ជាតិ
សេដ្ឋកិច្ច
អ្នកស្រី ឈឺន សុភាសី បន្តលើកកិត្តិនាម អង្ករ«នាងអំ» ដែលមានដើមកំណើតនៅក្រចេះ
25, Mar 2023 , 5:59 pm        
រូបភាព
ស្រី ឈឺន សុភាលី ម្ចាស់ហាងអង្ករស្រីមុំ ៩៩ បានថតភ្ជាប់ជាមួយស្រូវអង្ករនាងអំ។  រូបភាព៖ ស្រី មុំ / Srey Mom99
ស្រី ឈឺន សុភាលី ម្ចាស់ហាងអង្ករស្រីមុំ ៩៩ បានថតភ្ជាប់ជាមួយស្រូវអង្ករនាងអំ។ រូបភាព៖ ស្រី មុំ / Srey Mom99
ភ្នំពេញ៖ «នាងអំ» ជាពូជស្រូវបុរាណមួយប្រភេទ មានប្រភពពីខេត្តក្រចេះ ដែលត្រូវបានរកឃើញដោយស្រ្តីចំណាស់ម្នាក់ឈ្មោះ«អំ» នៅឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ អំឡុងទសវត្សរ៍៨០។


 
អង្ករនាងអំ មានក្លិនក្រអូបប្រហើរ រសជាតិឆ្ងាញ់ និងទម្ងន់ធ្ងន់។ ម្យ៉ាងទៀត វាក៏មានដើមរឹង ងាយស្រួលដាំ ព្រមទាំងធននឹងអាកាសធាតុ ទៀតផង។ ត្រឡប់ទៅទសវត្សរ៍៨០ លោកយាយអំ បានទៅចម្ការ ហើយប្រទះឃើញស្រូវមួយគុម្ព ដែលដុះប្លែកពីគេ និងមានផ្លែច្រើន។ នៅពេលនោះ លោកយាយ បានបូតស្រូវទាំងនោះមកទុក និងបន្តសាបព្រោះ នៅឆ្នាំបន្ទាប់។
 
ដោយឃើញថា ស្រូវប្រភេទមានរសជាតិឆ្ងាញ់ និងផ្ដល់ទិន្នផលខ្ពស់ ស្រ្តីចំណាស់រូបនេះ បានពង្រីកផ្ទៃដីដាំដុះ និងបានចែកចាយបន្តទៅដល់កសិករផ្សេងទៀត ក្នុងខេត្តក្រចេះ និងព្រះវិហារ។ លោកយាយអំ បានចែកឋានទៅហើយកាលពីឆ្នាំ២០១៩ ដោយបានបន្សល់កេរ្តិ៍ឈ្មោះ នៃពូជស្រូវដ៏មានគុណភាពដល់អ្នកជំនាន់ក្រោយ។  

រូបភាព៖ ស្រី មុំ   Srey Mom99
 
ក្រោយ យាយអំ ចែកឋាន អ្នកស្រី ឈឺន សុភាសី ជាម្ចាស់ហាងអង្ករស្រីមុំ ៩៩ និងកំពុងដាំដុះស្រូវនាងអំ ចង់ឃើញអង្ករនាងអំ មានឈ្មោះល្បី ដូចប្រភេទអង្ករផ្កាម្លិះ ឬផ្ការំដួលដែរ ក្រោមហេតុផល លើកតម្លៃពូជអង្ករ របស់ដូនតាខ្មែរ ដែលបានបន្សល់ទុកឱ្យ។
 
អ្នកស្រី ឈឺន សុភាសី បានឱ្យដឹងថា អង្ករនេះ មានរសជាតិឆ្ងាញ់ ទន់ ក្លិនក្រអូប ហើយងាយស្រួលដាំ ដោយសារមានដើមរឹង កម្លាំងខ្លាំង និងធនអាកាសធាតុ។ យ៉ាងណា បច្ចុប្បន្ន ស្រូវនេះ មិនទាន់ត្រូវគេស្គាល់ និងពេញនិយមបរិភោគប៉ុន្មាននោះទេ ខណៈការដាំដុះ ក៏នៅមានចំនួនតិចតួចដែរ ដែលភាគច្រើន ធ្វើជាលក្ខណៈគ្រួសារ។ 
គោលបំណងធំរបស់ម្ចាស់អាជីវកម្មរូបនេះ គឺចង់ផ្សព្វផ្សាយពូជស្រូវនាងអំ ឱ្យសារធារណៈជនបានស្គាល់កាន់តែច្បាស់ ព្រោះថាអង្ករប្រភេទនេះ មានរសជាតិឆ្ងាញ់ មិនចាញ់អង្ករល្បីៗប៉ុន្មាននោះទេ។
 
អ្នកស្រី ឈឺន សុភាសី ប្រាប់សារព័ត៌មាន ThmeyThmey25 ដូច្នេះថា៖« អង្ករហ្នឹងឆ្ងាញ់ ហើយក៏ខ្ញុំយកពិសោធន៍មកលើដីស្រែ។ ដល់ពេលខ្ញុំដាំហើយ ខ្ញុំក៏សម្រេចចិត្តយកអង្ករហ្នឹង ឡើងលើទីផ្សារ ដើម្បីឱ្យគេស្គាល់ដូចផ្ការំដួល ដូចផ្កាម្លិះដែរ ព្រោះគិតថា គុណភាពវាល្អ ហើយអ្វីដែលសំខាន់វាមានកម្លាំងមាំមួន ធននឹងការដាំដុះ ដែលយើងអត់ពិបាកថែទាំ។ មួយវិញ យើងចង់ឱ្យគេស្គាល់ថា អ្វីជារបស់ខ្មែរយើងដែលមានពីដូនតាហើយ»។ 
 
