ជាតិ
សេដ្ឋកិច្ច
លោក ចម ប្រសិទ្ធ នឹងជំរុញវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ឱ្យមានសន្ទុះទៅមុខ
26, Mar 2023 , 5:59 pm        
រូបភាព
លោក ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ឡើងថ្លែងរបាយការណ៍ ក្នុងពិធីបើកវេទិកាជាតិ «វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» នៅមជ្ឈមណ្ឌលកោះពេជ្រ នាព្រឹកថ្ងៃទី២៦ ខែមីនា។
លោក ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ឡើងថ្លែងរបាយការណ៍ ក្នុងពិធីបើកវេទិកាជាតិ «វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» នៅមជ្ឈមណ្ឌលកោះពេជ្រ នាព្រឹកថ្ងៃទី២៦ ខែមីនា។
ភ្នំពេញ៖ រដ្ឋាភិបាល បានកំពុងយកចិត្តទុកដាក់លើវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា ឱ្យមានសន្ទុះខ្លាំងដូចនឹងតាមបណ្ដាប្រទេសផ្សេងៗ។ ជាមួយគ្នានេះ លោក ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានប្ដេជ្ញាសហការជាមួយភាគីពាក់ព័ន្ធ ក្នុងការដោះស្រាយ និងជំរុញវិស័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ឱ្យកាន់តែមានសន្ទុះទៅមុខ។


 
ក្នុងពិធីបើកវេទិកាជាតិ «វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» នៅមជ្ឈមណ្ឌលកោះពេជ្រ នាព្រឹកថ្ងៃទី២៦ ខែមីនា រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម លោក ចម ប្រសិទ្ធ បានឱ្យដឹងថាទោះបីជា វិស័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ជាវិស័យថ្មី នៅកម្ពុជាក៏ដោយ  តែក្រសួងឧស្សាហកម្ម នឹងបន្តខិតខំបង្កើនសមត្ថភាពលើផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ដោយសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហានានា។ 


 
លោក ចម ប្រសិទ្ធ  ថ្លែងដូច្នេះ៖ ថ្វីដ្បិតតែវិស័យ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាវិស័យថ្មី ហើយជាបេកកម្មដំបូងរបស់ក្រសួងឧស្សាកម្មក៏ដោយ ក៏ក្រសួងមានការតាំងចិត្តកម្រិតខ្ពស់ ដោយមានការគាំទ្រពីរដ្ឋាភិបាល និងបណ្ដាក្រសួងពាក់ព័ន្ធ ខិតដោះស្រាយបញ្ហាប្រឈមនានា ។ កំណែទម្រង់ស្ថាប័នដ៏ធំមួយនេះ បានបើកទំព័រថ្មី ឱ្យកម្ពុជាចាប់ផ្ដើមមានក្រសួងមួយទទួលបន្ទុកជាក់លាក់លើការដឹកនាំគ្រប់គ្រង អភិវឌ្ឍន៍វិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ស្របនឹងចរន្តនៃនិន្នាការរីកចម្រើនរបស់បណ្ដាប្រទេសលើសកលលោក និងក្នុងតំបន់»។ 
 
បើតាម លោក ចម ប្រសិទ្ធ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏កំពុងរៀបចំសេចក្ដីព្រាងច្បាប់ ស្ដីពីការផ្ទេរបច្ចេកវិទ្យា និងសេចក្ដីព្រាងអនុក្រឹត្យ ស្ដីពីការបង្កើត និងការគ្រប់គ្រងសួនវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងសេចក្ដីព្រាងអនុក្រឹត្យ ស្ដីពីការគ្រប់គ្រងការស្រាវជ្រាវ និងអភិវឌ្ឍន៍។  ជាមួយគ្នានេះ រដ្ឋាភិបាល ក៏បានត្រៀមដាក់ចេញផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាអាទិភាពចំនួន៣បន្ថែមទៀត គឺផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាថាមពល ទេសចរណ៍ និងឌីជីថល បន្ទាប់ពីផែនទីបង្ហាញផ្លូវបច្ចកវិទ្យាកសិកម្ម អប់រំ និងសុខាភិបាល៕ 

Tag:
 វិស័យវិទ្យាសាស្រ្ត
  បច្ចេកវិទ្យា
© រក្សាសិទ្ធិដោយ thmeythmey.com