ជាតិ
អត្ថបទពាណិជ្ជកម្ម
សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ធ្វើជាម្ចាស់ផ្ទះរៀបចំកម្មវិធីការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃការជជែកដេញដោយបៃតង ស្តីពីចីរភាព
28, Mar 2023 , 5:19 pm        
រូបភាព
កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ចបានធ្វើជាម្ចាស់ផ្ទះ​ ស្វាគមន៍ការរៀបចំការប្រកួតវគ្គផ្តាច់ព្រ័ត្រ នៃការប្រកួតជជែកដេញដោលបៃតង​ សម្រាប់រដូវកាលទី២។ ការប្រកួតនេះ ទទួលបានការឧបត្ថម្ភពីកម្មវិធី Erasmus+ program នៃសហគមន៍អឺរ៉ុប និងរួមសហការណ៍ជាមួយនឹងសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច(ស.វ.ភ.ន.ស), សាកលវិទ្យាល័យជាតិបាត់ដំបង (NUBB), សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) និងវិទ្យាស្ថានបច្ចេកវិទ្យានៃកម្ពុជា(ITC)។



កម្មវិធីប្រកួតប្រជែងនេះ ជាផ្នែកមួយផងដែរនៃគម្រោងរបស់សហគមន៍អឺរ៉ុបប្រចាំនៅកម្ពុជា ដែលហៅកាត់ថា Greencap ដោយគម្រោងនេះមានគោលដៅចំនួន៤ សំខាន់ៗរួមមាន៖
  • បញ្ជ្រាបចូលការថែរក្សាបរិស្ថានប្រកបទៅដោយចីរភាពទៅកាន់ គ្រឹះស្ថានឧត្តមសិក្សាសាធារណៈ
  • សម្របសម្រួលវប្បធម៌នៃការផ្លាស់ប្តូរយោបល់រវាងម្ចាស់ភាគហ៊ុននៅក្នុងវិស័យឯកជន និងបណ្តាសាកលវិទ្យាល័យសាធារណៈ
  • បណ្តុះបណ្តាលនិស្សិតក្មេងៗសម្រាប់ឱកាសការងារនៅក្នុងវិស័យការងារបៃតង
  • សម្របសម្រួលការផ្លាស់ប្តូររវា​ងបណ្តាសាកលវិទ្យាល័យនៅអឺរ៉ុប (Vigo, Nantes, South Denmark) និងបណ្តាលសាកលវិទ្យាល័យនៅកម្ពុជា (ស.វ.ភ.ន.ស, NUM, ITC និង NUBB)
ការប្រកួតនេះឆ្លងកាត់ចេញពីការប្រកួតទាំងអស់ចំនួន៤២ក្រុម​ ដែលចុងក្រោយមានតែ៤ក្រុមប៉ុណ្ណោះ ត្រូវបន្តប្រកួតសម្រាប់វគ្គចុងក្រោយ។
 
ការប្រកួតជជែកដេញដោលវគ្គផ្តាច់ព្រ័ត្រនេះ មានការប្រកួតចំនួន២ កម្រិត។ ទីមួយ គឺជាការប្រកួតកម្រិតបរិញ្ញាបត្រ រវាងក្រុមដែលមានឈ្មោះថា Orcas ពីស.វ.ភ.ន.ស និងក្រុមដែលមានឈ្មោះថា Green Earth ដែលមកពីសាកលវិទ្យាល័យជាតិបាត់ដំបង លើប្រធានបទ ដែលមានចំណងជើងថា៖ តើប្រទេសកម្ពុជាគួរតែដាក់បទដ្ឋានយកពន្ធលើការសាយភាយនៃឧស័្មនកាបូនិកដែរឬទេ? ដោយឡែកទីពីរ គឺជាការប្រកួតកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ រវាងក្រុមដែលមានឈ្មោះថា Ginkgo   ពីស.វ.ភ.ន.ស និងក្រុមដែលមានឈ្មោះថា​ ITC GREEN មកពីវិទ្យាស្ថានបច្ចេកវិទ្យានៃកម្ពុជា លើប្រធានបទដែលមានចំណងជើងថា៖ តើគេអាចជឿជាក់បានដែរឬទេ ពីការផ្សព្វផ្សាយព័ត៌មានពីការផ្លាស់ប្តូរអាកាសធាតុតាមរយៈបណ្តាញសង្គម?
  


ការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះ ក្រុមនិស្សិតទទួលបានការកាត់សេចក្តីពីគណៈកម្មការកត្តិយសដូចខាងក្រោមនេះ៖
  • ឯកឧត្តម ស៊ុម សុខម្ភូ អនុរដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ និងជាស្ថាបនិក​ ព្រមទាំងជាអគ្គនាយកនៃក្រុមហ៊ុនចំនួន២ រួមមាន៖ ក្រុមហ៊ុនសាស្ទីណាភ៍ ហ្រ្គីន ឯ.ក. (SUSTINAT GREEN CO,.LTD) ដែលគេស្គាល់ថា ជាអ្នកដឹកនាំក្រុមហ៊ុននាំមុខគេលំដាប់លេខ២ លើការផ្តល់សេវាប្រឹក្សាវិស័យបរិស្ថាន សង្គម និងផលប៉ះពាល់លើសុខភាព និងក្រុមហ៊ុនធុរវឌ្ឍន៍(THURAWADH CO,.LTD) ដែលឯកឧត្តម មានតួនាទីជាអ្នកផ្តល់ប្រឹក្សា សម្រាប់រដ្ឋបាលសាលារាជធានីភ្នំពេញ លើគម្រោងយុទ្ធសាស្ត្រប្រែក្លាយរាជធានីភ្នំពេញ ជាទីក្រុងវៃឆ្លាតនិងចីរភាព ចាប់ពីឆ្នាំ២០២២-២០៣៥។
  • ឯកឧត្តម សុក ឬទ្ធិចាក់ សមាជិកខុទ្ទកាល័យរបស់ឯកឧត្តម សាយ សំអាល់ ក្រសួងបរិស្ថាន និងជាអ្នកស្រាវជ្រាវជាន់ខ្ពស់របស់សមាគមសាលាត្រាជូ។
  • កញ្ញា នួន មូនីកា មានតួនាទីជានាយកកម្មវិធី ទទួលបន្ទុកលើគម្រោងចីរភាពបរិស្ថានប្រចាំ Konrad Adenauer Stiftung Cambodia និងជាអ្នកសម្របសម្រួលនៃកម្មវិធី Waste Summit Cambodia។


ក្រោយការប្រកួតបានបញ្ចប់ ក្រុមនិស្សិតទាំង២របស់ ស.វ.ភ.ន.ស បានទទួលជ័យជម្នះលើការប្រកួតនេះ។ 
 
ឆ្លៀតក្នុងឱកាសនេះគម្រោង Greencap សូមធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមចំណែកទ្រទ្រង់កម្មវិធីមួយនេះ ទាំងនិស្សិត និងគណៈកម្មការ និង Decathlon Cambodia ដែលបានឧបត្ថម្ភកម្មវិធីនេះផងដែរ។តាំងនាមជាអ្នកដឹកនាំកម្មវិធី យើងខ្ញុំសូមសំដែងនូវការអបអរចំពោះការជោគជ័យមួយនេះ ដែលកើតចេញពីការខិតខំប្រឹងប្រែង និងជំនាញវោហាសាស្ត្ររបស់ពួកគេ ហើយយើងខ្ញុំសូមសំដែងនូវការអបអរផងដែរចំពោះក្រុមទាំងពីរផ្សេងទៀត ថ្វីត្បិតតែមិនទទួលបានជ័យជំនះ​​ ប៉ុន្តែពួកគេពិតជាបានបង្ហាញនូវភាពឆ្លាតវៃក្នុងការឆ្លើយតប ទៅកាន់ដៃគូរមួយទៀតដែរ។ 
 
សម្រាប់ព័ត៌មានផ្សេងៗទៀតដែលទាក់ទងនឹងគម្រោង Greencap ក៏អាចស្វែងរកបានផងដែរទៅកាន់គេហទំព័រផ្លូវការរបស់គម្រោងនេះ
តាមរយៈអាស័យដ្ឋាន៖ https://greencap-cambodia.eu/
 








© រក្សាសិទ្ធិដោយ thmeythmey.com