កីឡាអន្តរជាតិ
អន្តរជាតិ
លោក Conte និង Spurs ចែកផ្លូវគ្នា ក្រោយរកាំរកូសជាមួយកូនក្រុម 
×![]()
ក្រុម Tottenham Hotspur បានសម្រេចចែកផ្លូវជាមួយអ្នកចាត់ការក្រុមលោក Antonio Conte នៅថ្ងៃទី២៦ ខែមីនា។ នេះបើតាមសេចក្តីប្រកាសរបស់ក្លិបរហស្សនាមមាន់ខ្នាយមាស។ ការសម្រេចចិត្តនេះកើតឡើងត្រឹមតែរយៈពេល ៨ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីអ្នកចាត់ការសញ្ជាតិអ៊ីតាលីបង្ហាញកំហឹងចំពោះកូនក្រុមដែលបានត្រឹមស្មើ Southampton នៅក្របខណ្ឌ Premier League បើទោះនាំមុខ២គ្រាប់មុន។
លទ្ធផលស្មើក្នុងការប្រកួតនោះ ក្រុម Spurs នៅតែបន្តស្ថិតនៅចំណាត់ថ្នាក់លេខ ៤ ដដែលនៃតារាង Premier League ដោយឈរពីលើក្រុម Newcastle ដែលស្ថិតនៅចំណាត់ថ្នាក់លេខ៥ តែ ២ពិន្ទុប៉ុណ្ណោះ។ យ៉ាងណា Newcastle នៅសល់ ២ប្រកួតក្នុងដៃមានប្រៀបជាង Spurs ក្នុងការដណ្តើមតំណែង Top4។
បន្ទាប់ពីប្រកួតស្មើលទ្ធផល ៣-៣ លោក Conte ដែលមានកុងត្រាជាមួយក្លិបដល់ខែមិថុនា បានស្តីបន្ទោសកូនក្រុមយ៉ាងខ្លាំង ហើយបានចោទកីឡាករថាអត្មានិយម។
ខណៈដែលក្រុមកំពុងស្ថិតនៅចំណាត់ថ្នាក់លេខ ៤ នៃកំពូលតារាង ប៉ុន្តែកាលពីប៉ុន្មានសប្តាហ៍មុនក្រុមរហ័សនាមមាន់ខ្នាយមាសមួយនេះ ត្រូវបានក្រុម MC Milan ទម្លាក់ចេញពី Champions League វគ្គ១៦ក្រុម និងបានធ្លាក់ចេញពី FA Cup ក្រោមថ្វីជើងក្រុមនៅលីគទីពីរ Sheffield United។
យ៉ាងណា មកដល់ពីនេះលោក Conte ដែលទទួលបានតំណែងដឹកនាំ Spurs កាលពីខែវិច្ឆិកា ឆ្នាំ ២០២១ ត្រូវបានក្លិបប្រកាសចែកផ្លូវ បន្ទាប់ពីមានរឿងហេតុផ្ទៃក្នុងក្រុម។
«យើងអាចប្រកាសថាគ្រូបង្វឹកលោក Antonio Conte បានចាកចេញពីក្លិបដោយការព្រមព្រៀងគ្នា។ យើងទទួលបានការប្រកួត Champions League ក្រោមការដឹកនាំរបស់ Conte នៅរដូវកាលដំបូងជាមួយក្លិប ហើយយើងពិតជាអរគុណ Conte សម្រាប់ការលះបង់របស់គាត់ យើងជូនពរគាត់សម្រាប់អនាគតល្អប្រសើរ។»។ នេះបើតាមសម្តីប្រធានក្លិបលោក Daniel Levy បាននិយាយក្នុងសេចក្តីថ្លែងការណ៍។
បន្ទាប់ពី Conte ចាកចេញលោក Cristian Stellini ដែលជាគ្រូជំនួយនឹងចូលដឹកនាំក្រុមបណ្តោះអាសន្នជំនួសអ្នកចាត់ការសញ្ជាតិអ៊ីតាលី។ លោក Ryan Mason ក៏នឹងក្លាយជាគ្រូជំនួយបន្ទាប់ពីគ្រូបង្វឹកថ្មីដែលទើបតែងតាំងនេះវិញផងដែរ។
ក្រោយការធ្លាក់ចេញពី Champions League វាហាក់បីដូចជាការបញ្ចប់ក្តីសង្ឃឹមតាមប្រម៉ាញ់ពានរង្វាន់លើកដំបូងសម្រាប់ Spurs អ៊ីចឹង បន្ទាប់ពីខកខានឈ្នះពានរង្វាន់នានា រយៈពេលជាង ១៥ឆ្នាំមកនេះ។ Spurs កំពុងតែបន្តរង់ចាំការឈ្នះពានរង្វាន់លើកដំបូង បន្ទាប់ពីឈ្នះ League Cup លើកចុងក្រោយបង្អស់ក្នុងឆ្នាំ ២០០៨៕
Tag:
Tottenham Hotspur
Antonio Conte
© រក្សាសិទ្ធិដោយ thmeythmey.com