កីឡាជាតិ
ជាតិ
ប្រធានសហព័ន្ធវ៉ូវីណាម ចាត់ទុកការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ជាទិសដៅស៊ីហ្គេម២០២៣ 
លោក អ៊ូ រតនា (កណ្តាល) ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា។
×![]()
លោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាម បានបញ្ជាក់ថាការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ នៅកម្ពុជា ជាទិសដៅសំខាន់សម្រាប់ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តិទៅនាខែឧសភា ខាងមុខនេះ។
ងក្នុងពិធីសន្និសីទសារព័ត៌មាន នាអគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា អះអាងថាការប្រកួតកីឡាស៊ីហ្គេមនៅកម្ពុជាលើកដំបូង នឹងមិនមានការលម្អៀង ឬប្រកាន់និន្នាការណាមួយឡើយ ពោលគណៈកម្មការកាត់សេចក្តី នឹងដំណើរការប្រកបដោយភាពសុក្រិត យុត្តិធម៌ និងត្រឹមត្រូវ។ «នាមជាម្ចាស់ផ្ទះ យើងខិតខំបំពេញឱ្យបានយ៉ាងម៉ឺងម៉ាត់បំផុតដល់ការកាត់សេចក្តីឱ្យបានត្រឹមត្រូវយុត្តិធម៌ មិនលម្អៀង និងមិនឱ្យប៉ះពាល់ដល់អារម្មណ៍អត្តពលិកនានា»។
បន្ថែមពីលើនោះលោក អ៊ូ រតនា បញ្ជាក់ថាដើម្បីជៀសវៀងការកុំឱ្យមានផលប៉ះពាល់ដល់អារម្មណ៍អត្តពលិកដែលត្រៀមប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ សមាជិកបណ្តាប្រទេសក្នុងតំបន់អាស៊ានបានអនុញ្ញាតឱ្យនាំយកមន្រ្តីអាជ្ញាកណ្តាល-ចៅក្រម តែពីរនាក់ប៉ុណ្ណោះ ខណៈកម្ពុជា ទទួលបានអាទិភាពអាចមានដល់ បួននាក់ក្នុងនាមជាម្ចាស់ផ្ទះ។

ពិធីសន្និសីទសារព័ត៌មាន ការប្រកួតកីឡាវ៉ូវីណាម ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ នៅកម្ពុជា។
សម្រាប់ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា មន្រ្តីអាជ្ញាកណ្តាល-ចៅក្រម ត្រូវបាននាំមកពីបណ្តាប្រទេសក្នុងតំបន់អ៊ឺរ៉ុបតែប៉ុណ្ណោះ នេះបើតាមការលំអិតពីប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ដោយឡែកការប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ នៅកម្ពុជា មន្រ្តីអាជ្ញាកណ្តាល នាំមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន។
គួបញ្ជាក់ថា ការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ នៅកម្ពុជា ធ្វើឡើងពីថ្ងៃទី២៥-៣០ ខែមីនា ឆ្នាំ២០២៣ នៅសាលដំបូលទូក ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ សម្រាប់វិញ្ញាសាក្នុងការប្រកួត មាន៣០វិញ្ញាសា ចូលរួមប្រកួតដោយអត្តពលិកមកពី៧ប្រទេស៕
Tag:
កីឡាវ៉ូវីណាម
អ៊ូ រតនា
ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com