កីឡាអន្តរជាតិ
អន្តរជាតិ
រុស្ស៊ីឈ្នះអ៊ីរ៉ាក់ ២-0! ជាការប្រកួតអន្តរជាតិក្នុងទឹកដីរុស្ស៊ីលើកដំបូង ចាប់តាំងលុកលុយអ៊ុយក្រែន 
×![]()
ក្រុមបាល់ទាត់ជម្រើសជាតិបុរសរុស្ស៊ី ឈ្នះការប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមភ្ញៀវអ៊ីរ៉ាក់ក្នុងទីក្រុង St Peterburg ដោយលទ្ធផល ២-០ ។ កីឡាករ Anton Miranchuk និង Sergei Pinyaev ស៊ុតម្នាក់ ១គ្រាប់ជួយរុស្ស៊ីយកឈ្នះការប្រកួត។
សម្រាប់ជ័យជម្នះនេះ ជាការប្រកួតអន្តរជាតិដំបូងបង្អស់សម្រាប់រុស្ស៊ី បន្ទាប់ពីត្រូវបានហាមឃាត់ប្រកួតនានា ក្រោយពេលប្រទេសមួយនេះ បានចូលលុកលុយប្រទេសអ៊ុយក្រែន តាំងពីឆ្នាំមុនមក។
រុស្ស៊ីត្រូវបានសហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) និងសហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) ហាមឃាត់មិនឱ្យចូលរួមប្រកួតព្រឹត្តិការណ៍បាល់ទាត់អន្តរជាតិនានា មិនថាក្រុមជម្រើសជាតិកម្រិតណា និងក្លិបទាំងអស់ផងដែរ។
ក្រោយត្រូវបាន UEFA ហាមឃាត់ពីការប្រកួត សហព័ន្ធបាល់ទាត់រុស្ស៊ី (RFU) ធ្លាប់បានបង្ហាញបំណងងាកទៅកាន់ការប្រកួតក្នុងពានរង្វាន់ទ្វីបអាស៊ី របស់សហព័ន្ធបាល់ទាត់អាស៊ី (AFC) វិញ ប៉ុន្តែ RFU បានសម្រេចចិត្តទម្លាក់ចោលវិញ។
កីឡដ្ឋាន Gazprom Arena របស់ក្លិប Zenit St Peterburg កាលពីឆ្នាំមុន គឺជាទីតាំងត្រូវរៀបចំការប្រកួតពានរង្វាន់ Champions League វគ្គផ្តាច់ព្រ័ត្រ ប៉ុន្តែ UEFA បានសម្រេចផ្លាស់ប្តូរទីតាំងទៅកាន់ប្រទេសបារាំងវិញ ក្រោយរុស្ស៊ីវាយលុកចូលអ៊ុយក្រែន។
ចាប់តាំងពីការលុកលុយអ៊ុយក្រែនមក ក្រុមបាល់ទាត់បុរសរុស្ស៊ីបានលេងក្នុងការប្រកួតមិត្តភាពចំនួន ៤លើករួចមកហើយ ប៉ុន្តែសុទ្ធសឹងតែការប្រកួតក្រៅទឹកដី ។ ការប្រកួតកាលពីខែកញ្ញាឆ្នាំ ២០២២ រុស្ស៊ីបានប្រកួតយកឈ្នះ កៀហ្ស៊ីស៊ីស្ថាន ២-១ មុនពេលស្មើ តាហ្ស៊ីគឺស្ថាន, អ៊ូសបេគីស្ថាន និងអ៊ីរ៉ង់។
ចំណែកក្រុមបាល់ទាត់នារីរុស្ស៊ីវិញ ចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២២ មកដល់ពេលនេះ ពួកគេក៏មានដែលស្គាល់រស់ជាតិការប្រកួតក្នុងទឹកដីម្តងណាឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com