កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ប្រធានសហព័ន្ធវ៉ូវីណាមពិភពលោកសរសើរភាពរីកចំរើនវិស័យកីឡានៅកម្ពុជា
28, Mar 2023 , 5:29 pm        
រូបភាព
ការប្រកួតវិញ្ញាសាមេគុនសម្តែងក្រុម បុរស៣ នារី១ គ្មានអាវុធ។
ការប្រកួតវិញ្ញាសាមេគុនសម្តែងក្រុម បុរស៣ នារី១ គ្មានអាវុធ។
ដោយ:
លោក ទីន ហូម៉ៃ(Tin Huu Mai) ប្រធានសហព័ន្ធកីឡាវ៉ូវីណាមពិភពលោកកោតសរសើរភាពរីកចំរើនវិស័យកីឡានៅប្រទេសកម្ពុជា ជាពិសេសអត្តពលិកកម្ពុជា កាន់តែកើនឡើង និងសំបូរធនធានមានសមត្ថភាព ដែលជាស្ពានឆ្ពោះទៅស៊ីហ្គេម២០២៣ ខាងមុខ។

 
នាពិធីបើកការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី៦ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា ថ្ងៃទី២៧ ខែមីនា ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រធានសហព័ន្ធកីឡាវ៉ូវីណាមពិភពលោកលើកឡើងថា ការរីកចំរើនរបស់កម្ពុជា ជាអ្វីដែលស្ថានភាពកីឡាកាន់តែដើរទៅមុខ។
 
លោក Tin Huu Mai និយាយថា៖«កាលពីឆ្នាំ២០១៩ ខ្ញុំបានមកកម្ពុជាមួយលើកដែរ តែមកលើកនេះខ្ញុំឃើញថាសំណង់អគារខ្ពស់ៗ ធំៗ ប្លែកឆ្ងាយណាស់នៅទីក្រុងភ្នំពេញនេះ។ អម្បាញ់មិញខ្ញុំទស្សនាការសម្តែងរបស់អត្តពលិកកម្ពុជា ល្អៗណាស់»។ ប្រធានសហព័ន្ធវ៉ូវីណាមពិភពលោកសញ្ជាតិវៀតណាមរូបនេះ បន្ថែមថា ការរីកចំរើននេះសង្ឃឹមថាព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមនៅកម្ពុជា ឆ្នាំ២០២៣ នឹងឃើញកម្ពុជាទទួលបានលទ្ធផលល្អ។
 
ប្រធានសហព័ន្ធវ៉ូវីណាមពិភពលោក បន្តថា៖«ស៊ីហ្គេមនៅកម្ពុជាខ្ញុំនឹងមកទីនេះម្តងទៀត ហើយខ្ញុំសង្ឃឹមថាអត្តពលិកវ៉ូវីណាមកម្ពុជាទទួលបានលទ្ធផលគាប់ប្រសើរ»។ ជាមួយគ្នានោះដែរលោក Tin Huu Mai ក៏បានលើកសរសើរចំពោះការរៀបចំរបស់គណៈកម្មការ ក៏ដូចជាមន្រ្តីសហព័ន្ធវ៉ូវីណាមកម្ពុជាផងដែរ ដែលប្រឹងប្រែងប្រារព្ធពិធីបានយ៉ាងល្អ។
 
គួបញ្ជាក់ថា ការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកលើកទី៦ នៅកម្ពុជា មានប្រទេសចំនួន៧ចូលរួមក្នុងនោះរួមមាន កម្ពុជា ម្ចាស់ផ្ទះ និងមានភ្ញៀវ ឡាវ, ថៃ, វៀតណាម, ឥណ្ឌូណេស៊ី, មីយ៉ាន់ម៉ា, និងហ្វីលីពីន និងមានអត្តពលិកចូលរួមសរុប ២០២នាក់ ក្នុងនោះមានកីឡាការិនី៥០នាក់ លេងលើ៣០វិញ្ញាសា ដោយវិញ្ញាសាមេគុនសម្តែង២២ និងវិញ្ញាសាប្រយុទ្ធ៨៕
 

Tag:
 កីឡាវ៉ូវីណាម
 Tin Huu Mai
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com