ជាតិ
សង្គមជាតិ
របាយការណ៍៖ ព្រៃវែងមានវត្តច្រើនជាងគេ រីឯភ្នំពេញមានព្រះសង្ឃច្រើនជាងគេ
26, Mar 2023 , 10:29 am        
រូបភាព
ដោយ: រួបរួម
ក្រសួងធម្មការ និងសាសនា បានផ្សព្វផ្សាយស្ថិតិវត្ត និងព្រះសង្ឃទូទាំងប្រទេស គិតត្រឹមឆ្នាំ២០២៣នេះ។ របាយការណ៍រៀបចំដោយលោក គឹម ជួប ប្រធាននាយកដ្ឋានកិច្ចការព្រះពុទ្ធសាសនា ហើយឆ្លងកាត់ការពិនិត្យពីលោក ស៊ិន សុវណ្ណនិ អគ្គនាយកនៃអគ្គនាយកកិច្ចការសាសនា មុននឹងទទួលបានការឯកភាពលោករដ្ឋមន្ត្រី ឈិត សុខុន។

 
របាយការណ៍បង្ហាញថា វត្តមហានិកាយ និងធម្មយុត្តិ មានសរុបចំនួន៥១៣៣ ដោយព្រៃវែងមាន៥១៩វត្ត ដែលជាចំនួនច្រើនជាងគេ។ បាត់ដំបងស្ថិតនៅលេខ២ដោយមាន៣៨៥វត្ត ហើយតាមពីក្រោយដោយកំពង់ចាម ៣៧៨វត្ត, កណ្តាល៣៥៩វត្ត និងតាកែវ ៣៤៧វត្ត។
 
ក្នុងចំណោមវត្តមហានិកាយចំនួន៤៨៦៦ ព្រៃវែងឈរលំដាប់ទី១ ដោយមានរហូតដល់ទៅ៥០០វត្ត បន្ទាប់មកបាត់ដំបង ៣៧០វត្ត, កំពង់ចាម ៣៦៦វត្ត, កណ្តាល ៣២៧វត្ត និងតាកែវ ៣២០វត្ត។ កំពង់ធំ, កំពង់ស្ពឺ, សៀមរាប, ស្វាយរៀង, កំពត, បន្ទាយមានជ័យ, ត្បូងឃ្មុំ, កំពង់ឆ្នាំង សុទ្ធតែមានជាង២០០វត្តរៀងៗខ្លួន។ បណ្តាខេត្តផ្សែងទៀតមានមហានិកាយជាង១០០វត្តរៀងៗខ្លួន រួមមាន ពោធិ៍សាត់, ក្រចេះ, ភ្នំពេញ, ព្រះវិហារ។ រីឯ ស្ទឹងត្រែង, ឧត្តរមានជ័យ, កោះកុង, ព្រះសីហនុ, រតនគិរី, ប៉ៃលិន, មណ្ឌលគិរី និងកែប មានក្រោម១០០វត្ត។ 
 
ចំណែកក្នុងចំណោមវត្តធម្មយុត្តចំនួន២៦៧វត្តវិញ ខេត្តកណ្តាល មាន៣២វត្ត ដែលច្រើនជាងគេ បន្ទាប់កំពត និងតាកែវ ដែលមាន២៧វត្តដូចគ្នា។ ព្រៃវែងមានវត្តធម្មយុត្តចំនួន១៩, កំពង់ស្ពឺ១៧, បាត់ដំបង១៥, ឧត្តរមានជ័យ១៣, កំពង់ចាម១២, ក្រចេះ១២, មណ្ឌលគិរី១១, បន្ទាយមានជ័យ១១, ពោធិ៍សាត់១០ រីឯភ្នំពេញ, ត្បូងឃ្មុំ, សៀមរាប, កោះកុង, ប៉ៃលិន, ស្ទឹងត្រែង, កំពង់ធំ, រតនគិរី, ព្រះវិហារ, កំពង់ឆ្នាំង, ព្រះសីហនុ, កែប និងស្វាយរៀង សុទ្ធតែមានតិចជាង១០វត្ត។
 
ភ្នំពេញ មានព្រះសង្ឃច្រើនជាងគេ
 
កម្ពុជាមានព្រះសង្ឃសរុប ៦៨ ៩៦៧អង្គ ក្នុងនោះ មហានិកាយមាន ៦៦ ៦០៩អង្គ (ភិក្ខុ២១ ០៦៣អង្គ, សាមណេរ ៤៥ ៥៤៦អង្គ) និងធម្មយុត្ត ២៣៥៨អង្គ (ភិក្ខុ៥៦១អង្គ, សាមណេរ ១៧៩៧អង្គ)។
 
