កីឡាជាតិ
តារាល្បីៗ
អតីតជម្រើសជាតិបាល់ទាត់ លោក អ៊ុក សារ៉េត ទទួលមរណភាព វ័យ៧៧ឆ្នាំ
27, Mar 2023 , 12:27 pm        
រូបភាព
លោក អ៊ុក សារ៉េត នាពេល​ដឹកនាំបង្វឹកក្លិបសូលទីឡូអង្គរ។ រូបថត CPL
លោក អ៊ុក សារ៉េត នាពេល​ដឹកនាំបង្វឹកក្លិបសូលទីឡូអង្គរ។ រូបថត CPL
អតីតជម្រើសជាតិបាល់ទាត់ លោក អ៊ុក សារ៉េត ទទួលមរណភាព វ័យ៧៧ឆ្នាំ។ លោក អ៊ុក សារ៉េត នៅមិនទាន់សម្រេចគោលបំណងចុងក្រោយ ដែលចង់ឃើញអត្ដពលិកជម្រើសជាតិ ប្រកួតស៊ីហ្គេមលើកទី៣២ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ បន្ទាប់ពីរងចាំឱកាសអស់ ៦៤ឆ្នាំ។



លោកព្រឹទ្ធាចារ្យ អ៊ុក សារ៉េត អ្នកបណ្ដុះសកម្មភាពវិស័យកីឡាបាល់ទាត់កម្ពុជា នៅខេត្តសៀមរាប បានទទួលអនិច្ចកម្ម ក្នុងជន្មាយុ ៧៧ឆ្នាំ កាលពីយប់ម៉ោង៧:៥០នាទី ថ្ងៃទី២៦ ខែមីនា នៅមន្ទីពេទ្យសៀមរាប។ លោក អ៊ុក ភក្ដ្រា បានប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទ ទាំងអារម្មណ៍កំពុងសោកសង្រេង ថា ឪពុកបង្កើតខ្លួន នៅមិនទាន់សម្រេចអស់គោលបំណង ដែលចង់ឲ្យវិស័យកីឡាបាល់ទាត់កម្ពុជា អភិវឌ្ឍខ្លាំងជាងនេះ។ 
  

រូបរំលែកទុក្ខពីក្លិបសូលទីឡូអង្គរ
 
លោក អ៊ុក សារ៉េត មិនត្រឹមតែជាព្រឹទ្ធាចារ្យ ក្នុងវិស័យកីឡាបាល់ទាត់កម្ពុជាទេ ក៏ហើយជាគ្រូបង្វឹកក្លិបសូលទីឡូអង្គរផងដែរ។ កូនប្រុសទី៣ អតីតជម្រើសជាតិកម្ពុជា នាទសវត្សរ៍៧០ រូបនេះ បាននិយាយថា៖«គាត់ នៅមិនទាន់បានសម្រេច គោលបំណងរបស់ខ្លួនជាច្រើនទៀត ក្នុងវិស័យបាល់ទាត់កម្ពុជា ក្នុងនោះ មានការជួយអភិវឌ្ឍសមត្ថភាពកីឡាករ, យុវជនក្នុងក្លិបសូលទីឡូអង្គរ និងក្រុមយុវជនក្រោម១៨ឆ្នាំ។ ឪពុករបស់ខ្ញុំ មានគោលបំណងចង់បណ្ដុះក្មេង ចាប់ពីអាយុ៨ ឆ្នាំឡើង ប៉ុន្ដែ គាត់មិនទាន់បានបង្វឹក។ វិស័យកីឡាបាល់ទាត់ គាត់ស្រឡាញ់ណាស់ អាយុគាត់ ៧០ជាងហើយ គាត់នៅតែហ្វឹកហាត់។»។
 
លោក អ៊ុក ភក្ដ្រា ក៏បានបន្ដទៀតថា ឪពុករបស់ខ្លួន ជាអតីតកីឡាករ បាល់ទាត់អំឡុងឆ្នាំ ១៩៦០-១៩៧០។ ដូច្នេះ ព្រឹទ្ធាចារ្យរូបនេះ ច្បាស់ជាចង់ឃើញការប្រកួតរបស់អត្ដពលិកកម្ពុជា និងភាពអធិកអធម នៃព្រឹត្តិការណ៍ស៊ីហ្គេម នៅកម្ពុជា។ «ជារឿងគួរឲ្យសោកស្ដាយបំផុតសម្រាប់គាត់ ព្រោះគាត់តែងប្រាប់ខ្ញុំ ថាគាត់ចង់ឃើញ បំផុត គឺស៊ីហ្គេមនៅកម្ពុជា។ គាត់ចង់មើលស៊ីហ្គេម នៅកម្ពុជាណាស់។»។ នេះបើតាមលោក ភក្ត្រា។
 
