហេមាទ្រិ "ប្រាសាទភ្នំមាស ឬប្រាសាទសុមេរុ" នេះ ព្រះបាទឧទយាទិត្យវរ្ម័ន ទ្រង់ចាត់ការឲ្យកសាង ក្នុងរវាងសតវត្សរ៍ទី១៦ និងទី១៧នៃពុទ្ធសករាជ»។ 
 
សូមបញ្ជាក់ថា ព្រះបាទឧទយទិត្យវម៌្មទី២ បានកសាងប្រាសាទបាភួន ដែលក្នុងក្រុងអង្គរធំ និងប្រាសាទមេបុណ្យខាងលិច។ ប្រាសាទមេបុណ្យខាងលិចនេះ ស្ថិតនៅក្នុងបារាយណ៍ខាងលិច ឬបារាយណ៍ទឹកថ្លា៕ 

Tag:
 ប្រាសាទបាភួន
  ព្រះបាទឧទយទិត្យវរ្ម័នទី២
© រក្សាសិទ្ធិដោយ thmeythmey.com