ជាតិ
មន្ទីរពេទ្យកុមារជ័យវរ្ម័នទី៧ ក្ដីសង្ឃឹមរបស់ពលរដ្ឋជិតឆ្ងាយ
26, Mar 2023 , 3:59 pm        
រូបភាព
ខ្លោងទ្វារចូលមន្ទីរពេទ្យជ័យវរ្ម័នទី៧ ឬគន្ធបុប្ផាទី៣ ខេត្តសៀមរាប។
ខ្លោងទ្វារចូលមន្ទីរពេទ្យជ័យវរ្ម័នទី៧ ឬគន្ធបុប្ផាទី៣ ខេត្តសៀមរាប។
សៀមរាប៖ ជារៀងរាល់ថ្ងៃ មនុស្សម្នាជិតឆ្ងាយ មានស្រ្តីពោះធំ និងស្រ្តីដែលមានកូនតូចៗ បានមកដល់មន្ទីរពេទ្យជ័យវរ្ម័នទី៧ ឬមន្ទីរពេទ្យគន្ធបុប្ផាទី៣ ស្ថិតនៅក្រុងសៀមរាប។ ពួកគេខំស្កាត់ពីទីជិតឆ្ងាយ និងដាក់ក្ដីសង្ឃឹមខ្ពស់ ចំពោះមន្ទីរពេទ្យកុមារដែលល្បីឈ្មោះរាប់ឆ្នាំមកនេះ។

 
មកពីស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ អ្នកស្រី រ៉ា បូរី បាននាំកូនស្រីអាយុប្រមាណ១០ឆ្នាំ មកព្យាបាលជំងឺពកក រយៈពេលមួយឆ្នាំមកហើយ។ អ្នកស្រីត្រូវឡើងចុះជាប្រចាំខែ ដើម្បីយកកូនមកពិនិត្យ តាមដានអាការ និងយកថ្នាំទៅលេបតាមវេជ្ជបញ្ជាគ្រូពេទ្យ។ មិនហត់នឿយ ចំពោះការឡើងចុះនេះទេ ឱ្យតែកូនស្រីតូចជាពីជំងឺនេះ។
 
ក្រោយតាមដាន និងលេបថ្នាំប្រមាណមួយឆ្នាំមកនេះ នាថ្ងៃទី២៣ មីនា គ្រូពេទ្យប្រាប់ថា ២ខែទៀត ប្រសិនអាការកូនអ្នកស្រី បូរី នៅល្អប្រសើរ គាត់នឹងចាប់ផ្តើមវះកាត់ជូនបានហើយ។ ថ្លែងដោយទឹកមុខរីករាយ ស្រ្ដីវ័យជាង៤០ឆ្នាំរូបនេះ លើកឡើងដូច្នេះថា៖« កូនខ្ញុំកើតនៅទីនេះ ហើយមូលហេតុដែលខ្ញុំនាំគាត់មកព្យាបាលទីនេះ ដោយសារពេទ្យល្អ ពេទ្យពូកែ ថ្នាំពូកែៗ»។


អ្នកស្រី រ៉ា បូរី ជាមួយកូនស្រី នៅមុខមន្ទីរពេទ្យជ័យវរ្ម័នទី៧ 
 
កំពុងបីគាត់ប្រុសអាយុ២ខែ ជ្រកកន្លែងអង្គុយនៅច្រកខាងមុខមន្ទីរពេទ្យ អ្នកស្រី ណា ស្រីមុំ មកពីឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ។ កូនអ្នកស្រីមានអាការបញ្ឈរភ្នែក និងកន្រ្តាក់ជើង ហើយបានសម្រាកក្នុងមន្ទីរពេទ្យ៣យប់មកហើយ។ ក្រោយតាមដានដិតដល់ គ្រូពេទ្យបានអនុញ្ញាតឱ្យ ចេញពីមន្ទីរពេទ្យ។ 
 
អ្នកស្រី ស្រីមុំ រំឭកថា កូន៣នាក់ក្នុងចំណោម៤របស់ខ្លួន បានសម្រាលក្នុងមន្ទីរពេទ្យជ័យវរ្ម័នទី៧នេះ។ អ្នកស្រីប្រាប់ពីហេតុផលដែលខំធ្វើដំណើរពីឆ្ងាយ ដើម្បីមកទទួលសេវាព្យាបាលនៅទីនេះដូច្នេះថា៖« ទី១សុវត្ថិភាព ពេទ្យមានជំនាញ ឧបករណ៍គ្រប់គ្រាន់ ពេទ្យតាមមណ្ឌល អត់មានឧបករណ៍គ្រប់គ្រាន់ទេ ណាមួយពេលមានករណីធ្ងន់ធ្ងរពេលសម្រាល ពេទ្យតាមមណ្ឌលពិបាកជួយ ត្រូវបញ្ជូនមកដដែល»។ 
 
