FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
U20 World Cup៖ FIFA ពន្យារពេលចាប់ឆ្នោតរើសពូលនៅកោះបាលី ចំពេលអ្នកគាំទ្រឥណ្ឌូណេស៊ីតវ៉ាមិនឱ្យអ៊ីស្រាអែលចូលរួម
27, Mar 2023 , 5:59 pm        
រូបភាព
កម្មវិធីចាប់ឆ្នោតរើសពូលការប្រកួតពានរង្វាន់កីឡាបាល់ទាត់ FIFA World Cup ក្រោមអាយុ២០ឆ្នាំ ដែលនឹងធ្វើឡើងនៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី សប្តាហ៍ក្រោយត្រូវពន្យារពេល ក្រោយមានការតវ៉ាពីអ្នកគាំទ្រឥណ្ឌូណេស៊ី ដោយសារវត្តមានរបស់ក្រុមអ៊ីស្រាអែល។ បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters រដ្ឋបាលកោះបាលីក៏បដិសេធមិនទទួលក្រុមអ៊ីស្រាអែលឱ្យចូលប្រកួតដែរ។



បើតាមសហព័ន្ធបាល់ទាត់ឥណ្ឌូណេស៊ី (PSSI) ការចាប់ឆ្នោតរើសពូល នឹងត្រូវធ្វើឡើងតាមកាលបរិច្ឆេទនៅថ្ងៃទី២៤ មីនា ប៉ុន្តែត្រូវបានលុបចោលវិញ។ មូលហេតុនៃការលុបចោល និងលើកពេល ព្រោះតែសហព័ន្ធបាល់ទាត់អន្តរជាតិ ​(FIFA) នៅត្រួតពិនិត្យលើការត្រៀមខ្លួនរបស់ម្ចាស់ផ្ទះឥណ្ឌូណេស៊ីឡើងវិញ ដ្បិតមានរឿងចម្រូងចម្រាសរវាងម្ចាស់ផ្ទះ និងក្រុមអ៊ីស្រាអែល។
 
ក្រុម U-22 អ៊ីស្រាអែល ជាក្រុមស្ថិតក្នុងចំណោមក្រុមទាំង២៤ ត្រូវប្រកួតក្នុងព្រឹត្តិការណ៍ ​U20 World Cup ដែលធ្វើឡើងចាប់ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣។ ​ការប្រកួតនឹងធ្វើឡើងក្នុងទីក្រុងចំនួន៦ ក្នុងប្រទេសឥណ្ឌូណេស៊ី ស្របពេលអ៊ីស្រាអែលនឹងត្រូវបង្ហាញខ្លួនលើកដំបូងក្នុងការប្រកួតនេះដែរ។
 
បើតាមរបាយការណ៍របស់កាសែត Jakarta Post កាលពីដើមខែមីនា រដ្ឋបាលកោះបាលី លោក Wayan Koster បានសរសេរសំណើរទៅកាន់ក្រសួងយុវជន និងកីឡា ទាមទារអនុម័តគោលការណ៍ហាមប្រាមក្រុមអ៊ីស្រាអែលមិនឱ្យចូលមកប្រកួតនៅក្នុងកោះបាលីឡើយ។ ការទាមទារនេះក៏ព្រោះតែមូលហេតុ​ ជម្លោះរវាងអ៊ីស្រាអែលជាមួយប៉ាឡេស្ទីន។ សំណើរពីសំណាក់រដ្ឋបាលកោះបាលីនេះ ក៏បានផ្ញើទៅកាន់ PSSI ដូចគ្នាដែរ។
 
«កាលពីមុនមក រដ្ឋបាលកោះបាលីលោក Wayan Koster បានបដិសេធចំពោះវត្តមានក្រុមអ៊ីស្រាអែលអាយុក្រោម ២០ឆ្នាំ ក្នុងការប្រកួត ​World Cup នេះ។ នេះអាចជាហេតុផលសម្រាប់ FIFA ដែលលុបចោលការចាប់ឆ្នោតការប្រកួត U20 World Cup នេះ។»។ PSSI បាននិយាយក្នុងសេចក្តីថ្លែងការណ៍បែបនេះ។
 
បើតាម PSSI បានបញ្ជាក់ថា សម្រាប់ FIFA ការបដិសេធរបស់អភិបាលខេត្ត គឺដូចគ្នាទៅនឹងការលុបចោលការធានារៀបចំកម្មវិធីដែលត្រូវបានចេញដោយរដ្ឋបាលខេត្តបាលីអ៊ីចឹងដែរ។
 
ការតវ៉ានេះមិនត្រឹមតែធ្ចើឡើយដោយគណៈគ្រប់គ្រងខេត្តបាលីប៉ុណ្ណោះទេ។ កាលពីដើមខែមីនា ក្រុមបាតុករបានប្រមូលផ្តុំគ្នាក្នុងទីក្រុងហ្សាការតា លើកទង់ជាតិឥណ្ឌូណេស៊ី និងទង់ប៉ាឡេស្ទីន ខណៈទាមទារមិនឱ្យអ៊ីស្រាអែលចូលរួមការប្រកួតនៅទឹកដីខ្លួន។
 
ទោះបីជាយ៉ាងណា PSSI មានការព្រួយបារម្ភចំពោះបញ្ហានៃការតវ៉ា ខណៈខ្លួនមិនចង់ឱ្យបាត់បង់ឱកាសសិទ្ធិធ្វើជាម្ចាស់ផ្ទះពេលបច្ចុប្បន្ន និងអនាគត ហើយនេះ ក៏​នឹងប៉ះពាល់ដល់អនាគតវិស័យបាល់ទាត់ឥណ្ឌូណេស៊ីផងដែរ។
 
ប្រទេសឥណ្ឌូណេស៊ីក៏កំពុងតែព្យាយាមកសាងឡើងវិញនូវកេរ្តិ៍ឈ្មោះ បន្ទាប់ពីហេតុការណ៍រត់ជាន់គ្នាក្នុងកីឡដ្ឋានកាលពីឆ្នាំមុន ដែលបណ្តាលឱ្យមានមនុស្សស្លាប់ប្រមាណ ១៣៥នាក់ នាខេត្តជ្វាខាងកើត៕
 
 

Tag:
 World Cup
© រក្សាសិទ្ធិដោយ thmeythmey.com