ជាតិ
ក្រសួងកសិកម្ម នឹងរៀបចំប្រកួតធ្វើប្រហុកឆ្នើម ក្នុងខែមេសា នៅខេត្តសៀមរាប
25, Mar 2023 , 6:59 pm        
រូបភាព
ពលរដ្ឋ មមាញឹកប្រមូលត្រីនៅស្រុកពញាឮ ខេត្តកណ្តាល។
ពលរដ្ឋ មមាញឹកប្រមូលត្រីនៅស្រុកពញាឮ ខេត្តកណ្តាល។
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងរៀបចំកម្មវិធីប្រឡងប្រណាំងផលិតប្រហុកត្រីឆ្នើមប្រចាំឆ្នាំ២០២៣ នាក្នុងអំឡុងខែមេសា នៅខេត្តសៀមរាប។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ នាយកដ្ឋានកសិ-ឧស្សាហកម្ម នៃក្រសួងកសិកម្ម កាលពីថ្ងៃទី២០ មីនា។


 
សេចក្ដីជូនដំណឹងដដែល បញ្ជាក់ថា ការបង្កើតកម្មវិធីនេះ ក្នុងគោលបំណង រក្សាបានផលិផលប្រពៃណី លើកកម្ពស់គុណភាព សុវត្ថិភាព សោភ័ណភាព និងរសជាតិប្រហុកត្រី។ លើសពីនេះ ក៏បង្កើនផលិតភាពពង្រីក ការផ្គត់ផ្គង់ចែកចាយទាំងទីផ្សារក្នុងស្រុក និងការនាំចេញ។
 
នាយកដ្ឋានកសិ-ឧស្សាហកម្ម បានអំពាវនាវដល់សារធារណៈជន អង្គការជាតិ និងអង្គការអន្តរជាតិ ព្រមទាំងដៃគូអភិវឌ្ឍន៍នានា ដែលមានបំណងចូលរួមលើកស្ទួយការកែច្នៃផលិតផលកសិកម្ម និងផលិតផលប្រពៃណី រុសរាន់ដាក់ពាក្យប្រកួតប្រជែង ដើម្បីឱ្យកម្មវិធីប្រព្រឹត្តទៅរលូន។ សូមជម្រាបថា បេក្ខជនដែលទទួលបានចំណាត់ថ្នាក់លេខ១ ២ និង៣ នឹងទទួលបានពានរង្វាន់ពីថ្នាក់ដឹកនាំនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ 
 
លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២២ ធ្លាប់បានលើកឡើងថា លោក នឹងរៀបចំឱ្យការប្រកួតប្រជែងធ្វើប្រហុក និងផ្អក ដើម្បីស្វែងរកថា ភូមិណា ឬតំបន់ណា ពូកែធ្វើប្រហុកផ្អកនេះ ឆ្ងាញ់ជាងគេ។ មិនតែប៉ុណ្ណោះ លោក ក៏នឹងអាចដាក់ឱ្យមានការដេញថ្លៃ សម្រាប់ហាង ឬសាធារណៈជន ដែលចង់បានប្រហុក ពីការប្រកួតនេះ យកទៅបរិភោគផងដែរ៕ 

Tag:
 ក្រសួងកសិកម្ម
  ប្រហុក
© រក្សាសិទ្ធិដោយ thmeythmey.com