ជាតិ
សង្រ្កាន្តឆ្នាំថ្មី
កម្មវិធីរត់ និងជិះកង់ក្នុងបរិវេណឧទ្យានអង្គរ ធ្វើឡើងនៅថ្ងៃទី៨-៩ មេសានេះ
26, Mar 2023 , 7:59 pm        
រូបភាព
សៀមរាប៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) និងសហព័ន្ធកីឡាអត្តពលកម្មកម្ពុជា រៀបចំកម្មវិធីរត់ម៉ារ៉ាតុន និងជិះកង់ (FUN RUN AND CYCLING) នៅថ្ងៃទី៨-៩ ខែមេសា ក្នុងបរិវេណឧទ្យានអង្គរ។ កម្មវិធីនេះ ធ្វើឡើងដើម្បីសាទរការមកដល់នូវព្រឹត្តការណ៍អង្គរសង្រ្កាន្ត ក្រោយខកខាន៤ឆ្នាំ និងផ្សព្វផ្សាយពីព្រឹត្តការណ៍កីឡាដ៏ធំ ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។



កម្មវិធីរត់ម៉ារ៉ាតុន និងជិះកង់ជុំវិញបរិវេណឧទ្យានអង្គរ គឺជាព្រឹត្តការណ៍មុនអង្គរសង្រ្កាន្ត ធ្វើឡើងដើម្បីផ្សព្វផ្សាយពីព្រឹត្តការណ៍អង្គរសង្រ្កាន្ត, ព្រឹត្តការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលនឹងប្រព្រឹត្តទៅបន្តបន្ទាប់គ្នា ក្នុងពេលខាងមុខ។

ព្រឹត្តិការណ៍មុនអង្គរសង្ក្រាន្តនេះ ធ្វើឡើងរយៈពេល២ថ្ងៃ ក្នុងគោលដៅបំផុសស្មារតីពលរដ្ឋកម្ពុជាឱ្យចូលរួមលេងកីឡា ផ្ដល់ឱកាសដល់អត្តពលិកបង្ហាញទេពកោសល្យ សមត្ថភាព និងសក្ដានុពល ដើម្បីត្រៀមប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ចំពោះកម្មវិធីរត់ម៉ារ៉ាតុន និងជិះកង់ជុំវិញបរិវេណឧទ្យានអង្គរនេះ ត្រូវបានបែងចែកជា៣វិញ្ញាសារ។ ក្នុងនោះមានវិញ្ញាសារ២១គីឡូម៉ែត្រ,វិញ្ញាសារ១០គីឡូម៉ែត្រ និងវិញ្ញាសារ៣គីឡូម៉ែត្រ ដែលចាប់ផ្ដើមចេញដំណើរពីរានហាលមុខប្រាសាទអង្គរវត្ត។

សូមបញ្ជាក់ថា ការជិះកង់ជុំវិញតំបន់អង្គរ នឹងធ្វើឡើងនៅថ្ងៃទី៨ ចំណែកឯថ្ងៃទី៩ គឺការរត់ម៉ារ៉ាតុន ដែលចាប់ផ្ដើមពីម៉ោង៥ព្រឹក។ សាធារណជនអាចចុះឈ្មោះចូលរួម ដែលតម្លៃ២ម៉ឺនរៀលក្នុង១នាក់៕

Tag:
 រត់ម៉ារ៉ាតុន
  ជិះកង់
 សៀមរាប
 អង្គរ
 សសយក
© រក្សាសិទ្ធិដោយ thmeythmey.com