ជាតិ
សម្ដេច ហ៊ុន សែន ស្នើឱ្យម៉ាឡេស៊ី គាំទ្រដល់គម្រោងពាណិជ្ជកម្មថាមពលបៃតងកម្ពុជា និងសិង្ហបុរី
27, Mar 2023 , 3:41 pm        
រូបភាព
លោក ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម ជួបសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នាវិមានសន្តិភាព នាថ្ងៃទី២៧ មីនា ២០២៣ ក្នុងដំណើរទស្សនាការនៅកម្ពុជា។ ក្នុងដំណើរទស្សនាកិច្ចនេះ ភាគីទាំងពីរ ក៏បានចុះហត្ថលេខាលើឯកសារចំនួន២ទៀតផង។
លោក ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម ជួបសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នាវិមានសន្តិភាព នាថ្ងៃទី២៧ មីនា ២០២៣ ក្នុងដំណើរទស្សនាការនៅកម្ពុជា។ ក្នុងដំណើរទស្សនាកិច្ចនេះ ភាគីទាំងពីរ ក៏បានចុះហត្ថលេខាលើឯកសារចំនួន២ទៀតផង។
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម (Anwar bin Ibrahim) ជួយគាំទ្រដល់ការស្ថាបនាខ្សែកាបអគ្គិសនីតាមបាតសមុទ្រ នៃគម្រោងពាណិជ្ជកម្មថាមពលបៃតងរវាងកម្ពុជា-សិង្ហបុរី។



សម្ដេច ហ៊ុន សែន ស្នើទៅកាន់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បែបនេះ ដោយសារតែការស្ថាបនាខ្សែកាបអគ្គិសនីតាមបាតសមុទ្រ ត្រូវឆ្លងកាត់ដែនសមុទ្រម៉ាឡេស៊ី ។
 
ក្រោយជំនួបទ្វេភាគីនេះ នាយករដ្ឋមន្ត្រីទាំងពីរ បានធ្វើសន្និសីទសារព័ត៌មានរួមគ្នា នៅវិមានសន្តិភាព ដោយសម្ដេច ហ៊ុន សែន ថ្លែងថា៖« ក្នុងវិស័យថាមពល ខ្ញុំបានស្នើដល់ឯកឧត្តមនាយករដ្ឋមន្ត្រីផ្តល់ការគាំទ្រ ដល់ការស្ថាបនាខ្សែកាបអគ្គិសនីតាមបាតសមុទ្រ ដែលត្រូវឆ្លងកាត់ដែនសមុទ្រប្រទេសម៉ាឡេស៉ី សម្រាប់គម្រោងពាណិជ្ជកម្មថាមពលបៃតងរវាងកម្ពុជា-សិង្ហបុរី»។ 
 
នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀនឡុង ក៏បានលើកបញ្ហានេះ ពិភាក្សាជាមួយជាមួយនាយករដ្ឋមន្រ្តីម៉ាឡេស៊ី អាន់វ៉ា ដែរ។ នេះបើតាមសម្ដេច ហ៊ុន សែន ។
 
ជុំវិញបញ្ហានេះ លោក អាន់វ៉ា បានថ្លែងក្នុងសន្និសីទដដែលថា ម៉ាឡេស៊ីនឹងជួយសម្របសម្រួលករណីដល់កម្ពុជា និងសិង្ហបុរី។
 
កាលពីថ្ងៃទី១៥ មីនា ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group) របស់អ្នកឧកញ៉ា គិត ម៉េង បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនថាមពល Keppel Energy Pte Ltd (KE)របស់សិង្ហបុរី ដើម្បីលក់ និងនាំចេញថាមពលអគ្គិសនីកកើតឡើងវិញ ចំនួន១០០០មេហ្គាវ៉ាត់ ពីប្រទេសកម្ពុជាទៅកាន់សិង្ហបុរី។
 
ក្រសួងរ៉ែ និងថាមពលកម្ពុជា ចាត់ទុកគម្រោងនេះ ជាប្រវត្តិសាស្ត្រថ្មីមួយទៀត សម្រាប់កម្ពុជា​ និងសិង្ហបុរីរួមគ្នាអភិវឌ្ឍន៍វិស័យថាមពលអគ្គិសនី និងត្រៀមបោះជំហានឆ្ពោះទៅរកចក្ខុវិស័យនៃការតភ្ជាប់បណ្តាញអគ្គិសនីអាស៊ាន និងលើកកម្ពស់សន្តិសុខ​ និងចីរភាពថាមពលក្នុងតំបន់។
 
ក្រសួងបន្ថែមថា កិច្ចព្រមព្រៀងនេះ គឺជាផ្នែកមួយក្រោមក្របខណ្ឌនៃអនុស្សារណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការថាមពលកម្ពុជា-សិង្ហបុរី ។ បើតាមក្រសួងដដែល គម្រោងពាណិជ្ជកម្មថាមពលខ្នាតធំដំបូងរវាងភាគីទាំងពីរនេះ មានលក្ខណៈជាយុទ្ធសាស្ត្រ ដើម្បីគាំទ្រដល់ការធ្វើពាណិជ្ជកម្ម និងសមាហរណកម្មលើវិស័យថាមពលអគ្គិសនី រវាងរដ្ឋសមាជិកអាស៊ាន និងស្របតាមផែនការមេតភ្ជាប់សហគមន៍អាស៊ាន២០២៥។ 
 
ជាជំហានដំបូង ក្រុមហ៊ុនទាំងពីរ នឹងសិក្សាសមិទ្ធិលទ្ធភាពពេញលេញ និងប្រមូលទិន្នន័យដែនសមុទ្រលើទីតាំងជាក់ស្តែង នៅក្នុងភូមិសាស្ត្រដែនទឹក និងតំបន់សេដ្ឋកិច្ចផ្តាច់មុខកម្ពុជានៃគម្រោងខ្សែកាបកប់តាមបាតសមុទ្រ ដោយការងារនេះនឹងត្រូវចាប់ផ្តើមក្នុងអំឡុងខែមីនានេះ រហូតដល់ដំណាច់ឆ្នាំ២០២៣ ខាងមុខ។ នេះបើតាមក្រសួងរ៉ែ និងថាមពល។
 
ជាមួយគ្នានេះ ប្រទេសទាំងពីរ បន្តបេ្តជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងភាពជាដៃគូ​ និងបើកលំហូរវិនិយោគឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត ដើម្បីឆ្ពោះទៅរកអព្យាក្រឹត្យកាបូននាពេលអនាគត និងការពង្រឹងសន្តិសុខថាមពល និងការកាត់បន្ថយកាបូនឱ្យបានដូចគ្នាក្នុងពេលតែមួយ ៕
 

Tag:
 ហ៊ុន សែន
  នយោបាយ
  សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com