ក្នុងវិស័យបាល់ទាត់កម្ពុជា លោកព្រឹទ្ធាចារ្យ អ៊ុក សារ៉េត ធ្លាប់ប្រាប់កូនៗ របស់លោក ថា ២៥ប្រទេស ដែលកម្ពុជាធ្លាប់ប្រកួតជាមួយនាអំឡុងឆ្នាំ ១៩៦០-១៩៧០នោះ កម្ពុជាធ្លាប់យកឈ្នះ លើក្រុម​ពីបណ្តា​ប្រទេសជាច្រើន​។ នេះ គឺជាអ្វីដែលលោក អ៊ុក ភក្ដ្រា បានប្រាប់សារព័ត៌មានថ្មីៗ។


ក្រុមជម្រើសជាតិកម្ពុជា នាឆ្នាំ១៩៧០ ក្នុងការប្រកួតជាមួយវៀតណាម រូបពី លោកគ្រូ សម សារ៉ន
 
រៀបរាប់ទាំងអួលដើមកផង ដោយសំឡេងលាយឡំជាមួយការយំខ្សឹកខ្សួលផង លោក អ៊ុក ភក្ដ្រា បានប្រាប់ពីអាការជំងឺខ្លះៗរបស់លោកព្រឹទ្ធាចារ្យ សារ៉េត ថា ក្នុងវ័យ៧៧ឆ្នាំនេះ ឪពុកខ្លួន មានជំងឺថ្លើមប្រភេទ C ហើយបានធ្លាក់ឈឺធ្ងន់រយៈពេល៣ ខែចុងក្រោយនេះ ដោយសារការប្រើប្រាស់ថ្នាំ ព្យបាលជម្ងឺប្រចាំកាយផ្សេងទៀត ដែលបណ្ដាលធ្វើឲ្យប៉ះពាល់ ដល់ថ្លើម និងតម្រងនោម។ «យើង មិននឹកស្មានថាគាត់មានជំងឺប្រចាំកាយបែបហ្នឹង។ កាលពីកន្លងមកគាត់ធ្លាប់មើលថ្លើមដែរ។ ប៉ុន្ដែ យើង មិនបានចាប់ភ្លឹក ក្រោយមកគាត់មានជំងឺផ្សេងទៀត ហើយយើងប្រើថ្នាំ ទៅធ្វើឲ្យប៉ះពាល់ដល់ ជំងឺថ្លើមគាត់ និងតម្រង់នោម។»។ កូនប្រុសរូបនេះ បានប្រាប់ដូច្នេះ។
 
ជាមួយនិងទុក្ខក្រៀមក្រំនេះ អ្នកគាំទ្របាល់ទាត់ រួមទាំងកូនសិស្ស ដែលជាកីឡាបាល់ទាត់ បានសម្ដែងការសោកសៅយ៉ាងខ្លាំង។ លោក ទៀត ទីនី អតីតកីឡាករក្លិបព្រះខ័នរាជ ស្វាយរៀង បានបង្ហោះលើហ្វេសបុកថា៖«ជាគ្រូដ៏ល្អរបស់ខ្ញុំអើយ ! ខ្ញុំស្គាល់ទឹកដីភ្នំពេញនិងបាល់ទាត់ដំបូង គឺជាលោកគ្រូដែលនាំខ្ញុំមកដល់ពេលនេះ ។ ពេលនេះលោកគ្រូបានលាកូនសិស្សរហូតហើយ ទោះជាយ៉ាងណាកូនសិស្សម្នាក់នេះ មិនដែលភ្លេចលោកគ្រូនឹងចង់ចាំលោកគ្រូជានិច្ច។ សូមវិញាណក្ខន្ធលោកគ្រូទៅឲ្យបានដល់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។»។
 
គួរបញ្ជាក់ថា ព្រឹទ្ធាចារ្យ អ៊ុក សារ៉េត ទទួលអនិច្ចកម្ម នៅមន្ទីពេទ្យសៀមរាប ដោយបានបន្សល់ទុកនៅកូន៤នាក់ ក្នុងនោះប្រុស៣ និងស្រី១៕
 
 

Tag:
 បាល់ទាត់
  អ៊ុក សារ៉េត
© រក្សាសិទ្ធិដោយ thmeythmey.com