អ្នកស្រី សុភាសី បន្ថែមថា បច្ចុប្បន្ន អង្ករមានឈ្មោះច្រើនប្រភេទ ដោយសារតែគេចេះបង្កាត់ពូជ ហើយដាក់ឈ្មោះថ្មី។ ការណ៍នេះ អ្នកស្រី ពុំសូវពេញចិត្តឡើយ ព្រោះចង់ឱ្យពលរដ្ឋងាកមកបរិភោគ និងដាំដុះពូជស្រូវខ្មែរ ដែលមានគុណភាព ដូចជា នាងអំវិញ។ 

រូបភាព៖ ស្រី មុំ ( SreyMom99)
 
«អង្ករ ឥឡូវមានឈ្មោះច្រើនមែនទែន ដោយសារគាត់បង្កាត់អង្ករនេះបន្តិច អង្ករនោះបន្តិច អ៊ីចឹង។ បានជាអង្ករមួយថ្មី ហើយគាត់ដាក់ឈ្មោះមួយថ្មីទៀត ដូច្នេះ យើងអត់ចង់ឃើញរូបមួយហ្នឹង ដែលអង្កររបស់យើង ជីដូនជីតារបស់យើងរកឃើញ វាឆ្ងាញ់ ហើយវាល្អទៀត តែយើងអត់នាំគ្នាយកមកញាំ យកមកដាំ អ៊ីចឹង! យើងផ្សព្វផ្សាយឱ្យវាដូច ផ្ការំដួល ដូចផ្កាម្លិះអីដែរ»។ នេះជាការលើកឡើងរបស់អ្នកស្រី សុភាសី។ 
 
បច្ចុប្បន្ន អ្នកស្រី សុភាសី បានដាំដុះស្រូវនាំអំ លើផ្ទៃដីជាង ២០០ហិកតា និងបានកែច្នៃជាអង្ករ សម្រាប់លក់ចេញដោយខ្លួនឯង។ ក្រោយធ្វើទីផ្សារបានប៉ុន្មានឆ្នាំ អ្នកស្រី សង្កេតឃើញថា អង្ករនាងអំ ទទួលបានការចាប់អារម្មណ៍ពីពលរដ្ឋខ្មែរ ច្រើនគួរសម។ ស្រូវនាងអំ ដែលអ្នកស្រីបានដាំនេះ គឺប្រើប្រាស់ជី ឬថ្នាំគីមីនោះទេ ដោយសារអ្នកស្រី គិតគូដល់សុខភាពអ្នកប្រើប្រាស់។ 
 
បើតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្រូវនាងអំ ត្រូវបានយកចិត្តទុកដាក់ដោយរដ្ឋាភិបាល និងនាំយកទៅពិសោធន៍និងបន្សុទ្ធពូជដោយស្ថានីយ៍ពិសោធន៍កសិកម្មព្រៃផ្តៅ នៃអគ្គនាយកដ្ឋានកសិកម្មនៅឆ្នាំ២០១៩។ 
 
លើសពីនេះ ពូជស្រូវនាងអំ ត្រូវបានណែនាំឱ្យដាំដុះដោយ លោក សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងជាអ្នកជំនួញស្រូវអង្ករល្បីឈ្មោះម្នាក់នៅកម្ពុជា ថាជាពូជស្រូវប្រណីត កំពុងមានទីផ្សារល្អ ងាយស្រួលថែទាំ និងទទួលបានទិន្នផលខ្ពស់។
 
បច្ចុប្បន្ន ស្រូវនាងអំ ត្រូវបានធ្វើការដាំដុះច្រើននៅក្នុងខេត្តព្រះវិហារ កសិករបានធ្វើកសិកម្មតាមកិច្ចសន្យាដោយផលិតស្រូវសរីរាង្គស្រូវស (ស្រូវនាងអំ និងនាងអុក) ផ្គត់ផ្គង់ទៅឱ្យក្រុមហ៊ុនចំនួន ០៣ គឺក្រុមហ៊ុន អេម រុរ៉ាយិ៍ (AMRU RICE) ក្រុមហ៊ុនស៊ិកនេឈ័រអហ្វអេស៊ា (SIGNATURE OF ASIA) និងក្រុមហ៊ុនហ្គោលឌិនរ៉ាយ (GOLDEN RICE) សរុបចំនួន ៦,៧៥៣,១៩០គីឡូក្រាម ក្នុងតម្លៃស្រូវសើមចន្លោះពី ៩៦០រៀល ទៅ ១១០០រៀល ក្នុងមួយគីឡូក្រាម (CEN, 2021)៕ 
 

Tag:
 អង្ករនាងអំ
  អ្នកស្រី ឈឺន សុភាសី
© រក្សាសិទ្ធិដោយ thmeythmey.com