កីឡាជាតិ
ជាតិ
វ៉ូវីណាម៖ គ្រូកម្ពុជា ថាវិន័យល្អ ការហូបចុកទៀងទាត់ ជាចំណុចសំខាន់របស់អត្តពលិក
26, Mar 2023 , 12:59 pm        
រូបភាព
លោក ទេព ជីវសុខុម គ្រូបង្វឹកកីឡាវ៉ូវីណាមជម្រើសជាតិកម្ពុជា។
លោក ទេព ជីវសុខុម គ្រូបង្វឹកកីឡាវ៉ូវីណាមជម្រើសជាតិកម្ពុជា។
ដោយ:
លោក ទេព ជីវសុខុម គ្រូបង្វឹកកីឡាវ៉ូវីណាមជម្រើសជាតិកម្ពុជា លើកឡើងថាការហូបចុកស្នាក់នៅគេងបានគ្រាប់គ្រាន់ និងមានវិន័យល្អ ជាចំណុចសំខាន់របស់អត្តពលិក។ លោក ជីវសុខុម បញ្ជាក់ដូច្នេះក្នុងពិធីសន្និសីទសារព័ត៌មាន ការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ នៅអគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា NOCC ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣។

 
គ្រូបង្វឹកកីឡាវ៉ូវីណាមកម្ពុជា រូបនេះបន្តថា ការតឹងតែងចំពោះវិន័យអត្តពលិកដែលស្ថិតនៅក្នុងជំរំហ្វឹកហាត់ជម្រើសជាតិ នាមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាជាតិទទួលបានគុណផលល្អ ដែលច្នៃពីកម្រិតល្អ ទៅកម្រិតខ្ពស់បន្ថែម ដើម្បីត្រៀមប្រជែងមេដាយក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នាពេលខាងមុខ។
 
លោក ទេព ជីវសុខុម និយាយថា៖«ម៉ោង៩យប់គឺបិទមិនឱ្យមានការចេញចូលនោះទេ ហើយមានការត្រួតពិនិត្យលើអវត្តមានជារៀងរាល់ថ្ងៃ»។ លោក ជីវសុខុម បន្ថែមថាការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ២០២៣ នេះជាការត្រួសត្រាយផ្លូវសម្រាប់អត្តពលិកកម្ពុជាផងដែរ។


ពិធីសន្និសីទសារព័ត៌មាន ការប្រកួតកីឡាវ៉ូវីណាម ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ នៅកម្ពុជា។
 
គ្រូបង្វឹកកម្ពុជា សង្កត់ធ្ងន់ថា៖«សម្រាប់អត្តពលិកក៏ដូចជាគ្រូបង្វឹក ពួកយើងត្រៀមខ្លួនរួចជាស្រេចក្នុងការប្រកួតជើងឯកអាស៊ីអាគ្នេយ៍នេះ ក៏ដូចជាការវាស់ស្ទង់កម្រិតសមត្ថភាពបច្ចេកទេសពួកគាត់ ដើម្បីឈានឆ្ពោះទៅការប្រកួតស៊ីហ្គេមក្នុងនាមយើងជាម្ចាស់ផ្ទះ»។ 
 
គួបញ្ជាក់ថា លោក ទេព ជីវសុខុម គ្រូបង្វឹកកីឡាវ៉ូវីណាមជម្រើសជាតិកម្ពុជា បានចូលរួមជាមួយក្រុមតាំងពីឆ្នាំ២០១១ មកម្លេះ។ ការប្រកួតកីឡាវ៉ូវីណាម ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា នឹងធ្វើពីថ្ងៃទី២៥-៣០ ខែមីនា ឆ្នាំ២០២៣ នៅសាលដំបូលទូក ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ៕
 
 

Tag:
 កីឡាវ៉ូវីណាម
 ទេព ជីវសុខុម
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com