ទោះបីចំនួនវត្តក្នុងរាជធានីភ្នំពេញ មានសរុបតែ១៥១វត្តក៏ដោយ ប៉ុន្តែស្ថិតិបង្ហាញថា ភ្នំពេញមានព្រះសង្ឃទាំងពីរគណៈដល់ទៅ ៨០០៦អង្គ ក្នុងនោះ មហានិកាយមាន ៧៨៨៥អង្គ និងធម្មយុត្តចំនួន១២១អង្គ។ ខេត្តកណ្តាលស្ថិតនៅចំណាត់ថ្នាក់លេខ២ ដោយព្រះសង្ឃសរុប៦៣៦៧អង្គ, បាត់ដំបង ៥៧៨៧អង្គ, កំពង់ចាម ៥៣១៣អង្គ និងសៀមរាប ៥២៣៤អង្គ។
 
តាកែវ, កំពង់ស្ពឺ, បន្ទាយមានជ័យ និងព្រៃវែង សុទ្ធតែមានព្រះសង្ឃរាជ៤០០០អង្គ, កំពង់ធំ មានជាង៣០០០អង្គ, កំពង់ឆ្នាំង, ពោធិ៍សាត់, ត្បូងឃ្មុំ និងស្វាយរៀង មានជាង២០០០អង្គ, ក្រចេះជាង១០០០អង្គ។ រីឯបណ្តាខេត្តផ្សេងទៀត ស្ថិតក្នុងខ្ទង់រយអង្គ។
 
ក្នុងគណៈមហានិកាយ ខេត្តដែលមានភិក្ខុច្រើនជាងគេ មាន ភ្នំពេញ, សៀមរាប, កណ្តាល, បាត់ដំបង និងកំពង់ចាម។ រីឯចំនួនសាមណេរវិញ មានភ្នំពេញ, កណ្តាល, កំពង់ចាម, បាត់ដំបង និងសៀមរាប។ ចំពោះគណៈធម្មយុត្ត កណ្តាលមានភិក្ខុ ៩៤អង្គ ដែលច្រើនជាង តាកែវ, បាត់ដំបង, ភ្នំពេញ និងកំពត ខណៈចំនួនសាមណេរវិញ កណ្តាលមាន៣៨០អង្គ ដោយនាំមុខបាត់ដំបង, កំពង់ចាម, តាកែវ និងកំពត។ 
 
កំពង់ធំ មានអាស្រមច្រើនជាងគេ

អាស្រមទូទាំងប្រទេស មានចំនួន១៤០អាស្រម ដោយកំពង់ធំ មានចំនួន២៤អាស្រម ដែលច្រើនជាងគេ។ កំពង់ស្ពឺ និងសៀមរាប មាន១៩អាស្រមដូចគ្នា ដោយឈរលំដាប់ទីពីរ។ កំពង់ចាមមាន១៦អាស្រម, កំពង់ឆ្នាំង មាន១៤អាស្រម, បាត់ដំបង១២អាស្រម, តាកែវ១១អាស្រម។
 
កណ្តាល មានអាស្រមចំនួន៧, ព្រះវិហារ និងត្បូងឃ្មុំ មាន៦ដូចគ្នា, ក្រចេះ និងស្ទឹងត្រែង មានអាស្រម២រៀងៗខ្លួន ព្រៃវែង និងព្រះសីហនុ មាន១អាស្រម ខណៈបណ្តាខេត្តផ្សេងទៀត មិនមានឡើយ។
 
សៀមរាប មានមណ្ឌលវិបស្សនា ច្រើនជាងគេ

ងាកទៅតារាងស្ថិតិមណ្ឌលវិបស្សនាវិញ សៀមរាប មានចំនួន២៥មណ្ឌល ក្នុងចំណោមតួលេខសរុប៤៤។ កណ្តាល មាន៥មណ្ឌល, ក្រចេះមាន៤មណ្ឌល។ បាត់ដំបង, ព្រះវិហារ និងព្រះសីហនុ មាន២មណ្ឌលដូចគ្នា ខណៈបន្ទាយមានជ័យ, តាកែវ, កែប និងប៉ៃលិន សុទ្ធតែមាន១មណ្ឌល៕
 

© រក្សាសិទ្ធិដោយ thmeythmey.com