អន្តរជាតិ
កូរ៉េខាងជើង បាញ់មីស៊ីលចម្ងាយខ្លីពីរគ្រាប់ទៅសមុទ្រខាងកើត ដើម្បីតបនឹងសមយុទ្ធកូរ៉េខាងត្បូង-អាម៉េរិក 
រូបភាព KCNA
×![]()
កូរ៉េខាងជើង នៅថ្ងៃទី២៧ ខែមីនា បានបាញ់មីស៊ីលចម្ងាយខ្លី (SRBM) ពីរគ្រាប់បន្ថែមទៅសមុទ្រខាងកើត។ នេះបើតាមការបញ្ជាក់របស់យោធាកូរ៉េខាងត្បូង។ ការបាញ់មីស៊ីលនេះ ធ្វើឡើងស្របពេល អាម៉េរិក និងកូរ៉េខាងត្បូង ចាប់ផ្តើមសមយុទ្ធយោធានាគពីរ (Double Dragon)។
elate
អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង (JSC) នៅព្រឹកថ្ងៃទី២៧ ខែមីនា បានអះអាងថា ខ្លួនចាប់បានសញ្ញានៃការបាញ់មីស៊ីលចេញពីតំបន់ Chunghwa ក្នុងខេត្ត North Hwanghae ដោយចាប់ផ្តើមពីម៉ោង ៤ និង៤៧នាទី។ មីស៊ីលពីរគ្រាប់នោះ ហោះបានប្រមាណ ៣៧០គីឡូម៉ែត្រ មុននឹងធ្លាក់ចូលទៅក្នុងសមុទ្រ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap។
ចំណែកជប៉ុន ក៏បានរាយការណ៍ការបាញ់នេះដែរ និងបញ្ជាក់ថា មីស៊ីលទាំងនោះ ធ្លាក់នៅក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ខ្លួន។ បើតាមរដ្ឋាភិបាលជប៉ុន ការបាញ់មីស៊ីលពីរគ្រាប់នេះ មិនបានធ្វើឱ្យខូតខាតទ្រព្យសម្បត្តិណាមួយរបស់ខ្លួននោះទេ។
ការបាញ់មីស៊ីលចុងក្រោយនេះ ធ្វើឡើងអាម៉េរិក និងកូរ៉េខាងត្បូង ចាប់ផ្តើមសមយុទ្ធយោធានាគពីរ (Double Dragon) ដែលជាសមយុទ្ធបញ្ជូនទ័ពឡើងគោក។ សមយុទ្ធនេះ គ្រោងនឹងបញ្ចប់នៅសប្តាហ៍ក្រោយ។
ការបាញ់មីស៊ីលខាងលើ ធ្វើឡើងក្រោយប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយក្រុងព្យុងយ៉ាង បានសាកល្បងដ្រូនវាយប្រហារនុយក្លេអ៊ែរនៅក្រោមទឹក និងបានបាញ់មីស៊ីលប្រដេញដែលពាក់ក្បាលនុយក្លេអ៊ែរសាកល្បង។
សូមបញ្ជាក់ថា ការធ្វើសមយុទ្ធរវាងកូរ៉េខាងត្បូង-អាម៉េរិក និងការបាញ់មីស៊ីលស្ទើរតែឥតដាច់ពីសំណាក់កូរ៉េខាងជើង បានធ្វើឱ្យឧបទ្វីបកូរ៉េកាន់តែមានភាពតានតឹង ហើយធ្វើឱ្យស្ថានការណ៍កាន់តែក្តៅឡើង៕
Tag:
កូរ៉េខាងត្បូង
កូរ៉េខាងជើង
អាម៉េរិក
មីស៊ីល
© រក្សាសិទ្ធិដោយ thmeythmey.com