ក្នុងទឹកមុខរីករាយ ក្រោយពេលកូនបានជាពីជំងឺ ស្រ្តីដដែលបន្ថែមថា៖« អរគុណច្រើនដែលពេទ្យខំយកចិត្តទុកដាក់មើលថែទាំកុមារបានល្អទាំងអស់ក្នុងពេទ្យ»។
 
ចំណែកអ្នកស្រី ខឿន យ ស្កាត់ពីស្រុកស្ទោង ខេត្តកំពង់ធំ ដោយសារកូនមានអាការផ្ដាសាយ និងក្បាលរៀងជ្រាយមួយដុំផ្នែកខាងលើ។ កូនអ្នកស្រីអាយុ៣ខែ មិនតម្រូវឱ្យគេងពេទ្យទេ គឺគ្រូពេទ្យឱ្យថ្នាំលេបមួយចំនួនប៉ុណ្ណោះ។ បីកូនបណ្ដើរ ឆ្លៀតនិយាយបណ្ដើរ អ្នកស្រី ខឿន យ រៀបរាប់ដូច្នេះថា៖« ពេទ្យថាធម្មតាមិនអីទេ អាចថាក្មេងបុកប៉ះអីម្យ៉ាង តែគាត់ឱ្យតាមដាន បើមិនស្រួល មិនគេង មិនបៅ ត្រូវយកមកវិញ»។ 


អ្នកស្រី ខឿន យ និងកូនតូច ដែលមកទទួលសេវាព្យាបាលនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧។ 
 
ដូចអាណាព្យាបាលដទៃៗទៀតដែរ អ្នកស្រី ខឿន យ ស្កាត់នាំកូនពីឆ្ងាយមកទទួលសេវានៅមន្ទីរពេទ្យ ព្រះជ័យវរ្ម័នទី៧ ព្រោះយល់ថាសេវាព្យាបាល និងថ្នាំសង្កូវទីនេះល្អៗ និងមានឧបករណ៍ជំនាញ សម្រាប់ពិនិត្យរោគ។ល។ ជាងនេះទៅទៀត គឺការព្យាបាលដោយស្មារតីមនុស្សធម៌ និងឥតគិតថ្លៃ។ 
 
សាស្រ្ដាចារ្យ យ៉ៃ ចន្ទនា ប្រធានមន្ទីរពេទ្យជ័យវរ្ម័នទី៧ ឬគន្ធបុប្ផាទី៣ បានឱ្យដឹងថា ជាមធ្យម មន្ទីរពេទ្យទទួលអ្នកជំងឺឱ្យសម្រាកព្យាបាលក្នុងមួយថ្ងៃ ពី២៥០ទៅ៣០០នាក់។ 
 
លោកបន្តថា នៅថ្ងៃទី២២ មីនា មន្ទីរពេទ្យមានអ្នកជំងឺសម្រាកពេទ្យសរុប ១០៨០នាក់ ក្នុងនោះផ្នែកសម្ភពសម្រាលកូន ចំនួន ១៩៦នាក់។ ក្នុងនោះ ផ្នែកសម្ភព គឺស្រ្តីមកពិនិត្យផ្ទៃពោះ មានចំនួន ៣២០នាក់ សម្រាល៥៦នាក់ និងសម្រាលដោយវះកាត់១១នាក់។
 
ក្នុងឆ្នាំ២០២២កន្លងទៅ ស្រ្តីមានផ្ទៃពោះចំនួនជាង៩ម៉ឺនករណី បានពិនិត្យផ្ទៃពោះ និងសម្រាល នៅក្នុងមន្ទីរសម្ភពនៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ គឺកើនឡើង៤៥ភាគរយ ធៀបនឹងឆ្នាំ២០២១ ដែលកំពុងរាតត្បាតជំងឺកូវីដ១៩។ ក្នុងនោះស្រ្តីសម្រាលកូនមានចំនួន ២២ ៣០១នាក់។ នេះបើតាមតួលេខក្នុងរបាយការណ៍សង្ខេប របស់មន្ទីរពេទ្យគន្ធបុប្ផាក្នុងឆ្នាំ២០២២៕
 


Tag:
 មន្ទីរពេទ្យជ័យវរ្ម័នទី៧
  មន្ទីរពេទ្យគន្ធបុប្ផាទី៣
© រក្សាសិទ្ធិដោយ thmeythmey.com