កីឡាជាតិ
ជាតិ
ប្រាក់រង្វាន់ពានសម្ដេច ហ៊ុន សែនឆ្នាំ២០២៣៖ ជើងឯកថ្នាក់ជាតិ១៥០លានរៀល ថ្នាក់ខេត្ត២០លានរៀល
28, Mar 2023 , 11:29 am        
រូបភាព
ពានរង្វាន់សម្តេចហ៊ុនសែន។ រូបភាព Hun Sen Cup
ពានរង្វាន់សម្តេចហ៊ុនសែន។ រូបភាព Hun Sen Cup
ការប្រកួតពានរង្វាន់សម្តេច ហ៊ុន សែន រដូវកាល ២០២៣-២៤ បានចាប់ផ្តើមហើយសម្រាប់ថ្នាក់ខេត្ត។ គណៈកម្មការការ​ប្រកួត​កីឡាបា​ល់​ទាត់​ជាតិ​កម្ពុជា (CNCC) បានដំឡើងប្រាក់រង្វាន់លើសរដូវកាលមុ​នៗសម្រាប់ក្រុមជើងឯកថ្នាក់ជាតិ និងថ្នាក់ខេត្ត រួមទាំងកីឡាករល្អ គ្រូល្អ អាជ្ញាកណ្តាលល្អប្រចាំព្រឹត្តិការណ៍ និងអ្នកស៊ុតចូលទីច្រើនជាងគេជាដើម។


នាសិក្ខាសាលាផ្សព្វផ្សាយការប្រកួតសម្តេច ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣ នៅថ្ងៃទី២៧ ខែមីនា CNCC បានប្រកាសជំនួនទឹកប្រាក់សរុប៤០២លានរៀល សម្រាប់ចាយលើការផ្តល់ប្រាក់រង្វាន់នានា ទាំងថ្នាក់ជាតិ និងថ្នាក់ខេត្ត ពោលលើសរដូវកាលមុនដល់ទៅ ១១៥លានរៀល។



កាលពីរដូវកាល២០២២ ប្រាក់រង្វាន់ថ្នាក់ជាតិ និងថ្នាក់ខេត្តចំណាយសរុបអស់ ២៨៧,៣លានរៀល។ ប្រាក់ទាំងនេះត្រូវចំណាយលើក្រុមជើងឯក ជើងឯករង លេខ៣ កីឡាករស៊ុតចូលទីច្រើនជាងគេ អ្នកចាំទីល្អជាងគេ ក្រុមអាជ្ញាកណ្តាលល្អជាងគេ គ្រូល្អជាងគេ និងក្រុម Fair Play។
 
ម្ចាស់ការពារតំណែងជើងឯកថ្នាក់ខេត្តភ្នំពេញហ្គាឡាក់ស៊ី ទទួលបានប្រាក់រង្វាន់ ១៧លានរៀល ខណៈជើងឯករងឧត្ដរមានជ័យ ៨លាន៥សែនរៀល និងជ័យលាភីលេខ៣ ឬទ្ធិសែន ៦លានរៀល។
 
ជ័យលាភី ស្បែកជើងមាស កីឡាករ អ៊ុង វិសាល ខ្សែប្រយុទ្ធខេត្តស្វាយរៀង និង ស៊ុប អះម៉ាត់ អ្នកចាំទីភ្នំពេញហ្គាឡាក់ស៊ីទទួលបានស្រោមដៃមាស រួមជាមួយលោក ផាន់ ហៃ គ្រូបង្វឹកល្អជាងគេរបស់ភ្នំពេញហ្គាឡាក់ស៊ី ទទួលបានប្រាក់រង្វាន់ ១លាន៦សែបរៀលដូចគ្នា។



ប៉ុន្តែសម្រាប់ប្រាក់រង្វាន់ពានសម្តេច ហ៊ុន សែន លើកទី១៧ ថ្នាក់ខេត្ត ក្រុមជើងឯកនឹងទទួលបាន២០លានរៀល ជើងឯករង១០លានរៀល និងលេខ៣៨លានរៀល។ កីឡាកររកគ្រាប់ច្រើនជាងគេ អ្នកចាំទីល្អជាងគេ និងគ្រូល្អជាងគេ នឹងទទួលបាន២លានរៀលរៀងខ្លួន។ ចំណាយសរុប ៤៤លានរៀល ខណៈរដូវកាលមុនចំណាយអស់៣៦,៣លានរៀល។
 
សម្រាប់ជើងឯកថ្នាក់ជាតិឆ្នាំ២០២៣​ នឹងទទួលបានប្រាក់រង្វាន់១៥០លានរៀល ជើងឯករង១០០លានរៀល និងលេខបី ៧០លានរៀល។ ក្រុមអាជ្ញាកណ្តាលល្អទទួលបាន៨លានរៀល ក្រុម Fair Play ទទួលបាន១០លានរៀល កីឡាករស៊ុតចូលទីច្រើនជាងគេ អ្នកចាំទីល្អជាងគេ និងគ្រូល្អជាងគេទទួលបាន ៥លានរៀលដូចគ្នា។ ចំណាយសរុប ៣៥៨លានរៀល លើសរដូវកាលមុខដែលចំណាយអស់២៥១លានរៀល។
 
ដោយឡែក រាល់ការប្រកួតនីមួយៗទាំងថ្នាក់ជាតិ និងថ្នាក់ខេត្ត ក្រុមម្ចាស់ផ្ទះនឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន២លាន៤សែនរៀលក្នុងមួយក្រុម និងក្រុមភ្ញៀវទទួលបាន២លាន២សែនរៀលក្នុងមួយក្រុមៗ៕
 

Tag:
 ពានសម្ដេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com