អន្តរជាតិ
ទីបំផុត ចិននិងហុងឌូរ៉ាសប្រកាសភ្ជាប់ចំណងការទូតហើយ
26, Mar 2023 , 2:29 pm        
រូបភាព
រដ្ឋមន្ត្រីការបរទេសហុងឌូរ៉ាស Eduardo Enrique Reina ជល់កែវជាមួយសមភាគីចិន ឈីន កាង។ រូបថត AFP
រដ្ឋមន្ត្រីការបរទេសហុងឌូរ៉ាស Eduardo Enrique Reina ជល់កែវជាមួយសមភាគីចិន ឈីន កាង។ រូបថត AFP
ហុងឌូរ៉ាសដែលបញ្ចប់ទំនាក់ទំនងជាច្រើនទស្សវត្សរបស់ខ្លួនជាមួយតៃវ៉ាន់ បានងាកទៅចាប់ដៃទីក្រុងប៉េកាំងវិញ។ ហុងឌូរ៉ាស ទទួលស្គាល់តែចិនប៉ុណ្ណោះ។ តៃវ៉ាន់បានចោទប្រទេសអាមេរិកកណ្តាលមួយនេះថាទាមទារប្រាក់ច្រើនហួសហេតុ និងត្រូវបានទីក្រុងប៉េកាំងបោកបញ្ឆោត។

 
ទីបំផុតទៅ ហុងឌូរ៉ាស និងចិនបានភ្ជាប់ទំនាក់ទំនងការទូតជាផ្លូវការហើយ ដោយភាគីទាំងពីរប្រកាសព័ត៌មាននេះនៅថ្ងៃទី២៦ ខែមីនា។ ការប្រកាសនេះ ជាការបញ្ចប់ពាក្យចចាមអារ៉ាមដែលខ្ចរខ្ចាយប៉ុន្មានមកនេះក្រោយមេដឹកនាំនាំហុងឌូរ៉ាសប្រកាសបំណងងាកទៅរកចិន។ 
 
មុនបង្កើតទំនាក់ទំនងជាមួយចិន ហុងឌូរ៉ាស ក៏ប្រកាសផ្ដាច់ទំនាក់ទំនងជាមួយតៃវ៉ាន់ដែរ។ នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយកាលពីល្ងាចថ្ងៃទី២៥ ខែមីនា ក្រសួងការបរទេសហុងឌូរ៉ាសបាននិយាយថា ខ្លួនបានទទួលស្គាល់សាធារណរដ្ឋ ប្រជាមានិតចិនជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ដែលតំណាងឱ្យចិនទាំងអស់ ហើយតៃវ៉ាន់គឺគ្រាន់តែជាផ្នែកមិនអាចបំបែកបាននៃទឹកដីចិន។
 
រដ្ឋមន្រ្តីការបរទេសហុងឌូរ៉ាស Eduardo Enrique Reina បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបង្កើតទំនាក់ទំនងការទូតជាមួយសមភាគីចិន ឈីន កាង អំឡុងទស្សនកិច្ចនៅប៉េកាំង។
 
តៃវ៉ាន់ដែលចោទហុងឌូរ៉ាថាទាមទារលុយជាថ្នូរនឹងការរក្សាទំនាក់ទំនងការទូតនោះ បង្ហាញការមិនពេញចិត្តជាខ្លាំងនឹងទង្វើរបស់អតីតសម្ព័ន្ធមិត្តរបស់ខ្លួន។ ថ្លែងនៅថ្ងៃទី២៦ ខែមីនាភ្លាមៗបន្ទាប់ពីការប្រកាសខាងលើ រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់លោក Joseph Wu បាននិយាយថា លោកស្រីប្រធានាធិបតី Xiomara Castro ដែលបានចូលកាន់តំណែងកាលពីដើមឆ្នាំមុន តែងតែមានការបំភាន់ច្រឡំអំពីចិន និងការទាក់ទាញឥតឈប់ឈររបស់ចិន។
 
«ក្រសួងការបរទេស និងស្ថានទូតបានទទួលយកព័ត៌មានដែលពាក់ព័ន្ធ និងដោះស្រាយវាយ៉ាងប្រុងប្រយ័ត្ន។ ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលលោកស្រី Castro ក៏បានស្នើសុំឱ្យយើងផ្ដល់ជំនួយ សេដ្ឋកិច្ចដ៏ធំសម្បើមរាប់ពាន់លានដុល្លារ និងប្រៀបធៀបទំហំកម្មវិធីជំនួយដែលផ្តល់ដោយតៃវ៉ាន់ និងចិន»។ លោក Wu សង្កត់ធ្ងន់បែបនេះ រួចបន្ថែមថា មុនការប្រកាសរបស់លោកស្រី Castro រដ្ឋមន្ត្រីការបរទេសហុងឌូរ៉ាសបានទាមទារជំនួយសរុបចំនួន២,៤៥ពាន់លានដុល្លាររួមទាំងការសាងសង់មន្ទីរពេទ្យ និងទំនប់ទឹក និងការលុបបំណុល។
 
ទាក់ទងរឿងនេះ លោក Reina បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters កាលពីសប្តាហ៍មុនថា តួលេខ២,៥ពាន់លានដុល្លារមិនមែនជាការបរិច្ចាគទេ ប៉ុន្តែជា យន្តការផ្តល់ហិរញ្ញប្បទានឡើងវិញដែលបានចរចា។
 
គួរបញ្ជាក់ថា ឥឡូវនេះ តៃវ៉ាន់មានទំនាក់ទំនងការទូតជាផ្លូវការតែជាមួយប្រទេសចំនួន១៣ ដែលភាគច្រើនជាប្រទេសក្រីក្រ និងប្រទេសកំពុងអភិវឌ្ឍន៍នៅអាមេរិកកណ្តាល ការ៉ាអ៊ីប និងប៉ាស៊ីហ្វិក៕
 

Tag:
 ចិន
  ហុងឌូរ៉ាស
© រក្សាសិទ្ធិដោយ thmeythmey.com